ពីនេះ ពីនោះ
បោះឆ្នោត​ឃុំ​-​សង្កាត់​៖ ប្រយ័ត្ន​សង្គ្រោះ​ជាតិ​គិត​មិន​ដល់​!
14, Feb 2016 , 11:46 am        
រូបភាព
ដោយ: ថ្មីៗ
​លិខិត​មិត្ត​អ្នកអាន​
​ដោយ រស់ វត្ថា​រ៉ា
​ពលរដ្ឋ​នៅក្នុង​ស្រុក​ល្វាឯម​


​កំណើន​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ពិតណាស់​គឺ​កើតចេញពី​ការច្របាច់បញ្ចូលគ្នា​រវាង​គណបក្ស​សិទ្ធិមនុស្ស​របស់លោក កឹម សុខា និង​គណបក្ស​សមរង្ស៊ី របស់លោក សម រង្ស៊ី​។ បើទោះជា​មិនបាន​ឡើងកាន់​អំណាច ប៉ុន្តែ​ជ័យជំនះ​នេះ បានបង្ហាញ​យ៉ាងច្បាស់​ថា​វា​ជា​សមិទ្ធផល​នៃ​ការច្របាច់បញ្ចូលគ្នា​រវាង​ថ្នាក់ដឹកនាំ​ខាងលើ សម រង្ស៊ី និង​កឹម សុខា​។ ចុះ​ចំណែក​ថ្នាក់ឃុំ​សង្កាត់​?  អ្នកខ្លះ​ជា​អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​មកពី​សិទ្ធិមនុស្ស ខ្លះ​មកពី​បក្ស​សម រង្ស៊ី​។ តើ​ពួកគេ​ពិតជា​ត្រូវរ៉ូវ​គ្នា​១០០ ភាគរយ​ដូច​ថ្នាក់លើ​ដែរ​? ហើយ​ចុះ​សង្គ្រោះ​ជាតិ​បាន​គិតដល់​ធនធាន​ទាំងនោះ​ដែរ​ទេ​?



​តើ​ពួកគេ​ពិតជា​ត្រួវ​រ៉ូ​វ​គ្នា​១០០​ភាគរយ​?  ពិតណាស់​មិនអាច​ទេ​! មិនអាច​នៅត្រង់ថា សមាជិក​ថ្នាក់ក្រោម ពួកគេ​មាន​អតីតកាល​ផ្សេងគ្នា មាន​តួនាទី​ក្នុង​ឃុំ ឬ​សង្កាត់​មកពី​គណបក្ស​ខុសគ្នា គឺ​សិទ្ធិមនុស្ស និង​សង្គ្រោះ​ជាតិ​។ បញ្ហា​នៅត្រង់ថា​សម្រាប់​ឆ្នាំ​២០១៧ នៅក្នុង​ឃុំ ឬ​សង្កាត់​ណាមួយ សង្គ្រោះ​ជាតិ​ត្រូវដាក់​បេក្ខជន​ជា​ប្រធាន​ក្រុមប្រឹក្សា ដែលមាន​អ​តី​មកពី​គណបក្ស​សិទ្ធិមនុស្ស ឬ សមរង្ស៊ី​? 

​និយាយ​ដល់​ចំណុច​ខាងលើនេះ បើ​សង្គ្រោះ​ជាតិ​បាន​គិតដល់​មែន​នោះ គណបក្សជំទាស់​មួយ​នេះ អាច​ឆ្លង​ផុត​ឧបសគ្គ​មួយ​ហើយ​។ ប៉ុន្តែ​ប្រសិនបើ​មិនបាន​គិតដល់​ទេ ហើយ​គួបផ្សំ​នឹង​នយោបាយ​ទិញ​ទឹកចិត្ត​ពី​គណបក្ស​សម្បូរ​ធនធាន​ផង​នោះ បញ្ហា​នេះ​ទំនងជា​អាចធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​វិលមុខ​ក៏​ថា​បាន​។ សូម​កំ​ភ្លេច​ថា អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​កំពុងស្ថិត​ក្នុងស្ថានភាព​អាក់អន់ស្រពន់ចិត្ត​នឹង​ការចូល​សភា​របស់​ថ្នាក់ដឹកនាំ​ខ្លួន កាលពី​ឆ្នាំ​២០១៤​នៅឡើយ​ទេ​។​

