ជាតិ
អាជ្ញាធរ​អប្សរា​រកឃើញ​ទូក​បុរាណ​កប់​ក្នុង​ខ្សាច់​នៅ​ខេត្តសៀមរាប​
09, Apr 2016 , 3:01 pm        
រូបភាព
រូបថត៖ ពីហ្វេសប៊ុក CHAN Sothea
រូបថត៖ ពីហ្វេសប៊ុក CHAN Sothea
ដោយ:
 
​សៀមរាប​៖ ទូក​បុរាណ​ដែលមាន​ទ្រង់ទ្រាយ​មិន​ដូច​ទូក​បច្ចុប្បន្ន ត្រូវបាន​រកឃើញ​នៅ​ភូមិ​បំពេញរាជ្យ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​។  ទូក​បុរាណ​ដែល​អាជ្ញាធរ​អប្សរា​រកឃើញ​នេះ ត្រូវបាន​យកមក​តម្កល់​នៅ​ទីតាំង​អាជ្ញាធរ​អប្សរា ហើយនឹង​បញ្ចូល​ទៅ​ដា​ក់នៅ​កសិណ​ក្នុង​ទីធ្លា​នៃ​ប្រាសាទអង្គរវត្ត​។ នេះ​បើតាម​អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល​។  



​ទូក​បុរាណ​ដែល​រកឃើញ​នៅក្នុង​ការដ្ឋាន​បូ​ប​ខ្សាច់​មួយកន្លែង ស្ថិតនៅ​ភូមិ​បំពេញរាជ្យ ឃុំ លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប គឺមាន​សភាព​ចាស់​ទ្រុឌទ្រោម និង​មាន​ទ្រង់ទ្រាយ​ប្លែក ដែល​ទូក​បច្ចុប្បន្ន​មិនទាន់មាន​។ ទូក​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ដើមឈើ​មួយ​ដើម​។ នេះ​បើ​យោងតាម លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​០៩ ខែមេសា​នេះ លោក ឡុង កុសល បាន​ឲ្យ​ដឹង​ទៀតថា អាជ្ញាធរ​អប្សរា​មិនទាន់​អាច​កំណត់ថា តើ​ទូក​បុរាណ​នេះ ដូនតា​ខ្មែរ​ធ្វើឡើង​តាំងពី​សម័យ​ណា​នោះទេ ហើយក៏​មិនដឹងថា ទូក​នេះ គឺជា​ប្រភេទ​ទូក​អ្វី​ដែរ ប៉ុន្តែ​គ្រាន់តែ​ដឹងថា ទូក​ដែល​កម្ពុ​ជាមាន​បច្ចុប្បន្ន​នេះ គឺ​មិនមាន​រូបរាង​ដូច​ទូក​បុរាណ​នេះឡើយ​។ 
  
​លោក ឡុង កុសល បាន​បន្ថែមថា អាជ្ញាធរ​អប្សរា​នឹង​យក​ទូក​បុរាណ​ទៅ​ដាក់​នៅក្នុង​កសិណ​នៃ​ទីធ្លា​ប្រាសាទអង្គរវត្ត​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ពេលនេះ ទូក​នេះ កំពុង​រក្សាទុក​នៅ​អាជ្ញាធរ​អប្សរា ហើយ​អាជ្ញាធរ​អប្សរា​នឹង​យក​ទូក​នេះ ទៅ​ដាក់​ក្នុង​កសិណ​នៃ​ទីធ្លា​ប្រាសាទអង្គរវត្ត ពីព្រោះ ទូក​នេះ​មាន​សភាព​ចាស់ អាជ្ញាធរ​អប្សរា​មិន​ទុក​លើគោក​នោះទេ ខ្លាច​អាកាសធាតុ​មានការ​ប្រែប្រួល​អាចធ្វើ​ឲ្យ​ខូចខាត​»៕    
 

Tag:
 អាជ្ញាធរ​អប្សរា​
  ឡុង កុសល​
© រក្សាសិទ្ធិដោយ thmeythmey.com