អន្តរជាតិ
កូរ៉េខាងត្បូង​កាត់ផ្ដាច់​ទឹក និង​ភ្លើង​ចូល​តំបន់ឧស្សាហកម្ម​Kaesong
12, Feb 2016 , 9:59 pm        
រូបភាព
​កូរ៉េខាងត្បូង​បាន​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ទឹកនឹង​ភ្លើង​ទៅកាន់​តំបន់ឧស្សាហកម្ម​Kaesong ដែល​ស្ថិតក្នុង​ទឹកដី​កូរ៉េខាងជើង ក្រោយពេល​ប្រកា​សបិទ​តំបន់​នេះ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​។ នេះ​ជា​វិធានការ​ថ្មី​មួយទៀត​របស់​រដ្ឋាភិបាល​ទីក្រុង​ក្នុង​ការដាក់​សម្ពាធ​ដល់ទី​ក្រុង​ព្យុងយ៉ាង​ដែល​បាន​បាញ់​រ៉ុ​ក​ហ្កែ​ត​និង​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។



​ពីរ​ថ្ងៃក្រោយ​ការប្រកាស​ផ្អាក​សកម្មភាព​នៅ​តំបន់ឧស្សាហកម្ម​Kaesong កូរ៉េខាងត្បូង​បានចេញ​វិធានការ​ថ្មី​មួយទៀត​គឺ​ផ្ដាច់​ទឹក​និង​ភ្លើង​ដែល​ភ្ជាប់​ពី​កូរ៉េខាងត្បូង​ទៅកាន់​តំបន់​នោះ ដើម្បី​ជាការ​គាបសង្កត់​បន្ថែម​ទៀត​ដល់​កូរ៉េខាងជើង​។ ការផ្អាក​ការផ្គត់ផ្គង់​បានធ្វើ​ឡើង ក្រោយ​ពេលដែល​កូរ៉េខាងជើង​បាន​បណ្ដេញ​បុគ្គលិក​កូរ៉េខាងត្បូង​ចេញពី​តំបន់​Kaesong និង​ថែមទាំង​បាន​រឹបអូស​ទ្រព្យសម្បត្តិ​ទៀតផង​។​

​ជាមួយនឹង​គ្នា​នេះ ក្រសួង​បង្រួបបង្រួម​កូរ៉េ​បានបញ្ជាក់​ពី​ការចាកចេញ​ចុងក្រោយ​របស់​ជនជាតិ​កូរ៉េខាងត្បូង​ចំនួន​២៨០​នាក់​ពី​តំបន់​Kaesong ដែរ​នៅ​ល្ងាច​ថ្ងៃទី​១១ ខែកុម្ភៈ​។ បន្ទាប់ពី​ការចាកចេញ​មក កូរ៉េខាងត្បូង​ក៏​ចាប់ផ្ដើម​បិទ​ការបញ្ជូន​អគ្គីសនី​ព្រមទាំង​ទឹក​ទៅកាន់​Kaesong តែម្ដង​។

​លើសពីនេះទៅទៀត កូរ៉េខាងត្បូង​ក៏បាន​ព្រមាន​កូរ៉េខាងជើង​ដែល​ផ្អឹប​ទុកទ្រព្យ​សម្បត្តិ​របស់​ជន​ជាតិ​កូរ៉េខាងត្បូង ដោយ​ចាត់ទុក​នេះ​ជា​អំពើ​ខុសច្បាប់​។ មួយថ្ងៃ​ក្រោយ​ការប្រកាស​បិទ​របស់​កូ​រ៉​ខាងត្បូង កូរ៉េខាងជើង​ក៏បាន​បិទ​តំបន់ឧស្សាហកម្ម​នោះ​ដូចគ្នា ហើយ​បាន​ទុក​តំបន់​នេះ​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​យោធា​។ ជនជាតិ​កូរ៉េ​ទាំងអស់​ត្រូវបាន​បណ្ដេញ​ចេញពី​Kaesong ហើយ​ពួកគេ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​យក​អ្វី​តាម​ខ្លួន​ទេ ក្រៅពី​របស់​នៅជាប់​ខ្លួន​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត កូរ៉េខាងជើង​ក៏បាន​រឹបអូស​ទុក​វត្ថុធាតុដើម ទំនិញ និង​ផលិតផល​ផ្សេងទៀត​ផងដែរ​។​

​កូរ៉េខាងជើង​ចាត់ទុក​កា​r​រឹបអូស​នេះ ជាការ​ឆ្លើយតប​នឹង​ការសម្រេចចិត្ត​របស់​កូរ៉េខាងត្បូង​ដែល​បានប្រកាស​បិទ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ទាំង​១២៤ កំពុង​រកស៊ី​នៅ​Kaesong​។ ចំណែក​កូរ៉េខាងត្បូង​ឆ្លើយតប​វិញ​ថា កូរ៉េខាងជើង​ត្រូវតែ​ទទួលខុសត្រូវ​លើ​ផលវិបាក​នៃ​កា​រឹបអូស​នេះ​។

​សូមបញ្ជាក់ថា តំបន់ឧស្សាហកម្ម​Kaesong គឺជា​និមិត្តរូប​នៃ​ការបង្រួបបង្រួម​កូរ៉េ​ទាំងពីរ ដែល​បាន​បើក​ដំណើរការ​កាលពី​ឆ្នាំ​២០០៤ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក គីម ដេ​ជុង​។ ជនជាតិ​កូរ៉េខាងជើង​ជាង​៥​ម៉ឺន​នាក់​បានធ្វើការ​ក្នុង​សហគ្រាស​តូចធំ​ចំនួន​១២៤​រោងចក្រ​ដែលមាន​ម្ចាស់​ជា​ជនជាតិ​កូរ៉េខាងត្បូង ហើយ​ក្រុម​ពលករ​ទាំងនោះ​ថែមទាំង​ស្គាល់​រសជាតិ​រស់នៅ​តាម​របៀប​កូរ៉េខាងត្បូង​ទៀតផង​។​

​ជាការ​កត់សម្គាល់​នេះ តំបន​Kaesong នេះ​កម្រ​នឹង​បិទ​ណាស់ បើទោះជា​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​តែងតែ​ល្អក់កករ​ក៏ដោយ​។ នេះ​ជា​លើក​ទី​២ ដែល​តំបនឧស្សាហកម្ម​រួមគ្នា​នេះ​បិទ​មិន​ដំណើរការ ខណៈ​លើក​ទី​១ គឺ​កាលពី​ឆ្នាំ​២០១៣ នៅពេលដែល​ទីក្រុង​ព្យុងយ៉ាង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៣​របស់ខ្លួន​៕  


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  Kaesong
© រក្សាសិទ្ធិដោយ thmeythmey.com