ជាតិ
ការប្រើប្រាស់​ផ្កាយរណប នាំ​ឲ្យ​ការហោះហើរ​កម្ពុ​ជាមាន​សុវត្ថិភាព​ខ្ពស់ជាង​មុន​
12, Feb 2016 , 10:19 pm        
រូបភាព
​កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​ផ្កា​យ​រណប (PBN) ជា​ជំនួយ​នៃ​ការហោះហើរ​ជា​លើកដំបូង នៅ​ឆ្នាំ ២០១៣ ។ ការហោះហើរ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ផ្កា​យ​រណប​នេះ នាំ​ឲ្យ​ការធ្វើដំណើរ​លើ​អាកាស​វិថី កាន់​តែមាន​សុវត្ថិភាព  ដែលជា​ហេតុ​ញ៉ាំង​ឲ្យ​អ្នកធ្វើដំណើរ​ជាតិ​និង​អន្តរជាតិ មាន​ភាពជឿជាក់​ខ្លាំង ជាង​មុន​។



​អគ្គនាយក​អាកាសចរ​ស៊ីវិល​ទទួលបន្ទុក​ការងារ​បច្ចេកទេស នៃ​រដ្ឋលេខាធិការ​អាកា​សចរ​ស៊ីវិល  លោក កែវ ស៊ី​វន បាន​អះអាងថា ការធ្វើដំណើរ​លើ​អាកាស​វិថី ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ផ្កា​យ​រណប​ជា​ជំនួយ គឺជា​បទដ្ឋាន​នៃ​ការហោះហើរ​បែប​ស្តង់ដា​អន្តរជាតិ ដែល​ប្រទេស​នានា​ស្ទើរ​ពេញ​ពិភពលោក​កំពុងតែ​អនុវត្ត​។ លោក​បន្ថែមថា មធ្យោបាយ​ដ៏​ទំនើប​នេះ ជំរុញ​ឲ្យ​អ្នកដំណើរ​ជាតិ​និង​អន្តជាតិ កាន់​តែមាន​ទំនុក​ចិត្តខ្លាំង​ឡើងៗ ក្នុងការ​ធ្វើដំណើរ​តាម​យន្តហោះ​កម្ពុជា ព្រោះ​បច្ចេកវិទ្យា​ដ៏​ជឿនលឿន​នេះ អាច​នាំ​ឲ្យ​ការហោះហើរ ចៀស​ផុតពី​គ្រោះថ្នាក់ ក្នុង​កម្រិត​ដ៏​ខ្ពស់​។

​មន្ត្រី​បច្ចេកទេស​រូបនេះ បាន​បន្ថែមទៀតថា ក្រៅពី​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព ការហោះហើរ​តាម​ប្រព័ន្ធ​ដ៏​ទំនើប​នេះ ក៏បានផ្តល់​ផលប្រយោជន៍​ច្រើន​ទៀត​ដែរ ដូចជា ការចំណាយ​ថវិកា​លើ​ឧបករណ៍​កាន់តែ​តិច​, ចំណេញ​ពេលវេលា​, ផ្លូវ​ហោះហើរ​ជិត​ជាង​មុន​, ចំណាយ​ប្រេង​យន្តហោះ​កាន់តែ​តិច​, កាត់បន្ថយ​ការបំពុល​បរិយាកាស​និង​ជួយ​ថែរក្សា​បរិស្ថាន ព្រមទាំង​នាំ​ចំណូល​ចូល​រដ្ឋ​ច្រើនជាង​មុន​។ យ៉ាងណាក៏ដោយ លោក កែវ ស៊ី​វន មិនអាច​បញ្ជាក់​លម្អិត​ថា ក្រោយពី​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយ​រណប​នេះ កម្ពុជា​ទទួល​ទំហំ​នៃចំ​ណួ​ល​ច្រើនជាង​មុន​ប៉ុណ្ណា​នោះទេ​។ ជុំវិញ​បញ្ហា​នេះ​ផងដែរ​លោក បាន​មានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជា មាន​យន្តហោះ​ជាង ២០​គ​គ្រឿង និង​អ្នកបើកបរ​ជិត​២០​នាក់​។​

​សូម​ស្តា​ប់លោក កែវ ស៊ី​វន អគ្គនាយក​អាកាសចរ​ស៊ីវិល​ទទួលបន្ទុក​ការងារ​បច្ចេកទេស នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ពន្យល់​ពី​លក្ខណៈ​បច្ចេកទេស​នៃ​ការហោះហើរ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ផ្កា​យ​រណប និង​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​បែប​ទំនើប​នេះ​៖



​ការលើកឡើង​របស់លោក​ខាងលើ បានធ្វើ​ឡើង​នៅ​ចំពោះ​ក្រុម​អ្នកសារព័ត៌មាន បន្ទាប់ពី​បញ្ចប់​ការ​ថ្លែង​សុន្ទរកថា​បើក​សិក្ខា​ស្តីពី «​ការហោះហើរ​លើ​អាកាស​វិថី ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ផ្កា​យ​រណប សម្រាប់​នាំ​ផ្លូវ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​ភ្នំពេញ នាពេល​ព្រឹក​ថ្ងៃទី​១២ កុម្ភៈ ឆ្នាំ​២០១៦ ។

​សិក្ខាសាលា ដែលមាន​អ្នកចូលរួម​ជិត ១០០​នាក់ នេះ មាន​គោលបំណង ស្វែងរក​ចំណុច​ខ្វះខាត និង​ផល​លំបាក​មួយចំនួន​ពី​ការអនុវត្ត​ផ្ទាល់ របស់​ក្រុម​ប្រតិបត្តិការ ដូចជា អាកាសយានិក និង​អ្នកបញ្ជា​ហោះហើរ ជាដើម​។ បន្ទាប់ពី​ប្រមូល​មតិ​ពី​ក្រុម​អ្នកប្រតិបត្តិ​ទាំងនោះ និង​អ្នកជំនាញ​ផ្សេងៗ​ទៀត រួចហើយ រដ្ឋលេខាធិការ​ធិ​ការ​អាកាសចរ​ស៊ីវិល ដែលជា​អ្នករៀបចំ​សិក្ខាសាលា​នេះ នឹង​ស្វែងរក​ចំណុច​រួមមួយ​ដើម្បី​កែលម្អ យន្តការ​នៃ​ការហោះហើរ ឲ្យ​កាន់​ប្រសើរ​ជាង​មុន​។​


​សូមបញ្ជាក់ថា ការហោះហើរ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយរណប​នេះ ត្រូវបាន​អនុវត្ត​ជា​ផ្លូវការ​លើកដំបូង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ឆ្នាំ​២០១៣ ។ រហូតដល់​ឆ្នាំ​២០១៤ រដ្ឋាភិបាល បានដាក់​ឲ្យ​ដំណើរ​នូវ​ប្រព័ន្ធ​ផ្កា​យ​រណប​នេះ នៅ​អាកាសយានដ្ឋាន​ខេត្តសៀមរាប និង​នៅ​អាស​យានដ្ឋាន​ខេត្ត​ព្រះសីហនុ កាលពី​ឆ្នាំ​២០១៥ ៕


Tag:
 ប្រព័ន្ធ​ផ្កាយ​រណប
© រក្សាសិទ្ធិដោយ thmeythmey.com