បទយកការណ៍ / បទសម្ភាសន៍
កសិករ​ដាំ​ត្រកួន​-​កញ្ឆែត​ក្នុង​បឹងទំពុន ប្រើ​ថ្នាំពុល​គីមី​ក្នុង​១​ខែ​មិន​ក្រោម ៣០០​ដុល្លារ​ឡើយ​
14, Feb 2016 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជាច្រើន​ឆ្នាំ​មកហើយ បឹងទំពុន​ក្នុង​រាជធានី​ភ្នំពេញ គឺជា​ប្រភព​នៃ​ការ​ចែកចាយ​ត្រកួន និង​កញ្ឆែត ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​ទាំង​ទៅតាម​បណ្តា​ខេត្ត​ជុំវិញ​រាជធានី​។ ប៉ុន្តែ វា​ក៏មាន​រយៈពេល​ច្រើន​មកហើយ​ដូចគ្នា​ដែរ ដែល​ពលរដ្ឋ​ខ្មែរ​ជាច្រើន បាន​បរិភោគ​ត្រកួន និង​កញ្ឆែត ដែល​អ្នក​ដាំ​ភាគច្រើន​បាន​សារភាពថា ពួកគេ​បាន​ប្រើ​ថ្នាំ​គីមី​នោះ​។ កសិករ​ខ្លះ​បាន​ចំណាយ​ថវិកា​ប្រមាណ​៣០០​ដុល្លារ​ឯណោះ ទៅលើ​ថ្នាំពុល​គីមី​ដើម្បី​ដាំ​ត្រកួន​។ តើ​ហេតុអ្វី​កសិករ​ដាំ​ត្រកួន និង​កញ្ឆែត​នៅ​បឹងទំពុន​ត្រូវ​ប្រើ​ថ្នាំ​គីមី​? ហើយ​ការប្រើ​ថ្នាំ​គីមី ធ្វើ​ឲ្យ​ពួកគាត់​ចំណេញ​បាន​ប៉ុន្មាន​? និង​ថា តើ​ពួកគាត់​មាន​ជម្រើស​មិន​ប្រើ​ថ្នាំ​គីមី​ដែរឬទេ​?


 
​ក្នុង​បឹង​ធម្មជាតិ «​បឹងទំពុន​» ដែល​ទឹក​មាន​ជីវជាតិ​អំណោយផល​ដល់​ការដាំ​ត្រកួន និង​កញ្ឆែត គេ​អាច​មិន​គិតដល់​ថា ការដាំ​បន្លែ​នៅ​ទីនោះ​ប្រើប្រាស់​ថ្នាំ​គីមី​នោះទេ​។ តាម​ការផ្តល់​បទសម្ភាសន៍ កសិករ​នៅ​ទីនោះ ត្រូវ​ចំណាយ​លើ​ថ្នាំ​គីមី​ជាច្រើន​រយ​ដុល្លារ​អាមេរិក​ក្នុង​មួយខែៗ​។  កសិករ​ទាំងនេះ មានប្រសាសន៍ថា ពួកគាត់​ប្រើប្រាស់​ថ្នាំ​គីមី ដើម្បី​ថែរក្សា​ដំណាំ​ឲ្យ​លូតលាស់​ល្អ ការពារ​សត្វល្អិត​ស៊ី និង​ទទួល​ទិន្នផល​ខ្ពស់​។ ក្រៅពី​ថ្លៃ​ថ្នាំ កសិករ​ទាំងនេះ​ត្រូវ​បង់ថ្លៃ​ឈ្នួល​ដី​ឲ្យ​ទៅ​ឯកជន ក្នុង​មួយឆ្នាំៗ​រាប់រយ​ដុល្លារ ដែល​ធ្វើ​ឲ្យ​ពួកគាត់​មិនសូវ​ចំណេញ​ពី​ការដាំដុះ​នេះ​ប៉ុន្មាន​ទេ​។

