ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកវិភាគ​ថា បាតុកម្ម​នៅ​អាមេរិក​ជា​ឱកាសល្អ​សម្រាប់​សម្ដេច ហ៊ុន សែន
12, Feb 2016 , 10:39 pm        
រូបភាព
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នឹងមាន​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កម្ពុជា​វិញ បើសិន​ជាមាន​ចលនា​បាតុកម្ម​ប្រឆាំងនឹង​វត្តមាន​លោក នៅ​សហរដ្ឋអាមេរិក​។ តែ​អ្នកវិភាគ​យល់ថា បើ​មាន​បាតុកម្ម​នៅ​អាមេរិក​មែន នោះ​គឺជា​ឱកាសល្អ សម្រាប់​ប្រមុខ​រដ្ឋាភិបាល ទទួលបាន​ផលចំណេញ​តាមបែប​លទ្ធិប្រជាធិបតេយ្យ ក្នុងការ​ទាក់ទាញ​ចិត្ត​បាតុករ​ប្រឆាំង​ទាំង​នោះមក​គាំទ្រ​ខ្លួន​វិញ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​សម្ដេច ហ៊ុន សែន បានប្រកាស​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រជាពលរដ្ឋ ដោយ​បញ្ជា​ឲ្យ​មន្ត្រី​តាម​ក្រសួង និង​ស្ថាប័ន​នានា បង្កើត​ក្រុមការងារ​តាមដាន​មើល​ហ្វេ​ស​ប៊ុ​ក​សម្ដេច ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​។ លើសពី​ចំណុច​ទាំងនេះ អ្នកវិភាគ​មើលឃើញថា ការធ្វើ​បាតុកម្ម​នៅ​អាមេរិក​នាពេលខាងមុខ ក៏​ជា​ឱកាសល្អ​សម្រាប់​ប្រមុខ​រដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​បញ្ហា​នានា ដែល​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត និង​ជាការ​ស្ដារ​មុខមាត់​ខ្លួន ដើម្បី​ទាក់ទាញ​ចិត្ត​ពលរដ្ឋ​ឲ្យ​គាំទ្រ​វិញ​ដែរ​។​

​អ្នកវិភាគ​នយោបាយ លោក អ៊ូ វីរៈ មើលឃើញថា ការព្រមាន​ធ្វើបាតុកម្ម​នៅ​អាមេរិក ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ មកលើ​មេដឹកនាំ​ប្រទេស​នេះ គឺជា​រឿង​ធម្មតា​ទេ សម្រាប់​បណ្ដា​ប្រទេស​ទាំងអស់​លើ​ពិភពលោក ព្រោះ​ពួកគេ​ចង់បង្ហាញ​ពី​ចំណុច​ខ្វះខាត និង​បញ្ហា​ផ្សេងៗ​ដែល​ពួកគេ គិតថា​រដ្ឋាភិបាល​ដឹកនាំ​មិន​ទាន់​បានល្អ ដែល​ត្រូវបំពេញ​បន្ថែមទៀត​។ ផ្ទុយ​ពី​ការគិត​របស់​រដ្ឋាភិបាល ដែលថា​ការ​បាតុកម្ម​នេះ​ធ្វើ​ឲ្យ​លោក​បាក់មុខ​ក្នុង​ឆាក​អន្តរជាតិ​នោះ លោក អ៊ូ វីរៈ បកស្រាយ​ថា នេះ​ជា​ឱកាសល្អ​សម្រាប់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទទួលបាន​ផលចំណេញ​តាមបែប​លទ្ធិប្រជាធិបតេយ្យ ពោលគឺ​យុទ្ធសាស្ត្រ​ទប់​ទល់នឹង​កំហឹង​ពលរដ្ឋ​ខឹង​រដ្ឋាភិបាល ឲ្យ​ងាក​មក​គាំទ្រ​ការដឹកនាំ​របស់​សម្ដេច​វិញ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​នយោបាយ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« រដ្ឋាភិបាល ត្រូវ​ចាត់តាំង​មន្ត្រីជាន់ខ្ពស់​ណា​ម្នាក់ ទៅ​ហៅ​តំណាង​បាតុករ ឬ​បាតុករ​ទាំង​នោះមក​ពិភាក្សា​ទល់មុខ​គ្នា​ថា​តើ​មាន​ចំណុច​ណាខ្លះ​ពួកគេ​មិន​ពេញចិត្ត មិន​គាំទ្រ រួច​ប្រមូលយក​គំនិត​របស់​ពល​រដ្ឋ​ទាំង​នោះមក​ពិភាក្សា​ដោះស្រាយ ។ តែបើ​រដ្ឋាភិបាល​ពន្យល់​ទៅ​ពួកគេ​វិញ នៅតែ​ខ្វែងគំនិត​គ្នា​មិន​ព្រម​ទទួលយក​នោះ រដ្ឋាភិបាល​ហៅ​ពួកគេ​ទាំងនោះ​ឲ្យ​មក​មើល​កម្ពុជា​វិញ​តើ​មាន​អ្វីខ្លះ​ដែល​រដ្ឋា​ភិ​បាលបានដឹកនាំ​និង​រៀបចំ​។​ហើយ​នេះ​ខ្ញុំ​គិតថា ជា​ឱកាសល្អ​បំផុត ដែល​អាច​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កាត់បន្ថយ​កំហឹង បញ្ឈប់​ការ​ស្អប់ និង​អាច​ទាញ​ពួកគេ​គាំទ្រ​វិញ​»​។​

