អន្តរជាតិ
ចៅក្រម​តុលា​ការ​កំពូល​អាមេរិក Antonin Scalia មរណភាព បន្សល់ទុក​បញ្ហា​ស្នង​តំណែង​
14, Feb 2016 , 2:41 pm        
រូបភាព
​លោក Antonin Scalia ចៅក្រម​តុលាការ​កំពូល​អាមេរិក​បាន​ស្លាប់​ក្នុង​វ័យ​៧៩​ឆ្នាំ​នៅឯ​រដ្ឋ​តិច​សាស កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​។ ជា​ចៅក្រម​កាន់តំណែង​យូរ​ជាងគេ​របស់​តុល​ការ​កំពូល លោក Antonin Scalia មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យ​ច្បាប់​អាមេរិក​។ ប៉ុន្តែ​ការស្លាប់​របស់លោក​បាន​បន្សល់ទុក​បញ្ហា​មួយ​គឺ​ការតែងតាំង​អ្នកថ្មី​សម្រាប់​តំណែង​នេះ​។ ក្រុម​សាធារណរដ្ឋ​ចង់​ឲ្យ​ប្រធានាធិបតី​ថ្មី​ជា​អ្នកកំណត់​បេក្ខជន ខណៈដែល​បក្ស​ប្រជាធិបតេយ្យ​ចង់ឃើញ​ការតែងតាំង​នៅ​អាណត្តិ​លោក​អូ​បា​ម៉ា​។​



​ជា​រឿង​គួរ​ឲ្យ​សោកសៅ​មួយ​ដែល​ចៅក្រម​តុលាការ​កំពូល​អាមេរិក​លោក Antonin Scalia បាន​ស្លាប់​ក្នង​វ័យ​៧៩​ឆ្នាំ​។ លោក​ក្លាយជា​ចៅក្រម​ក្នុង​ស្ថាប័ន​កំពូល​នេះ​តាំងពី​អាណត្តិ​ប្រធានាធិបតី​លោក រ៉ូ​ណា​ល់ រី​ហ្គេ​ន ក្នុង​ឆ្នាំ​១៩៨៦ ដែល​ធ្វើ​ឲ្យ​លោក​ជា​ជនជាតិ​អាមេរិក​កាត់​អ៊ីតាលី​ទីមួយ​ដែល​ជាប់​ក្នុង​តំណែង​នេះ​។ ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​ការស្លាប់​របស់​ចៅក្រម​រូបនេះ ហើយនឹង​តែងតាំង​អ្នកថ្មី​មក​ជំនួស​វិញ​។​

​យ៉ាងណាក្ដី ដំណើរការ​តែងតាំង​បេក្ខជន​ថ្មី​នឹង​មិនមែនជា​រឿង​ងាយស្រួល​នោះទេ បើទោះបីជា​លោក អូ​បា​ម៉ា ប្រកាសថា​នឹង​ធ្វើតាម​រដ្ឋធម្មនុញ្ញ​ក្នុងការ​រើស​ចៅក្រម​ថ្មី​ក៏ដោយ​។ ប្រធានាធិបតី​រូបនេះ​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​សមាជិក​បក្ស​សាធារណរដ្ឋ​ដែល​កំពុង​ត្រួតត្រា​សភា ដ្បិត​លោក អូ​បា​ម៉ា​មាន​រយៈពេល​មិន​ដល់​មួយឆ្នាំ​ទេ​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​របស់លោក​។

​គណបក្ស​សាធារណរដ្ឋ​ដែលមាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ចង់ទុក​ឲ្យ​ប្រធានាធិបតី​ថ្មី​ជា​អ្នកសម្រេច​លើ​បេក្ខជន​ថ្មី​សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល​នេះ​។ នេះ​ក៏​ដោយសារតែ​ពួកគេ​យល់ថា បេក្ខជន​បក្ស​សាធារណរដ្ឋ​អាចនឹងទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅពេល​ខាងមុខ​។ បើតាម The Atlantic ប្រធាន​មតិ​ភាគច្រើន​ព្រឹទ្ធសភា​អាមេរិក​មកពី​បក្ស​សាធារណរដ្ឋ​លោក Mitch McConnell និយាយថា កៅអី​ដែល​ទំនេរ​នេះ​គួរ​ត្រូវបំពេញ​ដោយ​ប្រធានាធិបតី​ថ្មី​វិញ​។

​យ៉ាងណាក្ដី បក្ស​ប្រជាធិបតេយ្យ​បាន​ទ​ទួ​ច​ឲ្យ​លោក​ប្រធានាធិបតី​អូ​បា​ម៉ា ឆាប់​បញ្ជូន​ឈ្មោះ​បេក្ខជន​ចៅក្រម​ថ្មី​មកកាន់​ព្រឹទ្ធសភា​។ តែ​វា​ច្បាស់​ណាស់​ថា បក្ស​សាធារណរដ្ឋ​ដែល​ត្រួតត្រា​សភា​នឹង​បដិសេធ​រាល់​បេក្ខជន​ណា​ដែល​ត្រូវបាន​បញ្ជូន​ឈ្មោះ​មក​នៅពេលនេះ​ជាមិនខាន​។ ហើយ​វា​នឹងធ្វើ​តុលាការ​កំពូល​អាមេរិក​ពិបាកធ្វើ​ការមិន​ខាន ដ្បិត​ប្រធានាធិបតី​ថ្មី​នឹង​ចូលកាន់​តំណែង​នៅ​ខែមករា​ឆ្នាំក្រោយ​ឯណោះ​៕


Tag:
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com