ជាតិ
ល្បែង​ចោល​ឈូង ធ្វើ​ឲ្យ​ភ្នែក​ឈ្លាសវៃ ហើយ​ដៃ​រហ័ស​
16, Apr 2017 , 7:59 am        
រូបភាព
ល្បែង​ចោល​ឈូង ជា​ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ក្នុងចំណោម ល្បែង​កម្សាន្ត​ដទៃទៀត ដែល​ពលរដ្ឋ​កម្ពុជា តែង​លេង​មុន​និង​ក្នុងអំឡុង​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។ ក្រៅពី​ផ្តល់​ភាពសប្បាយ​រីករាយ ល្បែង​នេះ ក៏​នាំ​ឲ្យ​មនុ​ស្សមាន​ភ្នែក​ឈ្លាសវៃ និង​ដៃ​រហ័សរហួន ផងដែរ​។



​បើ​អ្នកសិក្សា​ពី​ផ្នត់គំនិត​បុព្វបុរស​ខ្មែរ​ឲ្យ​បាន​ស៊ីជម្រៅ នោះ​អ្នកនឹង​គត់​សម្គាល់​ឃើញ​ចំណុច​ពិសេស​មួយ គឺ «​អត្ថន័យ​ក្នុង​រូបភាព​»​។ ត្រង់នេះ ចង់​បញ្ជាក់ថា ដូនតា​ខ្មែរ តែង​បង្ក​ត់​ខ្លឹមសារ​ទៅលើ​អ្វីៗ​ដែល​បាន​បង្កើតឡើង ដូចជា ប្រាង្គ​ប្រាសាទ រូបចម្លាក់ ផ្ទាំងគំនូរ ពិធីបុណ្យ និង​ល្បែង​កម្សាន្ត ជាដើម​។ ដូច្នេះ ល្បែង​ចោល​ឈូ​ល ប្រាកដ​ជាមាន​ខ្លឹមសារ និង​វត្ថុបំណង ជាក់​ជាក់​មិន​ខាន​។​

គោលបំណង​នៃ​ការបង្កើត​ល្បែង​ចោល​ឈូង​នេះ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់រូប ជាពិសេស​កំលោះ ក្រមុំ បាន​ជួបជុំគ្នា និង​លេង​សប្បាយ ក្នុង​រដូវចូលឆ្នាំ​។  ល្បែង​នេះ មិន​ត្រឹមតែ​ញ៉ាំង​បរិយាកាស​នៃ​ការជួបជុំ​យុវជន ឲ្យ​រីករាយ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្ហាត់បង្រៀន​ពួកគេ ឲ្យ​មាន​ភ្នែក​វាងវៃ និង​ដៃជើង រហ័សរហួន ផងដែរ​។

ហេតុផល​ដែលថា ល្បែង​នេះ អាចធ្វើ​ឲ្យ​ភ្នែក​ឈ្លាសវៃ ហើយ​ដៃជើង​រហ័ស ព្រោះ​ទាំង​ក្រុម​នារី និង​ក្រុម​បុរស ដែលជា​អ្នកចូលរួម​លេង ត្រូវតែ​ប្រុង​ប្រ័យ​ត្ន​ទាំងសងខាង ក្នុងការ​ចាប់​ឈូង​។

មុនដំបូង ពួក​បុរសៗ បោះ​ឈូង​ទៅអោយ​ពួក​នារីៗ ដោយ​តម្រូវ​ឲ្យ​ក្រុម​នារី ចាប់​ឈូង​ឲ្យ​បាន​។ បើ​ភាគី​នារី​ចាប់​ឈូង​មិនបាន ហើយ​បណ្តាល​ឲ្យ​ធ្លាក់​ដល់​ដី គេ​ចាត់ទុកជា​ស្អុយ​។ បន្ទាប់មក ខាង​នារី ត្រូវ​បោះ​ឈូង​ទៅខាង​បុរស​វិញ​ម្តង​។ នៅពេល​ខាង​បុរស​ចាប់​ឈូង​បាន នោះ​ពួកគេ​នឹង​ចោល​សំដៅ​ទៅខាង​នារី បើ​ចោល​ឈូង​ត្រូវ​នារី​ណា​ហើយ នារី​នោះ​ត្រូវយក​ឈូង​ទៅជូន​ខាង​ប្រុស អមដោយ​ចម្រៀង​និង​ការ​រាំ​ផង ហៅថា «​ច្រៀង​រាំ​ជូន​ឈូង​»​។

នៅពេល​ច្រៀង​រួចហើយ ក៏​ហុច​ឈូង​នោះ​ទៅ​ឲ្យ​បុរស​វិញ​។  បន្ទាប់មក ពួក​បុរស ក៏​ផ្ដើម​បោះ​ឈូង​នោះ​ទៅ​ឲ្យ​ពួក​នារី​វិញ​។ នៅពេល​ក្រុម​នារី​ចាប់​ឈូង​បាន ពួកគេ​ត្រូវ​ចោល​សំដៅទៅ​ពួក​បុរស បើ​ចោល​ឈូង​ត្រូវ​បុរស​ណា បុរស​នោះ ត្រូវ​ច្រៀង​រាំ នាំ​ឈូង​ទៅជូន​នារី វិញ​ម្តង​។ ដូច្នេះហើយ ក្នុងអំឡុង​នៃ​ការលេង​ល្បែង​នេះ ទាំង​ភាគី​នារី និង​ភាគី​បុរស ត្រូវតែ​ប្រើ​ភ្នែក​ឲ្យ​វាងវៃ និង​ដៃជើង ត្រូវ​រហ័សរ​ហួត ដើម្បី​ចាប់​ឈូង​៕

​ប្រភព​៖ សៀវភៅ ល្បែង​ប្រជាប្រិយ​ខ្មែរ​


Tag:
 ចូលឆ្នាំខ្មែរ
  ឈូង
© រក្សាសិទ្ធិដោយ thmeythmey.com