ជាតិ
អាជ្ញាធរខេត្តបាត់ដំបងនឹងបំពេញបំណងលោក គង្គ ប៊ុនឈឿន បើមានការគាំទ្រច្រើន
×
អាជ្ញាធរខេត្តបាត់ដំបង នឹងសាងសង់ទីកម្កល់ធាតុ ឬរូបសំណាកលោក គង្គ ប៊ុនឈឿន នៅមាត់ស្ទឹងសង្កែ ដើម្បីជាការគោរព ដឹងគុណដល់កវីម្ចាស់ស្ទឹងសង្កែដ៏ល្បីល្បាញរូបនេះ ប្រសិនបើមានការគាំទ្រពីមហាជនច្រើន។ មានទីតម្កល់ធាតុ ឬរូបសំណាក នៅមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបងដែលជាទឹកដីកំណើតរបស់ខ្លួន គឺជាបំណងចុងក្រោយរបស់កវីម្ចាស់ស្ទឹងសង្កែគង្គ ប៊ុនឈឿន។
ទីតម្កល់ធាតុ ឬ
រូបសំណាកលោក គង្គ ប៊ុនឈឿន នៅមាត់ស្ទឹងសង្កែ អាចនឹងត្រូវសាងសង់ឡើង ដើម្បីបំពេញបំណងចុងក្រោយរបស់កវីម្ចាស់ស្ទឹងសង្កែរូបនេះ ប្រសិនបើមានការគាំទ្រច្រើនពីសំណាក់មហាជន។ នេះជាការបញ្ជាក់របស់ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង។
លោក បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមខ្សែទូរសព្ទនៅថ្ងៃទី១៨ខែមេសានេះថា៖«បើសិនណាមានការគាំទ្រយើងនឹងធ្វើ។ ដូច្នេះយើងចាំមើលមតិភាគច្រើន គាត់ជួយផ្តល់យោបល់មកខ្ញុំ ទើបខ្ញុំអាចសម្រេចថាយកកន្លែងណាជូនគាត់(គង្គ ប៊ុនឈឿន)បាន។ យើងគិតដល់គាត់»។
ផ្ទុយទៅវិញ ប្រសិនបើមហាជនជំទាស់ លោកច័ន្ទ សុផល បានបញ្ជាក់ថា ទីតម្កល់ធាតុរបស់ម្ចាស់កវីស្ទឹងសង្កែ អាចនឹងត្រូវសាងសង់នៅក្នុងវត្តវិបុលត្ថារាម ឬវត្តកណ្តាល ជាទីដែលលោកគង្គ ប៊ុនឈឿន ធ្លាប់បួសរៀន ហើយនៅមាត់ស្ទឹងសង្កែអាចត្រឹមតែសាងសង់ជារូបសំណាកលោក គង្គ ប៊ុនឈឿន ដើម្បីបញ្ជាក់ពីការគោរពដឹងគុណ។
បន្ទាប់ពីរៀបរាប់បន្ថែមជុំវិញទីតម្កល់ធាតុ ឬរូបសំណាករបស់ លោក គង្គ ប៊ុនឈឿន លោក អភិបាលខេត្តបាត់ដំបង ក៏បានសម្តែងការសោកស្តាយចំពោះមរណភាពរបស់កវីដ៏ល្បីល្បាញរូបនេះដែរ។ សម្រាប់លោក ច័ន្ទ សុផល និងអ្នកបាត់ដំបងផ្ទាល់ មានការសោកស្តាយ អាឡោះអាឡ័យ និងចងចាំ គោរព ដឹងគុណចំពោះស្នាដៃជាច្រើនរបស់គាត់ដែលបានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ។
ចំពោះពិធីតាមបែបសាសនាវិញ លោក ច័ន្ទ សុផល បានបញ្ជាក់ថា អាជ្ញាធរអាចរៀបចំនៅក្នុងបរិវេណវត្តពោធិ៍វាល ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ដើម្បីបង្ហាញការយកចិត្តទុកដាក់ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់លោក គង្គ ប៊ុនឈឿន។
លោក គង្គ ប៊ុនឈឿន ដែលជាកវី អ្នកនិពន្ធរឿងប្រលោមលោក និងជាអ្នកនិពន្ធបទចម្រៀងជាច្រើនរយបទឲ្យអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញនៅក្នុងទស្សវត្សរ៍៧០ បានទទួលមរណភាពក្នុងវ័យ៧៧ឆ្នាំ នៅម៉ោង៧ព្រឹកម៉ោងនៅក្នុងប្រទេសន័រវេ ត្រូវនឹងម៉ោង១រសៀលម៉ោងនៅកម្ពុជាថ្ងៃទី១៧ខែមេសាឆ្នាំ២០១៦៕
Tag:
គង្គ ប៊ុនឈឿន
ច័ន្ទ សុផល
បាត់ដំបង
ស្ទឹងសង្កែ
© រក្សាសិទ្ធិដោយ thmeythmey.com