ជាតិ
​​​ន​យោ​បាយ​ជាតិ​
CPP ប្រកាស​មិន​គាំទ្រ​អ្នក​គ្រោង​ធ្វើបាតុកម្ម​រំលាយ​CNRP
13, Feb 2016 , 3:21 pm        
រូបភាព
ដោយ:
​គណបក្ស​ប្រជាជន​កម្ពុជា មិនមាន​គោលការណ៍ ឬ​ផែនការ​ណាមួយ ដើម្បី​ឲ្យ​សកម្មជន​ខ្លួន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ ជាងនេះទៅទៀត គណបក្ស​នេះ ក៏​មិន​គាំទ្រ​ការប្រកាស​របស់​បុរស​ពីរ​នាក់​ដែល​អះអាងថា ខ្លួន​តំណាង​ឲ្យ​ក្រុម​សម្ព័ន្ធ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ចង់​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បើ​មាន​បាតុកម្ម​ប្រឆាំង​សម្តេច ហ៊ុន សែន នៅ​អាមេរិក​នោះដែរ​។​



​លោក សុខ ឥសាន បាន​បដិសេធ​ភ្លាមៗ​ថា លោក​មិន​ស្គាល់មុខ​បុរស​ពីរ​នាក់ គឺ លោក ស៊ីម សុវណ្ណ​រ៉ា និង​លោក សាំង សុង ដែល​ចង់​ដឹកនាំ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើបាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ​។ កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ​ កន្លងទៅ​ថ្មីៗនេះ លោក សាំង សុង បាន​និយាយ​នៅក្នុង​ឃ្លី​ប​វីដេអូថា ពួកខ្លួន​តំណាង​ឲ្យ​ក្រុម​សម្ព័ន្ធ​យុវជន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នឹងធ្វើ​បាតុកម្ម​ទាមទា​រ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល ប្រសិនបើ​មាន​បាតុកម្ម​ប្រឆាំង​សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី ១៥ និង​១៦ ខែកុម្ភៈ នៅ​សហរដ្ឋអាមេរិក​ខាងមុខ​។ «​ពីព្រោះ គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​មក​ធ្វើ​ឲ្យ​ប្រជាជន​រង​ទុក្ខ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​»​។ នេះ​ជា​ការរិះគន់​របស់លោក សាំង សុង ដែល​ចាត់ទុក​គម្រោង​ធ្វើបាតុកម្ម​ប្រឆាំង​សម្តេច ហ៊ុន សែន នៅ​អាមេរិក​ថា ជាការ​រៀបចំ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា មិន​គាំទ្រ​ឡើយ​ចំពោះ​ការប្រកាស​របស់​មនុស្ស​ពីរ​នាក់​ខាងលើនេះ ដែល​ចង់​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​។ លោក​ថា ការរំលាយ​គណបក្ស​ណាមួយ លុះត្រាតែ​គណបក្ស​នោះ ធ្វើ​ខុសពី​ច្បាប់​គណបក្សនយោបាយ​ធ្ងន់ធ្ងរ ហើយមិនអាច​ចេះ​ទាមទារ​ឲ្យ​រំលាយ​គណបក្ស​ណា​តាមចិត្ត​នោះទេ​។ « ខ្ញុំ​មិន​ស្គាល់​ពួកគាត់​ទាំងពីរ​ថា មកពីណា​ទេ​។ ហើយ​ខ្ញុំ​មិនដឹងថា ពួកគាត់​ពិតជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឬទេ​? យើង​មិន​គាំទ្រ​ទេ​ ការធ្វើបាតុកម្មឲ្យ​រំលាយ​​គណបក្ស​»​។ ថ្វីដ្បិតតែ​លោក សុខ ឥសាន និយាយ​ដូច្នេះ​មែន តែ​លោ​កថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ហាមឃាត់​បុគ្គល​ណាមួយ​ធ្វើបាតុកម្ម​អហិង្សា​ប្រឆាំង​ ឬមិន​ពេញ​ចិត្ត​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ លោក​ថា បើ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​ណា ចង់​ធ្វើបាតុកម្ម​ប្រឆាំងនឹង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី ១៥ ខាងមុខ គឺជា​សិទ្ធិ​របស់​ពួកគេ​។

​ក៏ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ ប្រឆាំង​ដាច់ខាត​បាតុកម្មហិង្សា​។ លោក​ថា ប្រសិនបើ​ធ្វើបាតុកម្ម ត្រូវ​មានច្បាប់​ត្រឹមត្រូវ ហើយ​មិនត្រូវ​បង្ក​ហិង្សា​ជាដាច់ខាត​។ លោក ឥសាន ក៏​ប្រកាស​តាមរយៈ​សារព័ត៌មាន​ថ្មីៗ​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​ផែនការ ឬ​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ធ្វើបាតុកម្ម​ប្រឆាំងគណបក្ស​សង្គ្រោះ​ជាតិ​នោះដែរ​។​

​កាលពី​ថ្ងៃ​សុក្រ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ជំហរ​ថា គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ចំពោះ​គម្រោង​ធ្វើបាតុកម្ម​របស់​ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា​។ តែ​លោក​សូម​ឲ្យ​បាតុកម្ម​នោះ ធ្វើឡើង​ដោយ​អហិង្សា​។ លោក បុញ្ញឫទ្ធិ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ការពារ​សុវត្ថិភាព​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ បង្ការ​ក្រែង​មាន​អំពើហិង្សា​កើតឡើង ដូច​ការធ្វើ​បាតុកម្មរ​បស់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​ឯកឧត្តម កឹម សុខា កាលពី​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៥ កន្លងទៅ​។ 

កាលពីចុងខែមករា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ព្រមាន​ថា បាតុកម្ម​ប្រឆាំងនឹង​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​កើតមានឡើង ប្រសិនបើ​មាន​បាតុកម្ម​ប្រឆាំងនឹង​រូបលោក​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា (California) ក្នុង​អំ​ឡុង​ពេលដែល​លោក​ទៅ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក នា​ខែកុម្ភៈ​ខាងមុខ​៕


សូមទស្សនាវីដេអូរបស់​បុរស​​ពីរ​នាក់​​ប្រកាស​គម្រោង​ធ្វើ​បាតុក​ម្មចង់រំលាយ​​គណបក្ស​សង្គ្រោះជាតិ​​ខាង​ក្រោម​៖


 

Tag:
 CPP
 CNRP
  សុខ ឥសាន​
 ​យ៉ែម បុញ្ញឫទ្ធិ​
© រក្សាសិទ្ធិដោយ thmeythmey.com