​ក្នុង​សម្លៀកបំពាក់​សើម និង​មាន​ពាក់មួក អ្នកស្រី ជិន ផាត ទើប​រួច​ដៃ​ពី​បេះ​ត្រួ​កួន​ក្នុង​បឹង ដែល​នៅ​ពីមុខ​ផ្ទះ​អ្នកស្រី​តែម្តង​។ អ្នកស្រី ជិន ផាត មាន​វ័យ​៣៦​ឆ្នាំ​ចាប់យក​របរ​ដាំ​ត្រកួន កញ្ឆែត​នៅទីនេះ​អស់​រយៈពេល​១០​ឆ្នាំ​ហើយ​។ លើ​ផ្ទៃដី​១​ហិកតា មាន​ទាំង​ត្រកួន និង​កញ្ឆែត អ្នកស្រី​ផាត បេះ​ត្រកួន​បាន​៥០​ដុំ​ស្មើរ​១០​ម៉ឺ​រៀល និង​កញ្ឆែត​៧០​គីឡូក្រាម​ប្រមាណ​៥​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ អ្នកស្រី ប្រាប់ថា បេះ​ញឹក​ឫ​មិន​ញឹក​អាស្រ័យ​ត្រកួន កញ្ឆែត​លូតលាស់​ច្រើន ឫ​តិច​។ អ្នកស្រី​បេះ​ត្រកួន កញ្ឆែត​រាល់​៣ ឫ​៤​ថ្ងៃ ខាន​១​ថ្ងៃ រួច​បន្ត​បេះ​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត​។ ឥត​លាក់លៀម អ្នកស្រី ប្រាប់ថា អ្នកស្រី​ត្រូវ​ចំណាយ​លើ​ថ្នាំ​គីមី​ប្រហែល ៣០០​ដុល្លារ​ក្នុង​មួយខែៗ​។ ចំណាយ​ច្រើន ព្រោះ​ត្រូវ​បាញ់ថ្នាំ​រាល់​បី​ថ្ងៃ​ម្តង ដែល​ប្តី និង​កូនប្រុស​របស់​អ្នកស្រី​ជា​អ្នកធ្វើ​។

«​បើ​អត់​បាញ់​ដង្កូវ​ស៊ី រិចៗ​អស់​។ អត់​បាញ់​រឹង​ដើម​»​។ នេះ​ជា​ហេតុផល​ដែល​អ្នកស្រី ជិន ផាត ដាំ​ត្រកួន​មានប្រើ​ប្រាស់​ថ្នាំ​គីមី​។ តែ​ទោះជា​ប្រើ​ថ្នាំ​គីមី គ្រួសារ​អ្នកស្រី​មិន​ខ្លា​ចនឹង​បរិភោគ​វា​នោះទេ​។ មិន​ខ្លាច ព្រោះ​អ្នកស្រី​ផាត បាន​យក​ត្រកួន កញ្ឆែត​មក​លាង​ទឹកអំបិល​ពីរ ឫ​បី​ទឹក​សិន មុននឹង​បរិភោគ​។​


