ជាតិ
អ្នកវិភាគ​កម្ពុជា ​ថា​មាន​លទ្ធផល​វិជ្ជមាន​ច្រើន​ក្រោយ​ជំនួប​អាមេរិក​-​អាស៊ាន​
26, Feb 2016 , 3:46 pm        
រូបភាព
​ភ្នំពេញ៖ កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន មាន​លទ្ធផល​វិជ្ជមាន​ច្រើន​ជុំវិញ​អនាគត​នៃ​ទំនាក់ទំនង​អាមេរិក​និង​អាស៊ាន វា​ក៏​រំលេច​ច្បាស់​ថា រដ្ឋបាល​អាមេរិក​ថ្មី​អាច​នៅ​បន្ត​នយោបាយ​ការបរទេស​ចំពោះ​អាស៊ីអាគ្នេយ៍​ដែលជា​មរតក​បន្សល់ទុក​ដោយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែរ​។  នេះ​ជាការ​យល់ឃើញ​របស់លោក ឈាង វណ្ណារិ​ទ្ធិ ជា​អ្នកស្រាវជ្រាវ និង​សហ​ស្ថាបនិក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​។​



​ក្នុង​បទ​បង្ហាញ​សាធារណ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ២៦ កុម្ភៈ​នៅ​វិទ្យា​សា្ថ​ន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ  វាគ្មិន និង​សហ​ស្ថាបនិក​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ (Cambodian Institute for Strategic Studies) លោក ឈាង វណ្ណារិ​ទ្ធិ យល់ឃើញថា លទ្ធផល​សំខាន់​វិជ្ជមាន​កើតឡើង​ក្រោយ​កិច្ចប្រជុំ​ពិសេស​អាមេរិក​-​អាស៊ាន​នៅ Sunnylands  មាន​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច សន្តិសុខ​និង​បញ្ហា​ពាក់ព័ន្ធ​ផ្សេង​ទៀតផង​។ បទ​បង្ហាញ​នេះ​ធ្វើឡើង​ជាង​១​សប្តាហ៍​ក្រោយ​កិច្ចប្រជុំ និង​ក្រោយ​ការលើកឡើង​របស់​សម្តេច ហ៊ុន សែន ជុំវិញ​ភាពជោគជ័យ​នៃ​កិច្ចប្រជុំ​។ 

​យោងតាម​ការតាមដាន​ដោយ​យកចិត្តទុកដាក់​ជុំវិញ​ដំណើរការ​និង​លទ្ធផល​នៃ​កិច្ចប្រជុំ អ្នកស្រាវជ្រាវ​រូបនេះ​ថា សេចក្តីថ្លែងការណ៍​រួម​រវាង​អាមេរិក​និង​អាស៊ាន ដែលមាន ១៧ ចំណុច​នោះ​បញ្ជាក់​ច្បាស់​ពី​ការប្រឹងប្រែង​និង​ប្តេជ្ញាចិត្ត​របស់​ប្រទេស​អាស៊ាន​ទាំង ១០ និង​អាមេរិក​ក្នុងការ​ពង្រឹង​ចំណង​ការទូត សេដ្ឋកិច្ច  នយោបាយ និង​សន្តិសុខ រួមទាំង​ការផ្សាភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​ផង​ក្នុង​ក្រម​ខណ្ឌ​ដៃគូ​យុទ្ធសាស្ត្រ​។

​ពាក់ព័ន្ធ​សារសំខាន់​ផ្នែក​នយោបាយ លោក ឈាង វណ្ណារិ​ទ្ធិ ពន្យល់ថា កិច្ចប្រជុំ​ពីរ​ថ្ងៃ​អាស៊ាន និង​អាមេរិក​កន្លង​មកជួយ​លើកកម្ពស់​ប្រព័ន្ធគ្រប់គ្រង​ដែល​ពឹង​ផ្អែកលើ​ច្បាប់ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​កសាង​ទំនុកចិត្ត និង​លើកកម្ពស់​គោលការណ៍​ស្នូល​អាស៊ាន​ជាដើម​។ 

