ជាតិ
សេដ្ឋកិច្ច
ទេសចរ​អឺរ៉ុប​មក​កម្សាន្ត​ខេត្តសៀមរាប​ធ្លាក់ចុះ​ជាង​១៦%​ក្នុង​ឆ្នាំ​២០១៥
12, Feb 2016 , 3:51 pm        
រូបភាព
 
​សៀមរាប​៖ ភ្ញៀវទេសចរ​អន្តរជាតិ ដែល​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​ក្នុង​ឆ្នាំ​២០១៥ គឺ​ថយចុះ​ប្រមាណ​១០%​។ ក្នុងចំណោម​ភ្ញៀវទេសចរ​ទាំងនោះ​ឃើញថា ទេសចរ​អឺរ៉ុប​ដែលជា​ទេសចរ​អ្នកមាន​នោះ ធ្លាក់ចុះ​ជាង​១៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។​


អ្នកនាង អ៊ីសា រ៉ហានី លម្អិតព័ត៌មាននេះ
​របាយការណ៍​របស់​ម​ន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានបង្ហាញ​ថា ទេសចរ​អឺរ៉ុប​ចូលមក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន ៤៥៥,១៨៤​នាក់ ស្មើនឹង ២១.៤២%​។ តួលេខ​នេះ​សបញ្ជាក់​ថា ទេសចរ​អឺរ៉ុប​មានការ​ថយចុះ ១៦.២៧% ធៀប​នឹង​អាត្រា​ដូចគ្នា​កាលពី​ឆ្នាំ​២០១៤ ។ 
 
​ក្នុង​របាយការណ៍​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៥ របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប បាន​រកឃើញ​មូលហេតុ​មួយចំនួន ចំពោះ​ការធ្លាក់ចុះ​ចំនួន​ទេសចរ​អឺរ៉ុប ក្នុងនោះ​រួមមាន ការ​ទទួលរង​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​សហភាព​អឺរ៉ុប និង​អាមេរិក​របស់​ប្រទេស​ថៃ ដែល​បន្ត​ពន្យា​ពេល​បោះឆ្នោត​សកល​របស់ខ្លួន​។ 
 
​ទាំងនេះ​វា​គ្រាន់តែ​ជា​មូលហេតុ​ខ្លះៗ​ពី​ខាងក្រៅ ដែល​ខាង​មន្ទីរ​ទេសចរណ៍​យកមក​ពី​ធ្វើជា​ទឡ្ហីករណ៍​តែប៉ុណ្ណោះ​។ សម្រាប់​វិស័យ​ឯកជន​មើលឃើញ​ហេតុផល​ផ្សេង​ក្រៅពីនេះ​។ បញ្ហា​ក្រុម​ISIS ជា​រឿង​មួយ ការដំឡើង​ពន្ធ​របស់​រដ្ឋ ដែល​ធ្វើ​ឲ្យ​មានការ​ដំឡើងថ្លៃ​សេវាកម្ម​ទេសចរណ៍​តាម​ក្រុមហ៊ុន​មួយៗ ជាហេតុ​ផល​មួយ​បន្ថែមទៀត​។ ការណ៍​នេះ​ធ្វើ​ឲ្យ​មានការ​ដំឡើងថ្លៃ​បន្ទប់​ស្នាក់​នៅតាម​សណ្ឋាគារ​។​ល​។​។ កញ្ញា អុន ដា​លី បុគ្គលិក​ផ្នែក​ទីផ្សារ​នៃ​សណ្ឋាគារ អេ​ម​ព្រីស​អង្គរ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កាលពីពេល​ថ្មីៗ​នេះ​ថា គោលការណ៍​របស់​សណ្ឋាគា​រ គឺ​ត្រូវ​ដំឡើងថ្លៃ​រៀងរាល់ឆ្នាំ ដើម្បី​ស្របទៅនឹង​ការចំណាយ​។ ទាំង​ប្រាក់ខែ​បុគ្គលិក​ត្រូវ​ដំឡើង​រាល់​ឆ្នាំ ដែល​នេះ​ជាគោលការណ៍​របស់​សណ្ឋាគា​រ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ក​ញ្ញា ដា​លី​។ កញ្ញា ដា​លី បន្តថា ថ្លៃ​បន្ទប់​គឺ​ដំឡើង​ចាប់ពី​១០%​ឡើងទៅ​។​
 
«​ពាក់ព័ន្ធ​នឹង​ក្រុម ISIS ដែល​ធ្វើ​ឲ្យ​ការហោះហើរ​គ្មាន​សុវត្ថិភាព ការធ្លាក់ចុះ​សេដ្ឋកិច្ច​អឺរ៉ុប ដូច្នេះ​ការដើរ​ក្រៅប្រទេស​ក៏មាន​កម្រិត​ដែរ​»​។ នេះ​ជាការ​យល់ឃើញ​របស់​ម​គ្គុ​ទ្ទេស​ក៍​ទេសចរណ៍​ភាសា​អាឡឺម៉ង់ លោក ជិន ច័ន្ទ​មុនី​។ សម្រាប់​លោក មុនី ពុំមាន​ហេតុផល​ពី​ខាងក្នុង​ណាមួយ ដែល​ជះឥទ្ធិពល​ដល់​ទេសចរ​អឺរ៉ុប​ធ្លាក់ចុះ​នោះទេ​។ «​អំឡុង​ខែ​១០ ដល់​ខែ​១២ ឃើញថា ភ្ញៀវ​រៀង​ធ្លាក់​បន្តិច ប៉ុន្តែ​ចាប់ពី​ខែ​១​មក​ឃើញថា ភ្ញៀវ​រៀង​ងើបឡើង​វិញ គួរ​ឲ្យ​កត់សម្គាល់​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក មុនី​។​
 
