សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​ត្រៀម​ទទួល​កំណើនប្រជាជន​ខ្លាំង ក្រោយ​អនុញ្ញាត​ឲ្យ​មានកូន​ពីរ​នាក់​
19, Mar 2016 , 8:00 pm        
រូបភាព
ដោយ:
​អស់​រយៈពេល​ជិត​បី​ខែ​មកហើយ ដែល​រដ្ឋាភិបាល​ចិន​អនុញ្ញាត​ឲ្យ​ប្រជាជន​របស់ខ្លួន​មាន​សិទ្ធិ​យក​កូន​លើសពី​ម្នាក់​។ នៅពេលនេះ​ចិន​កំពុងតែ​ត្រៀមខ្លួន​សម្រាប់​កំណើនប្រជាជន​នៅពេល​ខាងមុខ បើទោះជា​វា​នឹង​នាំ​បញ្ហា​ដល់​សង្គម និង​បរិស្ថាន​ក៏ដោយ​។ ជាមួយនឹង​ការចាត់វិធានការ​ទុក​មុន​របស់​រដ្ឋាភិបាល​ចិន បញ្ហា​ប្រឈម​ទាំងនេះ​អាច​នឹងត្រូវ​ដោះស្រាយបាន​។​

 
​កាលពី​ចុងឆ្នាំ​២០១៥ រដ្ឋាភិបាល​ចិន​បានសម្រេច​លុបចោល​គោលនយោបាយ​កូន​តែមួយ ដែល​បានដាក់​អស់​ពេល​ជា​យូរ និង​បានអនុញ្ញាត​ឲ្យ​ប្រជាជន​យកបាន​កូន​ពីរ​នាក់ ដើម្បី​ជំរុញ​កំណើន​កម្លាំង​ពលកម្ម​ដែល​ខ្វះខាត​។ ស្ត្រី​ចិន​ច្រើនជាង​៩០​លាន​នាក់ នឹងមាន​លទ្ធភាព​យក​កូន​លើក​ទី​ពីរ បន្ទាប់ពី​ការលុបចោល​នេះ ហើយ​វា​ច្បាស់​ណាស់​ថា ចិន​នឹងមាន សន្ទុះ​កំណើនប្រជាជន​យ៉ាង​ធំ​។ ប៉ុន្តែ​មាន​ការស្ទង់មតិ​មួយ​បង្ហាញថា មាន​ស្ត្រី​ជាង​២៨​ភាគរយ​ប៉ុណ្ណោះ​ចង់យក​កូន​ទី​ពីរ​នោះ ដែល​នេះ​នឹង​នាំ​ឲ្យ​ចិន​មាន​កំណើនប្រជាជន​ប្រចាំឆ្នាំ ប្រមាណ​៣​ទៅ​៤​លាន​នាក់​។​
 
​លោក ZhaiZhenwu នាយក​សមាគម​ប្រជាជន​ចិន បាន​ប៉ាន់​ស្មានថា កំណើនប្រជាជន​នឹង​ឈានដល់​ចំណុចកំពូល​នៅ​រយៈពេល​៤​ឬ​៥​ឆ្នាំ​ខាងមុខ ជាមួយនឹង​កំណើន​២០​លាន​នាក់​។ ក្រោយពី​នោះមក កំណើន​ទារក​កើន​ថ្មី​នឹង​នៅត្រឹម​ចំនួន​១៧​លាន​នាក់ ដែល​វា​គឺ​សមស្រប​នឹង​ស្ថានភាព​របស់​ចិន​។ ជាមួយនឹង​ការប៉ាន់ស្មាន​នេះ ប្រជាជន​ចិន​នឹង​កើន​ដល់​១.៤៥​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០២៩ គឺ​លឿន​ជាង​ការរំពឹងទុក​រយៈពេល​ពីរ​ឆ្នាំ​។​
 