​រំលង​ផ្ទះ​ពីគ្នា​បន្តិច អ្នកស្រី ចាន់​សាត វ័យ​៤៤​ឆ្នាំ កំពុង​អង្គុយ​រាប់​បាច់​បន្លែ​ភ្លៅកង្កែប​ជាមួយ​ក្រុមគ្រួសារ​។ អ្នកស្រី ចាន់​សាត ដាំ​បន្លែ​ក្នុង​បឹងទំពុន​នេះ​អស់​ពេល​១២​ឆ្នាំ​ហើយ​។ ដោយសារ​ដាំ​ត្រកួន​ក្នុងអំឡុងពេល​៣ ឫ​៤​ខែ​មុន​មិនសូវ​បាន​ផល អ្នកស្រី ងាក​មក​ដាំ​កញ្ឆែត និង​ភ្លៅកង្កែប​វិញ​ម្តង​។ អ្នកស្រី ឲ្យ​ដឹងថា កញ្ឆែត​និង​ភ្លៅកង្កែប​លូតលាស់​អាច​បេះ​បាន ត្រូវការ​រយៈពេល​១២​ថ្ងៃ​។ ក្នុង​រយៈពេល​១២​ថ្ងៃ អ្នកស្រី​បេះ​វា ៣ ឬ​៤​លើក ហើយ​អាច​រកប្រាក់​បាន​ប្រមាណ​១៣០​ម៉ឺន​រៀល​។ និយាយ​ពី​ប្រាក់​លក់បាន អ្នកស្រី​មិន​ភ្លេច​ពី​រឿង​ចំណាយ​ទៅវិញ​នោះទេ​។ អ្នកស្រី រៀបរាប់​ដូច្នេះ​ថា​៖«៣​ថ្ងៃ​បាញ់ថ្នាំ​ម្តង ដី​ជាង​១​ហិកតា​ទម្រាំ​បាន​បេះ ត្រូវ​ប្រើ​ថ្នាំ​អស់​២០០​ដុល្លារ​»​។ បើតាម​អ្នកស្រី ចាន់​សាត ការបាញ់​ថ្នាំ គឺ​ដើម្បី​ការពារ​សត្វល្អិត​ស៊ី និង​ឲ្យ​ដំណាំ​លូតលាស់​ល្អ​។ ក្រៅពី​តម្លៃ​ថ្នាំ​គីមី អ្នកស្រី ត្រូវ​ចំណាយ​លើ​ថ្លៃឈ្នួល​ដី​ជិត​មួយ​ហិកតា តម្លៃ​៨០០​ដុល្លារ​ក្នុង​មួយឆ្នាំ និង​ថ្លៃឈ្នួល​គេ​បេះ​កញ្ឆែត​ជិត​២០​ម៉ឺន​រៀល​ក្នុង​រយៈពេល​១២​ថ្ងៃ​។ អ្នកស្រី មានប្រសាសន៍ថា បើ​ទឺ​ក​បឹង​ខ្មៅ​ខ្លាំង ដំណាំ​ត្រូវការ​ពេល​ដល់​១៥​ថ្ងៃ ហើយ​ទិន្នផល​បាន​តិចជាង​។​

​កសិករ​មួយរូប​ទៀត គឺ​លោក សុវណ្ណ វ័យ​២៨​ឆ្នាំ​កំពុង​ឈរ​ពីមុខ​ផ្ទះ ភ្នែក​សំឡឹង​មើលទៅ​ផ្ទៃ​បឹង​។ លោក សុវណ្ណ ទើប​ចាប់យក​របរ​ដាំ​កញ្ឆែត​បាន​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​។ ដាំ​កញ្ឆែត​លើដី 0,៧​ហិកតា លោក សុវណ្ណ មានប្រសាសន៍ថា ១៥​ថ្ងៃ​ទើប​កាត់​ម្តង​។ លោក ប្រមូល​ផល​កញ្ឆែត​បាន​ប្រមាណ ១​តោន​កន្លះ​ពេល​កាត់​ម្តងៗ ហើយ​លក់បាន​ប្រមាណ​២​លាន​រៀល​។ តែ​លោក​ត្រូវ​ចំណាយ​ថ្លៃឈ្នួល​គេ​កាត់​កញ្ឆែត​អស់ពី​៣០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល​។ លោក​បង់ថ្លៃ​ឈ្នួល​ដី​ឲ្យ​ទៅ​ឯកជន​ចំនួន ២៥០​ដុល្លារ​ក្នុង​មួយឆ្នាំ​។ សួរថា​មានប្រើ​ថ្នាំ​ទេ​? លោក សុវណ្ណ មិន​លាក់លៀម ដោយ​រូបលោក​ពិតជា​ប្រើ​ថ្នាំ​គីមី​មែន​។ លោក និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​តាម​យើង​ចេះ​ប្រើ​ថ្នាំ បើ​យើង​ស្គាល់មុខ​ថ្នាំ​បាញ់​បានល្អ​។ បាញ់​ឲ្យ​ចេញ​កូន​(​កញ្ឆែត​) ច្រើន​។ បើ​យើង​ចេះ​បាញ់ កញ្ឆែត​ឆាប់​លូតលាស់ ហើយ​មាន​ពោង​សរៗ​»​។ លោក បន្តថា​៖« បាញ់​អ៊ីចឹងទៅ​ដង្កូវ​អត់​ស៊ី​។ បើ​វា​ប្រែប្រួល​យ៉ាងម៉េច យើង​ប្តូរ​ថ្នាំ​វិញ​»​។ លោក បញ្ជាក់ថា មុននឹង​កាត់ ត្រូវ​បាញ់ថ្នាំ​៤​ដង ហើយ​ចំណាយ​សរុប​អស់ ៣​រយ​ដុល្លារ​។​លោក សុវណ្ណ ឲ្យ​ដឹងថា កន្លងមក មិនដែល​មាន​ខាង​មន្ត្រី​កសិកម្ម​ណា​ម្នាក់ មក​ណែនាំ​ពី​ការដាំដុះ​ដល់​រូបលោក​ឡើយ​។​

