ជាតិ
បទវិភាគ
ថ្ងៃទី ១៤ កុម្ភៈ វិញ្ញាសា​នៃ​ការតម្រង់ទិស​សង្គម​!
14, Feb 2020 , 10:34 pm        
រូបភាព
​នៅមុន​ទិវា​នៃ​ក្តី​ស្រឡាញ់  Valentine’s Day ថ្ងៃទី​១៤​កុម្ភៈ​ឆ្នាំនេះ មាន​សកម្មភាព​ជាច្រើន​ត្រូវ​បានរៀបចំ​ធ្វើឡើង​ដើម្បី​ផ្តល់​សារ​អប់រំ​យុវវ័យ​កុំ​ឲ្យ​យក​ទិវា​នេះ​បង្កើត​ការសប្បាយ​ភ្លើតភ្លើន​ខុសពី​ក្បួនតម្រា​។ សកម្មភាព​ទាំងនោះ​បានធ្វើ​ឲ្យ​យុវវ័យ​មិនសូវ​គឃ្លើន​ជា​ចំហ​ពេក​ចំពោះ  Valentine’s Day ។ យ៉ាងណាក៏ដោយ ក្រុម​យុវវ័យ​ឆ្លៀតឱកាស​ជាច្រើន​នៅតែ​យក​ថ្ងៃនេះ​ដើម្បី​សប្បាយ​ខុស​ប្រពៃណី​ដដែល​។ នេះ​ជា​វិញ្ញាសា​នៃ​ការតម្រង់ទិស​សង្គម​ដែល​គួរ​ដក​ពិសោធ​។



​ថ្ងៃទី​១៤​កុម្ភៈ​ឆ្នាំនេះ សកម្មភាព​នៃ​ការទប់ស្កាត់​ភាព​ភ្លើតភ្លើន​របស់​យុវវ័យ​ខ្មែរ​ហាក់​មាន​ភាព​ផុលផុស​ជាង​ពេលណាៗ​ទាំងអស់​។ អង្គការ ស្ថាប័ន​នានា រាប់ទាំង​ក្រសួង​អប់រំ​ផង​បានធ្វើ​សកម្មភាព​សំដៅ​ពញាក់​ស្មារតី​យុវវ័យ​ឲ្យ​ប្រុយ​ង​ប្រយ័ត្ន​កុំ​យក​ទិវា​នេះ​ទៅ​ប្រព្រឹត្ត​មិនគួរ​គប្បី​ខុស​គន្លង​ប្រពៃណី​។​

​សារព័ត៌មាន​ជាច្រើន​ក៏បាន​នាំគ្នា​និយាយ​ពី​បញ្ហា​នេះ​ដោយ​បង្ហាញ​ឧទាហរណ៍​ជាច្រើន​ដែលជា​គ្រោះថ្នាក់​សម្រាប់​យុវវ័យ​ខ្មែរ​។  ឪពុកម្តាយ​ជាច្រើន​ក៏​ហាក់​បាន​ព្យាយាម​ឃុំគ្រង កូនៗ​ក្នុង​ថ្ងៃ​នោះដែរ ពោលគឺ​ទាំងអស់គ្នា​ហាក់​បាន​ចូលរួម​យ៉ាងសកម្ម​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ដែល​កំពុង​បង្ហាញឡើង​យ៉ាងច្បាស់​នៅ​ចំពោះមុខ​យើង​។ ទាំងនេះ​ជាស​ញ្ញា​ល្អ​មួយ​សម្រាប់​សកម្មភាព​ត​ម្រ​ង់​ទិស​សង្គម ដែល​ទោះ​តិច​ឬ​ច្រើន​វា​ច្បាស់​ជាមាន​លទ្ធផល​ជាមិនខាន​។​