​បើតាម​លោក Zhai នយោបាយ​កូន​ពីរ​នាក់ នឹង​ជួយ​ជំរុញ​ស្ថានភាព​កម្លាំង​ពលកម្ម ក៏ដូចជា​ប្រជាជន​ដែលមាន​វ័យ​ចំណាស់​។ នៅ​ឆ្នាំ​២០៣៥ ប្រជាជន​ច្រើនជាង​៣៥​លាន​នាក់ នឹងចូលរួម​ក្នុង​កម្លាំង​ពលកម្ម ហើយ​ភាគរយ​នៃ​ប្រជាជន​ចាស់ជរា នឹង​ធ្លាក់ចុះ​ពីរ​ភាគរយ​។ លោក​Zhai បន្ថែមថា នយោបាយ​កូន​ពីរ​នេះ​ក៏​ជួយ​ដល់​អត្រាកំណើន​សេដ្ឋកិច្ច​ប្រហែលជា​០.៥​ភាគរយ​ផងដែរ​។ លើសពីនេះទៅទៀត ការលុបចោល​នយោបាយ​កូន​មួយ​របស់​ចិន គឺជា​វិធានការ​ដោះស្រាយ​ការធ្លាក់ចុះ​កម្លាំង​ពលកម្ម ដែល​ចាប់ផ្ដើម​នៅ​ពី​ឆ្នាំ​២០១២​។​
 
​ទាក់ទង​នឹង​កំណើនប្រជាជន​លឿន​បែបនេះ ចិន​ហាក់ដូចជា​ត្រៀមខ្លួន​រួចស្រេច​ក្នុង​ដោះស្រាយ​បញ្ហា​ទាំងឡាយ​។ អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​គណៈកម្មាការ​ផែនការ​គ្រួសារ​ចិន លោក Wang Pei’an និយាយថា ចិន​បានរៀបចំ​វិធានការ​ការពារ​ទុក​មុន តាំងពី​ដប់ឆ្នាំ​មុន​មក​។ ពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០០៦ ចិន​បាន​បើក​ការស្រាវជ្រាវ​យុទ្ធសាស្ត្រ​លើ​កំណើនប្រជាជន​។ មួយឆ្នាំ​ក្រោយមក អាជ្ញាធរ​ចិន​បានចេញ​យុទ្ធសាស្ត្រ​បី​ជំហាន ដែល​អនុញ្ញាត​ឲ្យ​មានកូន​ទី​ពីរ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក Wang​។​
 
​យ៉ាងណាមិញ កំណើន​គំហុក​នៃ​ប្រជាជន​ចិន​នៅពេល​ខាងមុខ ក៏​មិនជា​រឿង​ល្អ​ប៉ុន្មាន​ដែរ​។ បញ្ហា​ប្រឈម​ជាច្រើន​នឹង​កើតមាន​ដូចជា ការបំពុល​បរិស្ថាន ការងារ​ស្ត្រី និង​ជីវភាព​គ្រួសារ ព្រមទាំង​បញ្ហា​សុខាភិបាល ដែល​ប្រឈមមុខ​នឹង​កង្វះខាត​គ្រែ​និង​បុគ្គលិក​ពេទ្យ​។ ជាមួយគ្នា​នោះ ក៏មាន​ការព្រួយបារម្ភ​លើ​ការងារ វិស័យ​អប់រំ និង​បញ្ហា​ផ្ទះសម្បែង ដែល​នឹង​កើតឡើង ក្រោយ​ពេលដែល​ទារក​ទាំងនោះ​ធំធាត់​។ 
 
​អ្នកជំនាញ​នានា​បាន​ប្រាប់​កាសែត People’s Daily ថា ដោយសារតែ​ជា​នេះ​ជា​បញ្ហា​ដែល​អាច​ទាយ​ទុក​មុន វា​ក៏មាន​វិធី​សម្រាប់​ដោះស្រាយ​បានដែរ​។ ស្របគ្នា​នេះ​ចិន​មានតែ​បន្ត​ដាក់ចេញ​នយោបាយ​គាំទ្រ​ផ្សេងទៀត ដើម្បី​លើកទឹកចិត្ត​ឲ្យ​ប្ដី​ប្រពន្ធ​យក​កូន​ទី​ពីរ​។ ជាក់ស្ដែង​នោះ ក្រសួងសុខាភិបាល​រប​ស់​ចិន កំពុងតែធ្វើការ​ជាមួយ​ក្រសួង​អប់រំ ដើម្បី​ប​ញ្ជូ​ល​ការសិក្សា​លើ​មុខវិជ្ជា​ពេទ្យ​កុមារ នៅតាម​សកល​វិទ្យាល័យ​នានា ដើម្បី​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​ពេលខាងមុខ​៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com