បទវិភាគ
ថ្នាក់ដឹកនាំ​កំពូល​មិនគួរ​ខ្លាច​ចលនា​បាតុកម្ម​…
12, Feb 2016 , 12:56 pm        
រូបភាព
​ភ្នំពេញ​៖ ជា​ក្រឹត្យក្រម​សត្យានុម័ត មិន​ថា​ថ្នាក់ដឹកនាំ​ប្រទេស ថ្នាក់ដឹកនាំ​ស្ថាប័នឯកជន ឬ​មនុស្ស​ធម្មតា​ទេ ពួកគេ​តែងតែ​ភ័យខ្លាច​នឹង​ចលនា​បាតុកម្ម​ប្រឆាំងនឹង​ខ្លួន​។ ប៉ុន្តែ​គំនិត​ខ្លាចរអា​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​គិតថា គឺជា​ការគិត​មិន​សម​ហេតុ​សម​ផល ពីព្រោះ បាតុកម្ម ឬ​ការសម្តែង​មតិ គឺជា​មូលដ្ឋានគ្រឹះ​មួយ​ក្នុងចំណោម​មូលដ្ឋានគ្រឹះ​ដទៃទៀត​នៃ​សង្គម​ប្រជាធិបតេយ្យ​។



​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ជាពិសេស មុន​ពេលដែល​សម្តេច ហ៊ុន សែន គ្រោង​ធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក នៅ​សហរដ្ឋអាមេរិក​នៅ​ចុង​សប្តាហ៍​នេះ ព័ត៌មាន​បាតុកម្ម​ប្រឆាំង​សម្តេច ហ៊ុន សែន នៅ​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​ត្រៀម​ធ្វើ​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ហើយ​ថា គណបក្ស​ខ្លួន​មិន​ស្ថិតនៅ​ពីក្រោយ​ខ្នង​នៃ​គម្រោង​បាតុកម្ម​ប្រឆាំង​សម្តេច ហ៊ុន សែន នៅ​សហរដ្ឋអាមេរិក​ទេ បើទោះបីជា​មន្ត្រី​ខ្លះ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ភ្ជាប់​ព្រឹត្តិការណ៍​នោះ​ទៅនឹង​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងណាក៏ដោយ​ក្តី​។

​នៅពេល​ដែលមាន​ព័ត៌មាន​បាតុកម្ម​ប្រឆាំង​សម្តេច ហ៊ុន សែន នៅ​សហរដ្ឋអាមេរិក​, នៅឯ​ទីក្រុង​ភ្នំពេញ​ឯណេះ​វិញ ក្រុមគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន​បានប្រកាស​ធ្វើបាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​។ តើ​ថ្នាក់ដឹកនាំ​គួរ​បារម្ភ​ខ្លាំង​នឹង​រឿង​បាតុកម្ម​សម្តែង​មតិ​ហ្នឹង​ដែរឬទេ​?

​អ្នកវិភាគ​ខ្លះ បាន​អត្ថាធិប្បាយ​ថា ប្រសិនបើ​ខ្លួនគេ​ជាស​ម្តេច ហ៊ុន សែន វិញ ពួកគេ​ពិតជា​បណ្តោយ​ឲ្យ​ជនជាតិខ្មែរ​-​អាមេរិកកាំង​នៅ​សហរដ្ឋអាមេរិក​ធ្វើបាតុកម្ម​សម្តែង​មតិ​ហើយ ពីព្រោះ ម្យ៉ាង ចំនួន​អ្នកធ្វើ​បាតុកម្ម​ប៉ុន្មាន​រយ​នាក់​នោះ មិន​តំណាង​ឲ្យ​សំឡេង​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​រាប់ម៉ឺន​សែន​នាក់​នោះទេ​។ ម្យ៉ាងទៀត សម្តេច ហ៊ុន សែន អាច​ទាញ​ប្រយោជន៍ ឬ​ប្រជាប្រិយភាព​បាន​ពី​បាតុកម្ម​នោះ​ទៅវិញ ដោយ​សម្តេច​អាច​និយាយថា សម្តេច​ដឹកនាំ​ប្រទេស​តាមបែប​ប្រជាធិបតេយ្យ ដូច្នេះ ការសម្តែង​មតិ​ជា​សិទ្ធិ​របស់​បងប្អូន​នៅក្រៅ​ប្រទេស ហើយ​ចលនា​បាតុកម្ម​នេះ មិន​តំណាង​ឲ្យ​សំឡេង​ភាគច្រើន​ឡើយ​។

​លើសពីនេះទៅទៀត រូបភាព​បាតុកម្ម​ដោយ​សេរី​ប្រឆាំងនឹង​សម្តេច វារឹតតែ​លើក​តម្លៃ​សម្តេច​បន្ថែមទៀត​ក្នុងន័យ​ថា សម្តេច គឺជា​បុគ្គល​ប្រជាធិបតេយ្យ​-​សេរីនិយម​។ និយាយ​ឲ្យ​ខ្លី គម្រោង​បាតុកម្ម​នេះ មិន​ទាញ​ទម្លាក់​រូបភាព ឬ​ប្រជាប្រិយភាព​សម្តេច​ឡើយ​។ តែបើ​គម្រោង​បាតុកម្ម​ត្រូវបាន​រារាំង ឬ​ត្រូវបាន​តបត​ដោយ​គម្រោង​បាតុកម្ម​ណាមួយ​វិញ​នៅ​ទីក្រុង​ភ្នំពេញ​នោះ ពេលនោះ រូបភាព​សម្តេច ហ៊ុន សែន អាច​ចោទ​ជា​បញ្ហា​។

​នៅក្នុង​ល្បែង​ប្រជា​ប្រជាធិបតេយ្យ វា​តែងតែមាន​សំឡេង​បាតុកម្ម​ជំទាស់ និង​សំឡេង​បាតុកម្ម​ស្រប​។ ប៉ុន្តែ អ្នកនយោបាយ​អាច​យក​ប្រៀប​លើ​គ្នា​បាន​ដោយ​សង្កេត​ទៅលើ​កម្លាំង​នៃ​ចលនា​បាតុកម្ម​ទៅវិញ​ទេ​។ តើ​វា​ជា​សំឡេង​ភាគច្រើន ឬ​ជា​សំឡេង​ភាគតិច​?​។

​ងាក​មក​គម្រោង​បាតុកម្ម​នៅឯ​រាជធានី​ភ្នំពេញ​ឯណេះ​វិញ អ្នកវិភាគ​ដដែល អត្ថាធិប្បាយ​ថា ប្រសិនបើ​ពួកគេ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ពួកគេ​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ដូចគ្នា ហើយ​ហេតុផល​ស្រដៀង​គ្នា​ទៅនឹង​អ្វីដែល​បាន​ពន្យល់​នៅក្នុង​កថាខណ្ឌ​ខាងលើ​ដូចគ្នា​ដែរ មានន័យថា នេះ​គឺជា​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុងការ​សម្តែង​មតិ​។ ប៉ុន្តែ​អ្វីដែល​ត្រូវ​ចៀសវាង គឺ ចលនា​បាតុកម្មអហិង្សា ឬ​ចលនា​បាតុកម្ម​ដែលមាន​បំណង​ផ្តួលរំលំ​របប​៕


© រក្សាសិទ្ធិដោយ thmeythmey.com