 តាមពិត ទិវា​នៃ​ក្តី​ស្រឡាញ់​ឬ​Valentine’s Day ហាក់​មាន​សភាព​ស្ងប់ស្ងាត់​តាំងពី​ឆ្នាំ ២០១២ មកម្ល៉េះ បន្ទាប់ពី​មាន​សកម្មភាព​គគ្រឹកគគ្រេង​ក្នុង​ការធ្វើសកម្មភាព​ពី​គ្រប់​មជ្ឈដ្ឋាន​។ ហេតុដូច្នេះ​ហើយ​បានជា យុវវ័យ​មិនសូវមាន​សកម្មភាព​ជ្រួលជ្រើម អនាធិបតេយ្យ​ដូច​កាលពី​ឆ្នាំមុនៗ​ពេក​ទេ​។ នេះ​ស​បញ្ជាក់ថា យុវវ័យ​ជាច្រើន​បានទទួល​សារ​អប់រំ ហើយ​មាន​ភាព​ប្រយ័ត្នប្រយែង​ជាង​មុន​បើទោះបីជា​ទិវា​នេះ​នៅតែ​ជាការ​ពេញនិយម​យ៉ាងខ្លាំង​របស់​យុវវ័យ​ខ្មែរ​ក៏ដោយ​។​

​អ្វីដែល​គេ​សង្កេតឃើញ​មានការ​ប្រែប្រួល​ជាទូទៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គឺ សកម្មភាព​ថ្ងៃទី ១៤ កុម្ភៈ​ហាក់ដូចជា​ស្ងប់ស្ងាត់  ប៉ុន្តែ នៅ​ជាទូទៅ ពេល​ល្ងាច និង​ពេលយប់ ចរាចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ មាន​សភាព​ណែនណាន់តាន់តាប់​ខុសពី​ធម្មតា​។ ភោជនីយដ្ឋាន​នានា​ពោរពេញ​ដោយ​មនុស្ស​ដែល​អ្នកខ្លះ​ជួបជុំ​ពិសារ​អាហារ​រួមគ្នា​ជា​លក្ខណៈ​គ្រួសារ និង​ខ្លះទៀត​ជា​លក្ខណៈ​គូសង្សារ​។ ទិដ្ឋភាព​នេះ​បង្ហាញថា ទិវា Valentine’s Day នៅតែមាន​ឥទ្ធិពល​យ៉ាងខ្លាំង​មិន​ត្រឹមតែ​សម្រាប់​យុវវ័យ​ប៉ុណ្ណោះ​ទេ តែ​ក៏មានដែរ​ក្នុងចំណោម​មនុស្ស​ទូទៅ​។​

​ទោះបីជា​ឪពុកម្តាយ​ជាច្រើន​បាន​ព្យាយាម​ឃុំគ្រង​កូន​ក្នុង​ថ្ងៃទី ១៤ កុម្ភៈ ប៉ុន្តែ ក៏​នៅតែមាន​ឪពុកម្តាយ​ជាច្រើន​ទៀត​បណ្តោយ​កូន​ឲ្យ​ចេញ​ក្រៅ​ម្នាក់ឯង​ក្នុង​ថ្ងៃ Valentine’s Day ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​នៅតែ​មានឱកាស​នាំគ្នា​នែបនិត្យ​ស្នេហា​នៅតាម​ទី​ស្ងាត់កំបាំង​មួយចំនួន ក៏ដូចជា​នៅតាម​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​ជាច្រើន​ដែរ​។ ការ​បណ្តែតបណ្តោយ​ដោយ​សំអាង​លើ​ការងារ​រវល់​របស់ខ្លួន​ជា​កំហុស​ដែល​ឪពុកម្តាយ ឬ​អាណាព្យាបាល​ទាំងឡាយ​គូរ​គិតគូរ​ឡើងវិញ​។​

​ដូច្នេះ ឆ្នាំនេះ ក៏​ទំនងជា​មិន​ខុសពី​ឆ្នាំមុនៗ​នោះដែរ ថ្ងៃទី ១៤ កុម្ភៈ​ប្រហែលជា​គ្មាន​សកម្មភាព​ទិញ​ផ្កា ជូន​ផ្កា​យ៉ាង​ឈូឆរ និង​សកម្មភាព​ពពាក់ពពូន​របស់​យុវវ័យ​ជា​ចំហ​នោះឡើយ​។ ប៉ុន្តែ ទឹក​ស្ងប់​ក៏​មិន​បានន័យថា គ្មាន​ត្រី​នោះដែរ​។ ដូច្នេះ ឪពុកម្តាយ​ឬក៏​អាណាព្យាបាល​ទាំងឡាយ​គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​កូនចៅ​របស់ខ្លួន​ដែល​ស្ថិតក្នុង​វ័យ​សិក្សា​។ មាន​មូលហេតុ​សំខាន់ៗ​មួយចំនួន​ដែល​នាំ​ឲ្យ​យុវវ័យ​ខ្មែរ​ឆាប់​ទទួលយក​វប្បធម៌​បរទេស​ហើយ​នាំគ្នា​ភ្លើតភ្លើន​ខុស​ប្រពៃណី​៖