​តើ​សង្គ្រោះ​ជាតិ​បាន​សម្លឹង​ឃើញ​កំណែ​ង​ទម្រង់​ធនធានមនុស្ស​ថ្នាក់ឃុំ​សង្កាត់​ដែរឬទេ​? ចម្លើយ​យ៉ាង​ងាយ គឺ​គណបក្ស​មួយ​នេះ​ទំនងជា​បាន​សម្លឹង​ឃើញ​បញ្ហា​នេះហើយ​។ ចុះ​ប្រសិនបើ​មិនបាន​គិតដល់ តើ​អ្វី​ជា​ប្រភព​នៃ​បញ្ហា​មួយ​នេះ​? ហើយ​វា​នឹង​ទៅជា​យ៉ាងម៉េច​វិញ​?

​សូម​បក​ក្រោយ​បន្តិច ដើម្បី​រម្លឹក​អំពី​ដំណាក់កាល​កវែ​កក​ឆ្នាំ​របស់​គណបក្ស​សិទ្ធិមនុស្ស​ដែលជា​ផ្នែក​មួយ​នៃ​សង្គ្រោះ​ជាតិ​។ ពោលគឺ​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​កាលពី​ឆ្នាំ​២០១២​។ ដោយសារតែ​ជា​បក្ស​ថ្មី កាល​នោះគេ​អាច​វាយតម្លៃ​បាន​ថា​ឯកឧត្តម កឹម សុខា ប្រឹង​តែ ព្យាយាម​ស្វែងរក ហើយ​បន្ទាប់មក​គឺ​ពង្រាយ​សមាជិក​ខ្លួន​ឈរ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​អោយបាន​គ្រប់​ខេត្ត​តាមតែ​អាចធ្វើ​ទៅបាន​។​

​ប្រភពធនធាន​មានដូចជា អតីត​ជា​គ្រូបង្រៀន មន្ត្រី​ចូលនិវត្តន៍ អាចារ្យ​ធំ​ក្នុង​វត្ត និង​អតីត​បញ្ញវន្ត​សេសសល់​ពី​សម័យ​សង្គ្រាម​មួយចំនួនធំ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមូល​មក​ធ្វើ​ជាម​សមាជិក​របស់ខ្លួន ហើយ​ដែល​ក្នុងចំណោម​នោះ ត្រូវបាន​គណបក្ស​មួយ​នេះ​ចាត់ចែង​អោយធ្វើជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​។

​ធនធាន​ក្នុង​មូលដ្ឋាន​ដែល​នៅ​សេសសល់​ពីនេះ គឺជា​អតីត​អ្នកគាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​បានមក​រួមរស់​ជាមួយ​គណបក្ស​ជាតិខ្មែរ ហើយ​បន្ទាប់មក​ប្រែជា​គណបក្ស​សមរង្ស៊ី​។ នៅតាម​ឃុំ​សង្កាត់ ធនធាន​ទាំងនេះ ជា​ក្រុម​អ្នកតស៊ូ និង​ប្រឈមមុខ​ខ្លាំង​ជាមួយ​ធនធាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅតាម​មូលដ្ឋាន​។ 

