កីឡាអន្តរជាតិ
អន្តរជាតិ
Messi ម្ចាស់​ពាន Ballon d’Or ៥​លើក តែ​ទើប​ឈ្នះ​ពាន​ប្រចាំខែ​ក្នុង La Liga ជា​លើកដំបូង​
14, Feb 2016 , 5:59 pm        
រូបភាព
ដោយ: ធីតា
​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Lionel Messi ដែល​លេង​ឲ្យ​ក្លិប Barcelona របស់​អេ​ស្ប៉ា​ញ ឈ្នះ​រង្វាន់​ជា​លក្ខណៈ​ជាច្រើន ជាពិសេស​ការទទួលបាន​ពាន FIFA Ballon d’Or ក្នុងនាម​ជា​កីឡាករ​បាល់ទាត់​ឆ្នើម​លើ​ពិភពលោក រហូតដល់​ទៅ​៥​លើក​។ ទោះបីជា​យ៉ាងណា វា​ទើប​ជា​លើកដំបូង​ប៉ុណ្ណោះ​ដែល កីឡាករ​រូបនេះ ទទួលបាន​ពាន​កីឡាករ​ឆ្នើម​ប្រចាំខែ​នៅ​ក្របខណ្ឌ​បាល់ទាត់​អេ​ស្ប៉ា​ញ «La Liga Player of the Month» ។​



​បន្ទាប់ពី​ឆ្លងកាត់​អាជីព​ជា​កីឡាករ​បាល់ទាត់​អស់​រយៈពេល​ប្រមាណ​១២​ឆ្នាំ Lionel Messi បាន​ក្លាយជា​កីឡាករ​ឆ្នើម​បំផុត របស់​ពិភពលោក​តាម​យៈ​ការ​ឈ្នះ​ពាន FIFA Ballon d’Or រហូតដល់​ទៅ​៥​លើក​។ ប៉ុន្តែ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​រូបនេះ គឺ​ការ​ឈ្នះ​ពាន La Liga Player of the Month ជា​លើកដំបូង​សម្រាប់​ខែមករា ឆ្នាំ​២០១៦​នេះ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ពាន​កីឡាករ​ឆ្នើម​ប្រចាំខែ​នៅ​ក្របខណ្ឌ La Liga ត្រូវបាន​បង្កើត​តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។ ពី​ខែកញ្ញា ឆ្នាំ​២០១៣ ដល់​ខែធ្នូ ឆ្នាំ​២០១៥ មាន​ការចែក​រង្វាន់​ចំនួន​២២​លើក ដោយ Messi មិនមាន​ប្រវត្តិ​ទទួលបាន​មួយ​លើក​ណា​សោះ ដោយ​រង់ចាំ​រហូតដល់​ខែមករា ឆ្នាំ​២០១៦ នេះ ទើប​មានឱកាស​ជា​លើកដំបូង​។​

​តាម​ប្រវត្តិ កីឡាករ​ចំនួន​៤​នាក់ ធ្លាប់​ឈ្នះ La Liga Player of the Month ចំនួន​២​លើក​តែម្នាក់ឯង ដែល​ក្នុងនោះ​មាន Diego Godin (Atletico Madrid), Antoine Griezmann (Atletico Madrid), Nolito (Celta Vigo) និង Cristiano Ronaldo (Real Madrid) ។​

​ជារួម ក្លិប Atletico Madrid មាន​កីឡាករ​ឈ្នះ​សរុប​៦​លើក​, Celta Vigo ៣​លើក​, Real Madrid ៣​លើក​។ សម្រាប់​ក្លិប Barcelona វិញ Lionel Messi ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំខែ​នេះ បន្ទាប់ពី Neymar ដែល​បានឈ្នះ​សម្រាប់​ខែវិច្ឆិកា ឆ្នាំ​២០១៥ ៕

Tag:
 បាល់ទាត់​
  Messi
© រក្សាសិទ្ធិដោយ thmeythmey.com