​បើ​ក្រឡេកមើល​សារសំខាន់​សេដ្ឋកិច្ច​វិញ លោក​មើលឃើញថា កិច្ចប្រជុំ​នេះ​បាន​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ទ្វេភាគី​រវាង​អាមេរិក​និង​អាស៊ាន ជាពិសេស​វា​ជួយ​ដល់​ការកសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។ លោក​ក៏​លើកឡើង​ពី​សារសំខាន់​នៃ គម្រោង​ពាណិជ្ជកម្ម​ពហុភាគី​ស្តង់ដា​ខ្ពស់ «​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​»  របស់​អាមេរិក និង​សារសំខាន់​នៃ​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា  «​ការផ្សាភ្ជាប់​អាស៊ាន​និង អាមេរិក » (US-ASEAN Connect) ដែល​សុទ្ធសឹងតែ​ជួយ​ដល់  ការ​ចៃ្ន​ប្រឌិត លើក​ស្ទូ​យ​សហគ្រិនភាព​ជាដើម​។​

​ត្រលប់មក​បញ្ហា​សន្តិសុខ​វិញ លោក​អធិប្បាយ​ថា វេទិកា​កិច្ចប្រជុំ​អាមេរិក​និង​អាស៊ាន​បាន​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន​និង​អាមេរិក​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ មាន​ទាំង​ចលនា​ភេរវកម្ម ហិង្សា​ជ្រុលនិយម  ឧក្រិដ្ឋកម្ម​ឆ្លងដែន សន្តិសុខ​ដែនសមុទ្រ និង ការដោះស្រាយ​បញ្ហា​ជម្លោះ​ដោយ​សន្តិវិធី​ជាដើម​។ តាមពិតទៅ អាស៊ាន​ដើរតួនាទី​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​មនោគមន៍វិជ្ជា​ជ្រុលនិយម​និង​ភេរវកម្ម​។​

​លោក ឈាង វណ្ណារិ​ទ្ធិ សង្កត់ធ្ងន់ថា​៖ «​បើ​និយាយ​រឿង​សន្តិសុខ គ្មាន​តំបន់​ណា​ដែល​គាំទ្រ​អាមេរិក​ក្នុងការ​ប្រឆាំង​ភេរវកម្ម ខ្លាំង​ជាង​តំបន់​អាស៊ាន​ទេ​លើ​ពិភពលោក​»​។​

​ហើយ​ក្រៅពី​ចំណុច​គោល​ខាងលើ កិច្ចប្រជុំ​កន្លងមក ក៏បាន​រំលេច​ឲ្យ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​មហាអំណាច​អាមេរិក​ដោយ​សហការ​ជាមួយ​បណ្តា​រដ្ឋ​អាស៊ាន​ដើម្បី​ជំរុញ​ការរីកលូតលាស់​នៃ​ប្រព័ន្ធ​នីតិរដ្ឋ ប្រជាធិបតេយ្យ អភិបាលកិច្ច និង​ដោះស្រាយ​បញ្ហា​បរិស្ថាន​មានការ​ប្រែប្រួល​អាកាសធាតុ និង​សន្តិសុខ​អិន​ធឺ​ណែ​ត​ផងដែរ​។​

​យ៉ាងណាក៏ដោយ អ្វី​ដែលជា​ចំណុច​សំខាន់​គឺ វាគ្មិន​ខាងលើ​យល់ឃើញថា នយោបាយ​ការបរទេស​អាមេរិក​ភ្ជាប់​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ​នឹង​បន្ត​ទៅមុខ​នាពេល​អនាគត​ទោះ​មានការ​ផ្លាស់ប្តូរ​មេដឹកនាំ​ក្រោយ​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​ឆ្នាំនេះ​ក៏ដោយ​។ ហើយ​ការផ្លាស់ប្តូរ​ពី​ត្រឹម​ការ​សហប្រតិបត្តិការ​ខ្ពស់​ផ្នែក​សន្តិសុខ​ទៅ​ការសហការ​លើ​គ្រប់​វិស័យ​នា​នឹង​កើតមាន​នាពេល​អនាគត​ខាងមុខ​។​

​លោក ឈាង វណ្ណារិ​ទ្ធិថ្លែងថា​៖ «​ខ្ញុំ​មាន​ទំនុកចិត្ត​ថា បេក្ខជន​ទោះ​មកពី​គណបក្ស​ប្រជាធិបតេយ្យ ឬ​បក្ស​សាធារណរដ្ឋ​ក៏ដោយ ដែល​ជាប់ឆ្នោត​ខាងមុខ​នឹង​បន្ត​នយោបាយ​ការបរទេស​ពង្រឹង​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ជាពិសេស​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អាស៊ាន​»៕


Tag:
 ​អាមេរិក​-​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com