​សរុប​មកវិញ តើ​នៅតាម​មូលដ្ឋាន​ឃុំ​សង្កាត់ មាន​ធនធានមនុស្ស​ល្អៗ​ប៉ុន្មាន​នាក់ នៅ​សេសសល់​សម្រាប់​គណបក្ស​សិទ្ធិមនុស្ស​របស់​ឯកឧត្តម កឹម សុខា​? ចម្លើយ​គឺមាន​ខ្លះ ហើយ​ដែល​អាចមាន​ប្រភព​មកពី​ក្រុម​អ្នក​អាក់អន់ស្រពន់ចិត្ត ឬ​ប្រជែង​ក្នុង​ជួរ​បក្ស​ឯង ដូចជា​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សម រង្ស៊ី​ជាដើម​។ ចុះ​ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​! មិន​ងាយ​ទេ គណបក្ស​នេះ​អាច​មិន​ពូកែ​រក្សា​សម្លេង​ពី​ពលរដ្ឋ ប៉ុន្តែ​រឿង​សមាជិក ឬ​មន្ត្រី​វិញ គេ​មិន​ងាយ​អោយ​របូត​ចេញ​ឡើយ​។​

​តាម​ការសង្កេត ប្រឈម​នឹង​ស្ថានភាព​នេះ កាលនោះ​គណបក្ស​សិទ្ធិមនុស្ស​របស់​ឯកឧត្តម កឹម សុខា បានសម្រេច​យក​វិធី​ឈ្នះៗ​មួយ គឺ​«​ប្រមូល​ទាំងអស់ យក​ទាំងអស់ ទោះជា​តុ​បាក់ជើង ឬ​ក្អម​បែក​មាត់​ក៏​មិន​ចោល​ដែរ​»​។​

​ការសម្រេចចិត្ត​នេះ​បាន​រុញច្រាន​ឲ្យ​គណបក្ស​សិទ្ធិមនុស្ស​កាលនោះ ឈ្នះ​បាន​អានៈ​ឃុំ​សង្កាត់​មិន​ច្រើន​ដូច​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សមរង្ស៊ី​ឡើយ​។ ហេតុអ្វី​? ចម្លើយ​អាចមាន​ច្រើនយ៉ាង​។​

​ទីមួយ គឺ​ដោយសារតែ​គណបក្ស​សិទ្ធិមនុស្ស​ជា​គណបក្ស​ថ្មីថ្មោង គេ​ទើប​ស្គាល់​លោក កឹម សុខា ខ្លាំង​បន្ទាប់ពី​លោក​ជាប់គុក​ជាមួយ​សកម្មជន​សិទ្ធិមនុស្ស និង​អ្នកនយោបាយ​មួយចំនួន ដូចជា​លោក ម៉ម សូណង់ដូ ជាដើម​។​

​ទី​ពីរ គឺ​ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សមរង្ស៊ី មាន​ធនធាន​ច្រើនជាង ចាយលុយ​ច្រើនជាង ចែក​អំណោយ​ច្រើនជាង ទើបបានជា​រក​សំឡេង​ជូន​សមាជិក​ឃុំ​សង្កាត់​ខ្លួន​បាន​ច្រើនជាង​គណបក្ស​សិទ្ធិ​នុស្ស​។

​និង​ទី​៣ គឺ​ដោយសារតែ​នយោបាយ​«​តុ​បាក់ជើង​ក៏​យក ក្អម​បែក​មាត់​ក៏​មិន​ចោល​»​។ បញ្ហា​នៅត្រង់ថា សម​ជិ​ក​បក្ស​សិទ្ធិមនុស្ស​ដែល​ឈរឈ្មោះ​នាកាល​នោះ ភាគច្រើន​ជា​បុគ្គល មានចំណេះដឹង​មិន​ជ្រៅជ្រះ​ប៉ុន្មាន​ឡើយ ឬ​ជា​អ្នកចាញ់​ប្រៀប​គេ​នៅក្នុង​ជួរ​សមាជិក​ឃុំ​សង្កាត់​របស់​គណបក្ស​ស​មរ​ង្ស៊ី និង​ហ្វ៊ុនស៊ិនប៉ិច ហើយក៏​អាចមាន​ខ្លះ​ជា​បុគ្គល ដែល​អ្នកភូមិ​មិនសូវ​រាប់រក និង​អោយ​តម្លៃ​ដែរ​។​

