អន្តរជាតិ
ចិនព្រមានអាមេរិករឿងពង្រាយប្រព័ន្ធការពារអាកាសនៅកូរ៉េខាងត្បូង
× ប្រទេសចិនបានព្រមានអាមេរិកឲ្យមានការប្រុងប្រយ័ត្នចំពោះការពង្រាយប្រព័ន្ធការពារអាកាសនៅកូរ៉េខាងត្បូងក្រោយការបាញ់កាំជ្រួចរបស់កូរ៉េខាជើង។ ចិនក៏បានប្រាប់អាមេរិក មិនត្រូវធ្វើអ្វីដែលប៉ះពាល់ដល់សន្តិសុខរបស់ខ្លួននិងសន្តិសុខតំបន់នោះទេ។
ឆ្លៀតពេលចូលរួមប្រជុំស្ដីពីស៊ីរីនៅអាល្លឺម៉ង់ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី បានជួបសមភាគីអាមេរិកលោក ចន ឃេរី និងបានប្រាប់ពីជំហរបស់ចិន ដែលប្រឆាំងដាច់ខាតនឹងការពង្រាយប្រព័ន្ធការពារអាកាសនៅកូរ៉េខាងត្បូង។ លោក វ៉ាងយី ប្រាប់លោក ឃេរី ឲ្យត្រូវប្រុងប្រយ័ត្នចំពោះរឿងពង្រាយនេះ ហើយមិនត្រូវយកវាជាលេសដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខចិននោះទេ។
ជាមួយគ្នានោះ ក្រសួងការបរទេសចិនបានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសចិនបានទាមទារឲ្យអាមេរិកត្រូវគិតឲ្យបានច្បាស់ ដោយមិនត្រូវប៉ះពាល់ដល់ផលប្រយោជន៍របស់ចិននោះទេ។ លោកវ៉ាង ក៏ព្រមានអាមេរិកមិនត្រូវធ្វើសកម្មភាពដែលនាំដល់អសន្តិសុខនិងអស្ថិរភាពតំបន់ទេ ដ្បិតការពង្រាយប្រព័ន្ធការពារនេះពិតជានាំដល់ការមិនទុកចិត្តគ្នាក្នុងតំបន់មិនខានឡើយ។
ក្រោយពេលកូរ៉េខាងជើងសាកល្បងគ្រាប់បែកអ៊ីដ្រូសែន និងការបាញ់កាំជ្រួចជាបន្តបន្ទាប់មក កូរ៉េខាងត្បូងនិងអាមេរិកបានលើកឡើងពីលទ្ធភាពនៃការពង្រាយប្រព័ន្ធការពារអាកាសនៅកូរ៉េខាងត្បូង។ បើតាម Reuters ការចរចាស្ដីពីការពង្រាយនេះ ត្រូវរំពឹងថានឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ ដែលនេះធ្វើឲ្យចិនមិនសប្បាយចិត្តនោះទេ ព្រមទាំងមិនអាចដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េទៀតផង។
តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងការបរទេសចិន រដ្ឋមន្ត្រីការបរទេសចិន វ៉ាងយី បានបញ្ជាក់ជាថ្មីម្ដងទៀតពីសារសំខាន់ក្នុងការចាប់ផ្ដើមឡើងវិញកិច្ចចរចា៦ភាគីក្នុងការដោះស្រាយវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង។ នេះក៏ព្រោះតែវាមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ដោយរួមទាំងចិននិងអាមេរិកផងដែរ។ ទាំងនេះមានន័យថា ចិនមិនឯកភាពលើការយកយោធាជាដំណោះស្រាយបញ្ហាមកនោះទេ។
សូមរម្លឹកថា នៅថ្ងៃទី៦ ខែកុម្ភៈ កូរ៉េខាងជើងបានចាញ់រ៉ុកហ្កែតរយៈចម្ងាយឆ្ងាយដែលភ្ជាប់ដោយផ្កាយរណប។ ទីក្រុងព្យុងយ៉ាងចាត់ទុកការបាញ់នេះក្នុងគោលបំណងសន្តិភាពប៉ុណ្ណោះ តែសហគមន៍អន្តរជាតិ ជាពិសេសទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូល ខឹងសម្បារយ៉ាងខ្លាំងនិងអះអាងថាល្មើសនឹងបម្រាមអង្គការសហប្រជាជាតិ។ ហើយអាមេរិកក៏បានលើកឡើងពីបំណងពង្រាយប្រព័ន្ធការពារនៅកូរ៉េខាងត្បូងដើម្បីការពារពីការវាយប្រហារណាមួយ តែចិនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់កូរ៉េខាងជើង មិនពេញចិត្តនឹងរឿងនេះប៉ុន្មានទេ៕
Tag:
ចិន
អាមេរិក
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com