ជាតិ
ឯកឧត្តម កឹម សុខា​៖ កុំ​ឈ្លោះ កុំ​ឆ្លើយ និង​កុំ​ឆ្លង​... នេះ​ជា​ចំណុចខ្លាំង​របស់​យើង​
03, Mar 2016 , 1:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ព័ត៌មាន​ទាក់ទង​សំឡេង​ឆ្លើយ​ស្នេហា ដែលមាន​ការចោទប្រកាន់​ថា​ជា​សំឡេង​របស់​ឯកឧត្តម កឹម សុខា និង​យុវតី​ម្នាក់ មិនបាន​ធ្វើ​ឲ្យ​ប្រធានស្តីទី​គណបក្សប្រឆាំង​ស្មុ​គ្រ​ស្មាញ​អារម្មណ៍​នោះឡើយ​។ ដោយ​មិន​និយាយ​ចំ​ពី​បញ្ហា ឯកឧត្តម កឹម សុខា បាន​ថ្លែង​ទៅ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​២៥ រាជធានី​-​ខេត្ត នា​កិច្ចប្រជុំ​កាលពី​ព្រឹក​មិញ​ថា មិនត្រូវ​ធ្វើ​អ្វី​ទៅតាម​គេ​ចាក់​នោះឡើយ​។​



​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​ដូចដែល ខ្ញុំ​ធ្លាប់បាន​ជម្រាបជូន​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ​យើង ជា​ច្រើនដង​មកហើយ​។ យើង​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ​ជាច្រើន ហើយ​យើង​ក៏​ដឹង​ហើយ​ថា ដរាបណា​យើង​នៅតែ​រក្សា​គោលជំហរ រឹងមាំ​របស់​យើង តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​គឺ យើង​នៅតែ​ជួប​ឧបសគ្គ​ជាច្រើន​ត​ទៅមុខទៀត​»​។​

​ឯកឧត្តម កឹម សុខា បាន​បន្តថា​៖ «​យើង មាន​កិច្ចការ​ច្រើនណាស់ ដែល​ត្រូវធ្វើ​! យើង​កំពុង​ដើរ​តាមផ្លូវ​ត្រូវ​ហើយ យើង​កំពុងតែ​រួបរួមគ្នា​យ៉ាងរឹងមាំ​ហើយ នេះហើយ​ជា​ចំណុចខ្លាំង​របស់​យើង​!»​។​

​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ បាន​បញ្ជាក់ថា បក្ស​របស់លោក​ត្រូវតែ​ធ្វើ​ទៅតាម​គោលដៅ តាម​ផែនការ​យុទ្ធ​របស់ខ្លួន​ប៉ុណ្ណោះ​។ «​យើង​មិនត្រូវ​ធ្វើតាម​អារម្មណ៍ ឬ ធ្វើ​អ្វី​តាមតែ​គេ​ចាក់​ឲ្យ​យើង​លោត​នោះទេ ត្រូវ​រក្សា​នូវ​ការអត់ធ្មត់​តទៅទៀត ដូចដែល​ខ្ញុំ​បាន​ជម្រាប​ហើយ​ថា យើង​កុំ​ឈ្លោះ កុំ​ឆ្លើយ និង​កុំ​ឆ្លង​»​។ លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ​៕


Tag:
 ឯកឧត្តម កឹម សុខា​
  គណបក្ស​សង្គ្រោះ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com