ជាតិ
ហេតុអ្វី លោក គ​ង្គ ប៊ុន​ឈឿន ប្រាថ្នា​រូបសំណាក​លើទឹក​ដី​កំណើត ?
18, Apr 2016 , 10:58 am        
រូបភាព
 

​ក្នុង​ខែមករា​ដើមឆ្នាំ​នេះ លោក គ​ង្គ ប៊ុន​ឈឿន បាន​យល់ព្រម​ផ្តល់​កិច្ចសម្ភាសន៍​តាម​ទូរ​សព្ទ​ពី​ប្រទេស​ន័​រវេ ដល់​សារព័ត៌មាន​ថ្មីៗ ដើម្បី​អរគុណ​អភិបាលខេត្ត​បាត់ដំបង លោក ចាន់ សុផល​។ អភិបាលខេត្ត​បាត់ដំបង បានរៀបចំ​រម្លឹក​ដើមដូងទី១០ក្បែរស្ទឹងសង្កែ ដែលជា​អត្ថន័យ​ចម្រៀង​មួយ​របស់ លោក គ​ង្គ ប៊ុន​ឈឿន​។ នោះ​គឺជា​បទសម្ភាសន៍​ចុងក្រោយ​មួយ​ដែល​កវី​ម្ចាស់​ស្ទឹង​សង្កែ​បានផ្តល់​ដល់​សារព័ត៌មាន ខណៈដែល​លោក​កំពុង​រង​ទុក្ខ​ដោយសារ​ជំងឺមហារីក​តម្រង់​នោម​។​

 
​នៅក្នុង​បទសម្ភាសន៍​ជាមួយ លោក លាង ដឺ​លុច អគ្គនាយករង​នៃ​សារព័ត៌មាន​ថ្មីៗ លោក គ​ង្គ ប៊ុន​ឈឿន បាន​មានប្រសាសន៍ថា នៅពេល​អស់​ជីវិត លោក​ចង់​ឲ្យ​គេ​ប្រតិស្ឋាន​រូបលោក​ នៅ​ទីកន្លែង​ដែល​លោក​ធ្លាប់​អង្គុយ​និពន្ធ​បទ​ចម្រៀង ឬ​នៅ​កន្លែង​ណាមួយ​ក៏បាន​នៅលើ​ទឹកដី​កំណើត​របស់លោក​។ គោល​គំនិត​នៃ​ការ​ត្រឡប់​មកលើ​ទឹកដី​កំណើត​វិញ​នៃ​វិញ្ញាណ​ឬ​ព្រលឹង​របស់​កវី​រូបនេះ គឺ​មិន​ត្រឹមតែ​ការផ្សារភ្ជាប់​ជីវិត​លោក​នៅក្នុង​ស្ទឹង​សង្កែ​តែមួយ​នោះទេ ប៉ុន្តែ​សម្រាប់​លោក វា​ក៏​ជា​អនុស្សាវរីយ៍​នៃ​អ្នកនិពន្ធ​ជំនាន់​ចាស់​សម្រាប់​អ្នកនិពន្ធ​ជាន់ក្រោយ ហើយ​វា​ក៏​អាច​ក្លាយជា​ទីកន្លែង​ទេសចរណ៍​ថ្មី​នៅក្នុង​ខេត្តបាត់ដំបង​ដែរ​។​

​សំឡេង​លោក​ គង្គ ប៊ុន​ឈឿន​



 
​ការចង់បាន​រូបសំណាក​នៅលើ​ទឹកដី​កំណើត ក្រោយ​ខ្លួន​អស់​ជីវិត គឺជា​ក្តី​ស្រមៃ​តាំងពី​យូរ​របស់លោក គ​ង្គ ប៊ុន​ឈឿន​។ នេះ​បើតាម​ការរៀប​រាប់រប​ស់លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​។ សម្រាប់​កវី​រូបនេះ​ដដែល ការ​នឹករលឹក​ពី​មហាជន​ចំពោះ​រូបសំណាក​របស់លោក វា​នឹងធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​មោទន​ថា លោក​ពិតជា​បានធ្វើ​អ្វីមួយ​សម្រាប់​ទឹកដី​កំណើត​របស់លោក​។​
 
​សំឡេង​លោក គង្គ ប៊ុនឈឿន



 
​គួររម្លឹកថា កវី​ម្ចាស់​ស្ទឹង​សង្កែ​តាំងពី​ទស្សវត្សរ៍​ទី​៦០​នោះ បាន​ចាក​ចេញពី​ប្រទេស​កំណើត​កម្ពុជា​ទាំង​បង្ខំចិត្ត​នៅក្នុង​ឆ្នាំ​២០០០ ហើយ​បាន​បន្ត​រស់នៅ​ក្នុងប្រទេស​ថៃ​រយៈពេល​៥​ឆ្នាំ មុននឹង​លោក​បាន​ទៅដល់​ប្រទេស​ន័​រវេ ដែលជា​ប្រទេស​ទី​៣ នៅក្នុង​ឆ្នាំ​២០០៥​។ នៅ​ន័​រវេ កវី​គ​ង្គ ប៊ុន​ឈឿន បាន​បន្ត​ការនិពន្ធ តែង​កំណាព្យ ទាំង​ខ្លួន​មាន​ជំងឺ​។ រហូតដល់​ឆ្នាំ​២០១៣ លោក គ​ង្គ ប៊ុន​ឈឿន បាន​មានឱកាស​មកលេង​ប្រទេស​កំណើត​បាន​ម្តង​។ គឺ​នៅពេលដែល​ត្រឡប់​ទៅ​ប្រទេស​ន័​រវេ​វិញ​នោះ​ហើយ ដែល​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​កាន់តែខ្លាំង​។ នេះ​បើតាម​ការ​បញ្ជាក់​របស់លោក គ​ង្គ ប៊ុន​ឈឿន ប្រាប់​សារព័ត៌មាន​ថ្មីៗ​។​
 
​នៅ​ថ្ងៃទី​១៧​មេសា​ឆ្នាំ​២០១៦ កវី​ម្ចាស់​ស្ទឹង​សង្កែ​បានទទួល​មរណភាព​ដោយ​ជំងឺមហារីក​នៅក្នុង​ប្រទេស​ន័​រវេ​៕
 





 

Tag:
 គ​ង្គ ប៊ុន​ឈឿន
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com