​មិន​ខុសពី​លោក អ៊ូ វីរៈ នោះទេ លោក រស់ រ៉ាវុធ ក៏​មើលឃើញថា ការធ្វើ​បាតុកម្ម​នេះ​គឺជា​ការផ្ដល់​ឱកាសល្អ សម្រាប់​សម្ដេច ហ៊ុន សែន ដែរ​។ អ្នកវិភាគ​នយោបាយ​រូបនេះ បន្ថែមថា រដ្ឋាភិបាល​កុំ​ទាន់​អាល​ព្រួយបារម្ភ​ខ្លាច​បាក់មុខ​ខ្លាំងពេក ចំពោះ​គម្រោង​ធ្វើបាតុកម្ម​នៅ​អាមេរិក​នេះ​។ តែ​រដ្ឋាភិបាល​គួរតែ​ត្រៀម​ចិត្ត​ទទួលយក​បញ្ហា​នានា ដែល​បាតុករ​ទាំងនោះ​លើកឡើង យកមក​ដោះស្រាយ​តាមបែប​ប្រជាធិបតេយ្យ ដើម្បី​បង្ហាញ​ទៅដល់​បណ្ដា​ប្រទេស​ក្នុង​ឆាក​អន្តរជាតិ​ទាំងនោះ​ថា កម្ពុជា​កំពុង​វិ​វត្ត​ខ្លួន​ជា​ប្រទេស​ប្រជាធិបតេយ្យ ។​«​រដ្ឋាភិបាល​ត្រូវ​មើល​លើ​ច​រិ​ក​អ្នក​បាតុកម្ម​សិន បើ​ពលរដ្ឋ​ទាំងនោះ​បាតុកម្ម​ដោយ​ការព្រួយបារម្ភ​លើ​បញ្ហា​ប្រទេសជាតិ ដែល​រដ្ឋាភិបាល​ខ្វះចន្លោះ​នោះ រដ្ឋាភិបាល​ត្រូវ​ទទួល​យកមក​ដោះស្រាយ​។ តែបើ​ការលើក​ឡើងមក​មិនអាច​ទទួលយកបាន រដ្ឋាភិបាល​អាច​បដិសេធ​វិញ​តាម​រូបភាព​ណាមួយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក រស់ រ៉ាវុធ​។​

​ជុំវិញ​បញ្ហា​គម្រោង​ធ្វើបាតុកម្ម​នេះ មន្ត្រី​ទំនាក់ទំនង​សាធារណៈ​នៃ​សម្ព័ន្ធ​អាមេរិក​-​កម្ពុជា លោក បូ​ណា ឈិ​ត បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា បាតុករ​ដែល​នឹង​មកពី​បណ្តា​រដ្ឋ​ផ្សេងទៀត​ដែល​នឹង​មក​ចូល​រួមមាន​ចន្លោះ​ពី ១០០០ ទៅដល់ ១២០០​នាក់​ឯណោះ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បានចេញ​សេចក្ដីថ្លែងការណ៍​បដិសេធ​ថា គណបក្ស​ខ្លួន​មិនបាន​នៅ​ពីក្រោយ​ការធ្វើ​បាតុកម្ម​នោះទេ ។ ហើយ​គណបក្សប្រឆាំង​នេះ ក៏បាន​ស្នើ​ឲ្យ​ពលរដ្ឋ​គ្រោង​ធ្វើបាតុកម្ម​នោះ​បញ្ឈប់​គម្រោង​ធ្វើបាតុកម្ម​ប្រឆាំង​សម្ដេច ហ៊ុន សែន នេះដែរ ក្រោយពី​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បានប្រកាសថា នឹងមាន​បាតុកម្ម​ប្រឆាំង​និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កម្ពុជា​វិញ បើសិន​ជាមាន​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​វត្តមាន​លោក នៅ​សហរដ្ឋអាមេរិក​។​

​អ្នកវិភាគ យល់ថា បើ​សម្ដេច ហ៊ុន សែន ធ្វើបាតុកម្ម​សងសឹក​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​វិញ​មែន​នោះ គឺ​ប្រមុខ​រដ្ឋាភិបាល មិនទាន់​យល់ច្បាស់​ពី​ឱកាស​ចាប់យក​ផលចំណេញ​សម្រាប់​ខ្លួន​។​ទាំង​លោក អ៊ូ វីរៈ ទាំង​លោក រស់ រ៉ាវុធ សុទ្ធតែ​អះអាងថា រដ្ឋាភិបាល​មិនត្រូវ​យក​ធ្វើបាតុកម្ម​ប្រឆាំង​សងសឹក នឹង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កម្ពុជា​វិញ​ទេ ព្រោះ​អាចធ្វើ​ឲ្យ​រដ្ឋាភិបាល កាន់តែ​បាក់មុខ មាន​រូបភាព​អាក្រក់​ដោយ​អាច​បាត់បង់​ការគាំទ្រ ពី​ប្រជាពលរដ្ឋ​កាន់​តែង​ខ្លាំង​ជាមុន​ថែមទៀត​។ ហើយ​ប្រទេសជាតិ​ក៏​មិនអាច​ទទួលបាន​ផលចំណេញ​អ្វី ពី​ការធ្វើ​បាតុកម្ម​សងសឹក​គ្នា​ទៅវិញទៅមក​នេះដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com