ការវិលទៅនៃផែនដីចំនួន ៣៦៥ថ្ងៃ ៦ម៉ោង ១២នាទី និងជាង ២៩វិនាទី បានវិលជុំវិញព្រះអាទិត្យ ម្តង គេហៅថា ១ឆ្នាំ។ ក្នុង ១ឆ្នាំមាន៣ ឬ ៤ ឬក៏ ៦រដូវ ស្របទៅតាមកន្លែងនីមួយៗ។ ធម្មជាតិទាំងឡាយដែលអាស្រ័យរដូវ ក៏បានបញ្ចេញផលានុផលរបស់ខ្លួនឲ្យរួចស្រេចហើយ។ ឯមនុស្សលោកក្រោយពីធ្វើការហត់នឿយយ៉ាងច្រើនមក គេឈប់សម្រាក់ គេធ្វើបុណ្យរួមគ្នាឲ្យបានសប្បាយម្តង បុណ្យនោះគេហៅថា បុណ្យចូលឆ្នាំថ្មី។ ការកំណត់ពេល និងពិធីចូលឆ្នាំថ្មី ប្លែកៗគ្នាស្របទៅតាមជំនឿទំនៀបទម្លាប់ និង ប្រពៃណីរបស់ពួកគេ។
ខ្មែរយើងគ៏មានពិធីបុណ្យចូលឆ្នាំថ្មីរបស់យើងដែរ។ ពីដើម ខ្មែរយើងកំណត់ពេលធ្វើបុណ្យចូលឆ្នាំថ្មីនៅខែមិគសិរ បានជារាប់ខែមិគសិរនេះ ជាខែទី១។ លុះមកដល់សម័យមហានគរ ខ្មែរយើងកែប្រែមកធ្វើបុណ្យចូលឆ្នាំថ្មីនៅខែចេត្រ (១៣មេសា) វិញ ព្រោះខែមិគសិរនៅមានកិច្ចការមមាញឹកច្រើនពេក។
បុណ្យចូលឆ្នាំថ្មីរបស់ខ្មែរយើង មិនបញ្ចប់ត្រឹមការឈប់សម្រាក និងការសប្បាយប៉ុណ្ណោះទេ។ គេត្រូវតែធ្វើកិច្ចតមស្នងសងគុណ និងសន្សំបុណ្យកុសលផ្សេងៗផងដែរ។ ទិសដៅរបស់បុណ្យចូលឆ្នាំថ្មី គឺដើម្បីមនុស្សរស់ច្រើនជាងមនុស្សស្លាប់។
កិច្ចការដែលត្រូវធ្វើមុនថ្ងៃចូលឆ្នាំថ្មី ៣យ៉ាងគឺ៖
ទី១ សម្អាតផ្ទះសម្បែង វត្តអារាម និងកាត់សម្លៀកបំពាក់ថ្មី (ពីដើម មិនសម្បូណ៌សម្លៀកពំពាក់ទេ)។
ទី២ រៀបចំទេយ្យវត្ថុ សម្រាប់ជូនលោកអ្នកមានគុណ និងវត្ថុផ្សេងៗ សម្រាប់សប្បាយក្នុងពេល ចូលឆ្នាំថ្មី។
ទី៣ រៀបចំទេយ្យវត្ថុ សម្រាប់ធ្វើបុណ្យកុសលក្នុងវត្តអារាម។
បុណ្យចូលឆ្នាំថ្មី គេកំណត់ធ្វើ ៣ថ្ងៃ គឺ៖
ទី១ ថ្ងៃចូលឆ្នាំថ្មី ហៅថា ថ្ងៃសង្ក្រាន្ត គេនាំគ្នាទៅវត្តរបាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ទេសនា...។
ទី២ ថ្ងៃកណ្តាល ហៅថា ថ្ងៃវារវ័នប័ត គេជូនទេយ្យវត្ថុលោកអ្នកមានគុណ ចែកទានដល់អ្នកទ័លក្រ និងនាំគ្នាទៅវត្តដូចថ្ងៃមុន។
ទី៣ ថ្ងៃឆ្លងបុណ្យ ហៅថ្ងៃឡើងសក្តិ គេនាំគ្នាទៅឆ្លងបុណ្យ នៅវត្តរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ទេសនា ស្រង់ព្រះ ស្រង់ភិក្ខុសង្ឃ...។
ដោយវត្តអារាម ជាមជ្ឃមណ្ឌលនៃវប្បធម៌ខ្មែរ ពិធីបុណ្យទាំងឡាយ គេច្រើនតែនាំគ្នាទៅធ្វើក្នុងទីវត្តអារាម សូម្បីតែល្បែងប្រជាប្រិយផ្សេងៗ ដូចលេងអង្គញ់ ចោលឈូងជាដើម ក៏គេអាចទៅលេងក្នុងទីវត្តបានដែរ។ ឯវត្តក៏ត្រូវតែជួយសម្រួលកិច្ចការនោះឲ្យប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរផង៕
ប្រភព៖ សៀវភៅពុទ្ធសាសនា និងការអប់រំសង្គម