​ទេសចរ​អឺរ៉ុប​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប ជា​មធ្យម​ស្នាក់នៅ​ចាប់ពី​២​យប់​ឡើងទៅ ហើយ​ភាគច្រើន​មកជា​លក្ខណៈ​ដៃគូ ឫ​ក្រុមគ្រួសារ ខុសពី​ទេសចរ​អាស៊ី ដែល​និយម​ដើរ​ជា​ក្រុម​។ សម្រាប់​ទេសចរ​អឺរ៉ុប ការ​ស្នាក់នៅ​មិន​ទៀងទាត់​នោះទេ មានន័យថា ខ្លះ​ស្នាក់នៅ​សណ្ឋាគារ​មានតម្លៃ​ខ្ពស់ៗ ហើយ​ខ្លះទៀត​និយម​គេង​នៅផ្ទះ​សំណាក់ ឫ​ប៊ូ​ទិ​ក​ជាដើម​។​
 
​ពិតណាស់ថា ការធ្លាក់ចុះ​ទេសចរ​អឺរ៉ុប ធ្វើ​ឲ្យ​ចំណូល​មានការ​ធ្លាក់ចុះ​មួយកម្រិត​ធំ​។ ទេសចរ​អឺរ៉ុប ដែល​និយម​ដើរ​បែប​ឯកជន​នោះ គឺមាន​ការចំណាយ​ច្រើនជាង​ទេសចរ​អាស៊ី​។ ទេសចរ​អាស៊ី​តែង​មក​កម្សាន្ត​ជា​ក្រុម ហើយ​រាល់​ការចំណាយ​ផ្សេងៗ គឺ​ហូរ​ចូលទៅ​កញ្ចប់​ក្រុមហ៊ុន​ទេសចរណ៍​រួចជាស្រេច មុននឹង​គេ​ចេញ​កម្សាន្ត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រាល់​ការចូល​ញុំ​ា​អាហារ ឫ​ទិញ​វត្ថុ​ប្រើប្រាស់​នានា ក៏​គេ​ចូល​កន្លែង​តែមួយ​នឹង​ក្រុមហ៊ុន​ទេសចរណ៍​នោះដែរ ឧទាហរណ៍​ដូចជា​ជនជាតិ​កូរ៉េ ឫ​ចិន​ជាដើម​។​
 
​ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ខេត្តសៀមរាប លោក ផាវ ព្រឿ​ន កក់​សម្គាល់ថា​ភ្ញៀវ​មកពី​អឺរ៉ុប ដែល​និយម​ដើរ​ជា​លក្ខណៈ​គ្រួសារ ឫ​ដៃគូ​នោះ ពួកគេ​បាន​ស្ពាយ​លុយ​តាម​ជាប់​ខ្លួន សម្រាប់​ការចំណាយ​អំឡុងពេល​ដើរ​កម្សាន្ត ដោយ​មិនបាន​គ្រោងទុកជាមុន​។ សម្រាប់​ទេសចរ​អាស៊ី ដែល​ចំណូល​ទាំងអស់​ចូល​តែ​ក្នុង​ដៃ​របស់​ក្រុមហ៊ុន​ទេសចរណ៍​តែមួយ​កញ្ចប់​តែប៉ុណ្ណោះ​។ 
 
​របាយការណ៍​ទេសចរ​អន្តរជាតិ​ចូលមក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប មាន​ចំនួន​ជាង​២​លាន​១​សែន​នាក់ គឺ​ថយចុះ​ជិត​១០%​។ ទេសចរ​ដែល​ឈរ​នៅ​លំដាប់​លេខ​មួយ គឺ​ជន​ជាតិចិន បន្ទាប់មក​មាន​កូរ៉េ ជប៉ុន ថៃ អាមេរិក វៀតណាម អង់គ្លេស ម៉ាឡេស៊ី បារាំង និង​អូស្ត្រាលី​។ យ៉ាងណាក៏ដោយ ក្នុងចំណោម​ទេសចរ​ទាំ​ង​នេះ តួលេខ​បង្ហាញថា​មានការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ​កូរ៉េ​ធ្លា​ក់ជាង ១២% ជប៉ុន​ធ្លា​ក់ជាង​១៤%​។ មូលហេតុ​សម្រាប់​ទេសច​រ​កូរ៉េ គឺ​ការស្វែងរក​គោលដៅ​ទេសចរណ៍​ថ្មីៗ និង​ឳ​កាស​ថ្មី​សម្រាប់​វិនិយោគ​។ បច្ចុប្បន្ន​កូរ៉េ​បាន​សម្លឹង​ឃើញ​ប្រទេស​មី​យ៉ាន់​ម៉ា ដែលជា​គោលដៅ​ថ្មី​នៅក្នុង​តំបន់​។ ចំណែក​ទេសចរ​ជប៉ុន​វិញ គឺ​ការកាត់បន្ថយ និង​លុបចោល​ជើងហោះហើរ​ផ្ទា​ល់ពី​ជប៉ុន​មក​សៀមរាប​។​ល​៕
 
 
 
 

Tag:
 ទេសច
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com