សង្គមអន្តរជាតិ​
អន្តរជាតិ
ថៃ និង​វៀតណាម សាទរ​ការ​បង្ហូរទឹក​របស់​ចិន​ក្នុងការ​ឆ្លើយតប​នឹង​គ្រោះរាំងស្ងួត​
20, Mar 2016 , 9:40 pm        
រូបភាព
ដោយ:
បញ្ហា​គ្រោះរាំងស្ងួត បាននិងកំពុង​តែ​វាយប្រហារ​ទៅលើ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ក្នុង​តំបន់​ជាច្រើន ជាពិសេស​នោះ គឺ​នៅ​ប្រទេស​ថៃ និង​វៀតណាម​។ ស្រប​ជាមួយនឹង​បញ្ហា​នេះ ចិន​ដែលជា​ប្រភព​ដ៏​ធំ​នៃ​ទន្លេមេគង្គ បានចេញ​គោលនយោបាយ​មួយ​ក្នុងការ​បង្ហូរទឹក​ចេញពី​ទំនប់​វា​រី​អគ្គិសនី​របស់ខ្លួន​ដើម្បី​សង្គ្រោះបន្ទាន់​ដល់​ប្រទេស​មេគង្គ​ក្រោម​ដែល​កំពុង​រង​នូវ​គ្រោះរាំងស្ងួត​ផងដែរ​។​


 
​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ច័ន្ទ អូ​ចា នៅ​ថ្ងៃទី​១៨ ខែមីនា បាន​អះអាងថា លោក​ពិតជា​រីករាយ ដែល​បានឃើញ​រដ្ឋាភិបាល​ចិន បង្ហូរទឹក​ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះរាំងស្ងួត​នៅក្នុង​ប្រទេស​ថៃ​។ លោក  បានបញ្ជាក់​ផងដែរ​ថា​ទឹក​ដែល​បង្ហូរ​នោះ បាន​ទៅដល់​ភាគ​ជើង​នៃ​ប្រទេស​ថៃ​ហើយ​។​
 
​ថៃ បាន​រង​នូវ​បញ្ហា​គ្រោះរាំងស្ងួត​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍ ដោយ​ទំនប់ ទឹកបាន​បម្រុង​ទឹក​ទុក​ក្នុង​កម្រិត​ទាប​បំផុត​តាំងពី​ឆ្នាំ​១៩៩៤ ហើយ ចុងក្រោយ​នេះ ស្រុក​ចំនួន​១៦ ក្នុង​ខេត្ត​ចំនួន​១២ បានប្រកាស​ក្នុង​តំបន់​មហន្តរាយ​នៃ​គ្រោះរាំងស្ងួត​។ ហើយ​ដោយសារតែ​បញ្ហា​នេះ​ផងដែរ អាជ្ញាធរ​ក្រុង​បាងកក ក៏បាន​ដាក់​បម្រាម​ទៅកាន់​ប្រជាជន​ក្នុងការ​កាត់បន្ថយ​ការលេង​បាចទឹក​ដែលជា​ល្បែង និង​ពី​ធី​មួយ​ដ៏​ពេញនិយម​របស់​ថៃ​នៅ​ក្នុងឱកាស​នៃ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ផងដែរ​។​
 
​ជុំវិញ​បញ្ហា​គ្រោះរាំងស្ងួត​នេះដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ គាំង បានប្រកាស​នៅ​ថ្ងៃទី​១៥ ខែមីនា កន្លងទៅ​ថា ចិន នឹង​បង្ហូរទឹក​សម្រាប់​ការផ្គត់ផ្គង់​ជាបន្ទាន់​ពី​ស្ថានីយ៍​វា​រី​អគ្គិសនី​ក្នុង ខេត្ត Yunna​ទៅកាន់​ទន្លេមេគង្គ​ក្រោម​ចាប់ពី​ថ្ងៃទី​១៥ ខែមីនា រហូតដល់​ថ្ងៃទី​១០ ខែមេសា​។ លោក លូ ក៏បាន​បន្ថែម​ដែរ​ថា ចិន ពិត​ជាមាន​ឆន្ទៈ​ក្នុង​បង្កើន​កិច្ចសហប្រតិបត្តិការ​ពិត​ប្រាកដ​ជាមួយ​ប្រទេស​ពាក់ ព័ន្ធ​ដោយយោង​តាម​យន្តការ​នៅក្នុង​ការគ្រប់គ្រង​ធនធានទឹក និង​ការឆ្លើយតប​គ្រោះមហន្តរាយ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​នៅក្នុង​តំបន់​។​
 
​តាមរយៈ​ការ​បង្ហូរទឹក​សង្គ្រោះបន្ទាន់​នេះ មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​គ្រោះរាំងស្ងួត​នៅក្នុង​ប្រទេស​ថៃ នោះទេ តែ​វៀតណាម​ដែល​ស្ថិត​តាម​ដង​ទន្លេមេគង្គ​ក៏​ទទួលបាន​ផលប្រយោជន៍​ផងដែរ​។ អតីត​អនុ​រដ្ឋ មន្ត្រី​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម​លោក Pham Hong Giang បាន​អះអាងថា ការបង្ហូរ​ទឹក របស់​ចិន សម្រាប់​ទន្លេមេគង្គ​គឺជា​គោលនយោបាយ​កិច្ចសហប្រតិបត្តិការ​។​
 
​ជាមួយគ្នានេះ អ្នកជំនាញ​វៀតណាម ក៏បាន​បញ្ជាក់ដែរថា តំបន់​ជាច្រើន​នៃ​វៀតណាម​កំពុងតែ​ត្រូវការ ទឹក ហើយ​នៅពេលដែល​ទឹក​ដែល​ចិន​បង្ហូរ​តាម​ដង​ទន្លេមេគង្គ​មកដល់​ប្រទេស​វៀតណាម​ដែរនោះ វា​នឹង​ជួយសង្គ្រោះ​តំបន់​ទាំងនោះ​ពី​គ្រោះរាំងស្ងួត​មួយ​ភាគ​ដែរ​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ទន្លេមេគង្គ​មាន​ប្រភព​ធំ​នៅក្នុង​ប្រទេស​ចិន ហើយ​ទន្លេ​នេះ ក៏​ហូរ​កាត់​ប្រទេស អាស៊ាន​ប្រាំ​ផងដែរ​។ ក្នុងនោះ​រួមមាន មី​យ៉ាន់​ម៉ា ឡាវ ថៃ កម្ពុជា និង វៀតណាម​៕ 
 

Tag:
 ថៃ
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com