​មូលហេតុ​ទី​១៖ មកពី​កូន​ខ្មែរ​មិនសូវមាន​មូលដ្ឋានគ្រឹះ​ខាង​វប្បធម៌​ឲ្យ​បាន​រឹងមាំ​។ មូលហេតុ​ទី​២៖ មកពី​សាកលភាវូបនីយកម្ម​ក្នុងសម័យ​បច្ចេកវិទ្យា​ទំនើប​ដែល​ធ្វើ​ឲ្យ​រូបភាព​អាសអាភាស និង​ស្រើបស្រាល​ទាំងឡាយ​ជ្រៀតចូល​យ៉ាង​ងាយ​ដល់​យុវវ័យ​។ និង មូលហេតុ​ទី​៣៖ មកពី​ការ​បណ្តែតបណ្តោយ​របស់​សាលា មាតាបិតា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​បង្ក​ឲ្យ​យុវវ័យ​ងាយ​ប្រព្រឹត្ត​អំពើ​ភ្លើតភ្លើន​។

​ជាការ​ពិត គេ​មិនអាច​លុបបំបាត់​សកម្មភាព​នេះ​ទាំងស្រុង​បានទេ​ពីព្រោះ​ជា​សិទ្ធិសេរីភាព​របស់​មនុស្ស​។ ប៉ុន្តែ គេ​អាច​តម្រង់ទិស​យុវវ័យ​កុំ​ឲ្យ​រអិល​ផ្លាត​ធ្លាក់​ក្នុង​គ្រោះថ្នាក់​។ ដើម្បី​ឲ្យ​ការតម្រង់ទិស​យុវវ័យ​ឲ្យ​មាន​ប្រសិទ្ធភាព មាន​កត្តា​សំខាន់​៣​រួមផ្សំ​គ្នា​មិនអាច​ខ្វះ​បាន​គឺ កត្តា​សង្គម គ្រួសារ និង​សាលារៀន​។ ប្រសិនបើ​សង្គម​ពោរពេញ​ដោយ​បរិយាកាស​ល្អ​សម្រាប់​កុមារ ប្រសិនបើ​គ្រួសារ​ជា​គំរូ​ដល់​កូន​និង​គ្រប់គ្រង​កូន​បានល្អ និង​ប្រសិនបើ​សាលារៀន​ក្លាយជា​ថ្នាល​បណ្តុះ​គ្រាប់ពូជ​ដ៏​ល្អ​នោះ កូន​ខ្មែរ​ក៏​នឹង​ក្លាយជា​ធនធានមនុស្ស​ដ៏​មានតម្លៃ​និង​មាន​មូលដ្ឋានគ្រឹះ​វប្បធម៌​រឹងមាំ​។ ពេលនោះ​វប្បធម៌​ពាលា​អាវាសែ​នឹងមិន​ងាយ​ជ្រៀតចូល​ក្នុងប្រទេស​កម្ពុជា​បានឡើយ​។​

​វិធានការ​ចម្រុះ​នៅមុន​ពេល​បុណ្យ Valentine’s Day ជា​សញ្ញា​ល្អ​មួយ​ដែល​គួរតែ​ដក​បទពិសោធ​និង​បន្តធ្វើ​ឲ្យ​ដូច​ភ្លៀងរលឹម​។ ជាទូទៅ យុវវ័យ​ងាយ​ណាស់​នឹង​ទទួល​ភាព​ស្រើបស្រាល ប្រៀបដូចជា​សត្វ​មមាច​មិន​ស្គាល់​ភ្លើង​យ៉ាង​ដូច្នេះ​ដែរ​។ ដូច្នេះ មនុស្ស​ចាស់ និង​សង្គម​ទាំងមូល​ត្រូវតែ​ចូលរួម​ដើម្បី​តម្រង់ទិស​ពួកគេ​ឲ្យ​បានល្អ​បើទោះជា​វា​មិនមែនជា​វិញ្ញាសា​ងាយស្រួល​ក៏ដោយ​៕


Tag:
 ទស្សនៈ​
  Valentine’s Day
© រក្សាសិទ្ធិដោយ thmeythmey.com