​សូម​កុំភ្លេចថា ពលរដ្ឋ​បាន​បែងចែក​យ៉ាងច្បាស់​អំពី​អ្វី​ទៅជា​ការបោះឆ្នោត​ឃុំ​សង្កាត់ អ្វី​ទៅជា​ការបោះឆ្នោត​តំណាងរាស្ត្រ ឬ​រើស​នាយករដ្ឋមន្ត្រី​។ បោះឆ្នោត​ឃុំ​សង្កាត់ ពួកគាត់​មើល​លើ​សមត្ថភាព​បុគ្គល និង​ស្ថានភាព​គ្រួសារ​របស់​បុគ្គល​ដែល​ឈរឈ្មោះ ដោយ​មិន​ខ្វល់​ថា​មកពី​គណបក្ស​ណា​នោះទេ​។ ចុះបើ​បុគ្គល​ទាំងនេះ ត្រូវបាន​គណបក្ស​សម្បូ​រ​ធាន​ធាន​ប្រមូល​អស់ហើយ​នោះ​។ តើ​ពលរដ្ឋ​អាចមក​គាំទ្រ​«​តុ​បាក់ជើង ឬ​ក្អម​បែក​មាត់​របស់លោក កឹម សុខា ដែរ​ឬ​? ចម្លើយ​ទោះ​មាន​ក៏​មិន​ច្រើន​ដែរ​។​

​ងាក​មក​មើល​ការបោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ ខាងមុខនេះ​វិញ គណបក្ស​សង្គ្រោះ​ជាតិ មាន​កិច្ចការ​ចំ​បាច់​មួយ​ដែរ ដែល​ត្រូវតែ​ដោះស្រាយ​ឲ្យ​បាន​មុន​ការបោះឆ្នោត​មកដល់​។ បញ្ហា​នោះ គឺ​នៅត្រង់ថា តើ​គួររៀបចំ​រចនាសម្ព័ន្ធ​អ្នក​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​យ៉ាងដូចម្ដេច​? ចុះបើ​ចង់​កំណែទម្រង់ នោះ​មិនមាន​សកម្មជន​ខ្លះ​និយាយថា ពេល​តស៊ូ​ត្រូវការ​«​អញ​» ពេល​ជិត​ជោគជ័យ​បោះ​«​អញ​»​ទេ​ឬ​? នេះ​ជា​បញ្ហា​មួយ​។​

​មួយទៀត ដាក់​បេក្ខជន​មាន​អតីត​មកពី​គណបក្ស​សិទ្ធិមនុស្ស​អោយ​ឈរ​ជា​បេក្ខភាព​មេឃុំ ចៅ​ង្កា​ត់ ចុះ​ចំណែក​បេក្ខជន​មាន​អ​តី​មកពី​គណបក្ស​សមរង្ស៊ី ដែល​ខំតស៊ូ​កាត់​ព្យុះភ្លៀង​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​រាប់​ឆ្នាំ​មកហើយ​នោះ ពួកគេ​សុខចិត្ត​ទេ​? អាច​ខ្លះ​សុខចិត្ត ប៉ុន្តែ​គ្មាន​នរណា​មាន​ចិត្តជា​ព្រះ​ទាំងអស់​នោះទេ​។​

​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​គិតដល់ ហើយ​មាន​ដំណោះស្រាយ​លើ​បញ្ហា​ខាងលើ នោះ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ​២០១៧​ខាងមុខ គណបក្ស​មួយ​នេះ​រង់ចាំតែ​ទប់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​សង្គ្រោះ​ជាតិ​គិត​មិន​ដល់​នោះ​ច្បាស់​ណាស់ គឺ​ទប់​គណបក្ស​ប្រជាជន​ផង និង​ថ្នម​ស្ថានការណ៍​ផ្ទៃ​គ្នា​ផង​មិនខានឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com