ជាតិ
កម្មវិធី​បង្អែម​នៃ​ក្តី​ស្រឡាញ់​រំពឹង​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ពលរដ្ឋ​ខ្មែរ​
02, Apr 2016 , 11:17 am        
រូបភាព
​ប្រធាន​សមាគម​ចុងភៅ​កម្ពុជា លោក ឡុង បូរ៉ា
​ប្រធាន​សមាគម​ចុងភៅ​កម្ពុជា លោក ឡុង បូរ៉ា
សៀមរាប​៖ កម្មវិធី «​បង្អែម​នៃ​ក្តី​ស្រឡាញ់​» ដែលជា​កម្មវិធី​ធ្វើ​បង្អែម​ខ្មែរ ចែកជូន​ប្រជាពលរដ្ឋ​ចូល​ហូប​ដោយ​ឥត​ថ្លៃ រំពឹងថា​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ប្រជាពលរដ្ឋ​ខ្មែរ​។ កម្មវិធី​បង្អែម​នៃ​ក្តី​ស្រឡាញ់ រៀបចំ​ធ្វើ​នៅ​បរិវេណ​សួនច្បារ​មហាសណ្ឋាគារ​អង្គរ ឫ Grand Hotel​។​



​ប្រធាន​សមាគម​ចុងភៅ​កម្ពុជា លោក ឡុង បូរ៉ា បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹង​កាលពី​​ថ្ងៃទី​១ មេសា​ថា សមាគម​របស់លោក បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ម ដើម្បី​រៀបចំ​កម្មវិធី​បង្អែម​នៃ​ក្តី​ស្រឡាញ់​។ លោក បូរ៉ា​បន្តថា កម្មវិធី​នេះ នឹងធ្វើ​នំផ្លែអាយ និង​នំ​បាយ​ត្រៀប ដើម្បី​ចែកជូន​ដល់​ប្រជាជន​ខ្មែរ ចូល​ហូប​ដោយ​ឥតគិតថ្លៃ​។​

​ចំពោះ​ការចំណាយ និង​បរិមាណ​នំ លោក ឡុង បូរ៉ា មិនបាន​បញ្ជាក់​នោះទេ ដោយ​លោក​គ្រាន់តែ​និយាយថា ការបើក​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ភ្លក់​បង្អែម គឺ​ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​រសៀល​។ ហើយ​កម្មវិធី​នេះ អាច​នឹង​ផ្តើម​សាកល្បង​ធ្វើ​ចាប់ពី​ថ្ងៃទី​១២ មេសា​ទៅ រហូតដល់​ថ្ងៃ​បញ្ចប់​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ លោក​ប្រធាន​សមាគម​ចុងភៅ​បន្ថែមថា​៖« ការចំណាយ​គឺ​ខាង​យុវជន ហើយ​ខ្ញុំ​មិនទាន់​អាច​បញ្ជាក់​ទំហំ​ចំណាយ​ច្បាស់លាស់​ដែរ​។ អ្វីៗ​យើង​បានរៀបចំ​រួចរាល់​ហើយ នៅ​ចាំតែ​ថវិកា ដែល​គេ​ទម្លាក់​មក​តែប៉ុណ្ណោះ​»​។​

​គ្រឿងផ្សំ​សម្រាប់ធ្វើ​នំផ្លែអាយ និង​បាយ​ត្រៀប ក្នុងនោះ​រួមមាន អង្ករដំណើប ខ្ទិះដូង ស្ករត្នោត និង​ស្លឹកចេក​។ បើទោះបី​វា​ជា​កម្មវិធី​លើកដំបូង​ក៏ពិតមែន ប៉ុន្តែ​ខាង​សមាគម​ចុងភៅ មាន​សុទិដ្ឋិនិយម​ថា នឹងមាន​អ្នកចូលរួម​ខ្ទង់​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃៗ ។ លោក បូរ៉ា រំពឹងថា នឹងមាន​កម្មវិធី​បែបនេះ​ជា​រឿង​រាល់​ឆ្នាំ ដើម្បី​ចែក​រំ​លែង​ដល់​ប្រជាជន​ខ្មែរ ឲ្យ​យល់ដឹង​ពី​បង្អែម ក៏ដូចជា​បាន​ភ្លក់​បង្អែម​របស់​ខ្មែរ​៕






Tag:
 បង្អែម
  សមាគម​ចុងភៅកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com