​ទាក់ទិន​នឹង​ការដាំ​ត្រកួន កញ្ឆែត​មានប្រើ​ប្រាស់​ថ្នាំ​គីមី អ្នកជំនាញ​កសិកម្ម​លោក យ៉ង សាំង​កុមារ ណែនាំ​ដល់​កសិករ​ឲ្យ​ប្រើ​ជី​កំ​ប៉ុ​ស្ត និង​ថ្នាំ​ធម្មជាតិ ដែល​ផ្សំ​ពី​លាមក​សត្វ និង​ស្លឹក​រុក្ខជាតិ​ជំនួស​វិញ​។ លោក​មានប្រសាសន៍ថា ការធ្វើ​ជី​កំ​ប៉ុ​ស្ត និង​ថ្នាំ​ធម្មជាតិ​ត្រូវ​ហត់នឿយ​បន្តិច តែ​វា​មាន​ប្រសិទ្ធភាព​អាចធ្វើ​ឲ្យ​ត្រកួន កញ្ឆែត​លូតលាស់​ល្អ និង​ការពារ​ដង្កូវ​ស៊ី​ទៀតផង​។ លោក អះអាងថា កសិករ​ប្រើប្រាស់​ជី​កំ​ប៉ុ​ស្ត និង​ថ្នាំ​ធម្មជាតិ នោះ​មិនចាំបាច់​ត្រូវ​ចំណាយ​លើ​ថ្លៃ​ថ្នាំ​គីមី  និង​ដើម្បី​សុខភាព​អ្នក​បរិភោគ​ទៀតផង​។​

​គួរ​រម្លឹក​ផងដែរ​ថា បើតាម​ការអះអាង​រប​ស់​អ្នក​ដាំ​ត្រកួន​មួយចំនួនទៀត នៅក្នុង​តំបន់​បឹងទំពុន​ដូចគ្នា មាន​កសិករ​មួយចំនួន​បាន​ស្លាប់​ដោយសារតែ​ឥទ្ធិពល​នៃ​ថ្នាំពុល​គីមី​ដែល​ពួកគេ​ប្រើ​សម្រាប់​បាញ់​លើ​ដំណាំ​ត្រកួន និង​កញ្ឆែត​ទាំងនេះ​។ ហើយ​ពួកគេ​ក៏បាន​សារភាព​ដែរ​ថា ពួកគេ​មិន​ហ៊ាន​បរិភោគ​ត្រកួន​ដែល​ពួកគេ​ដាំ និង​បាញ់ថ្នាំ​ដោយ​ផ្ទាល់ដៃ​នេះឡើយ​៕

Tag:
 ត្រកួន​
  សេដ្ឋកិច្ច
  បឹងទំពុន​
© រក្សាសិទ្ធិដោយ thmeythmey.com