ជាតិ
ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ សង់​ប្រាសាទព្រះខ័ន​កំពង់ស្វាយ ដើម្បី​រម្លឹក​ជ័យជម្នះ​លើ​ទ័ព​ចម្ប៉ា ​ឈ្លានពាន​ក្រុង​អង្គរ​
20, Apr 2016 , 9:26 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រាសាទព្រះខ័ន​កំពង់ស្វាយ (​អ្នកស្រុក​ហៅ ប្រាសាទ​បាកាន​) មាន​ចំងាយ​ប្រមាណ ២៩០​​​​គីឡូម៉ែត្រ​​​​​​​​​​ពី​រាជធានី​ភ្នំពេញ។ ប្រធាន​មូលនិធិ​កេរដំណែល​ខ្មែរ និយាយតាមប្រវត្តិសាស្រ្តថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បានសាងសង់​ប្រាសាទ​ព្រះខ័ន​កំពង់ស្វាយនេះឡើង ក្នុងគោលបំណង​រម្លឹក​ជ័យជម្នះ​លើ​ទ័ព​ចម្ប៉ា ​ឈ្លានពាន​អាណាចក្រ​អង្គរ​។ បច្ចុប្បន្ន ប្រាសាទនេះ ស្ថិតក្នុង​ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។



លោក ចិ​ន្ត ច័ន្ទ​រតនា ប្រធាន​មូលនិធិ​កេរដំណែល​ខ្មែរ និយាយថា តំបន់​ប្រាសាទព្រះខ័ន កំពង់ស្វាយ​នេះ មាន​លក្ខណៈ ពិសេស​ខាង​យុទ្ធសាស្ត្រ​ទ័ព កាលពី​សម័យ​ព្រះបាទ​ជ័យវរ្ម័ន ទី​៧ ព្រោះ ពីមុន តំបន់​នេះ មានព្រៃ​ជ្រៅ ហ៊ុមព័ទ្ធ​ដោយ​បារាយណ៍ ស្ទឹង និង​អូរ​ទឹក ប្រភពទឹក​ធ្លាក់ចុះ​ពី​ភ្នំ​ដងរែក​។ ជាងនេះទៀត លោក​ថា ប្រាសាទ​នេះ ស្ថិតនៅជាប់​តំបន់​រ៉ែ​ដែក​ដែល​អាច​ស្ល​ធ្វើជា​ឧបករណ៍​សឹក សម្រាប់​កងទ័ព កាលសម័យ​អតីតកាល​។​
  
​លោក​បន្ត​តាម​ការស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រ ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​ជ្រើស​យក​ភូមិសាស្ត្រ តំបន់​ប្រាសាទ ព្រះខ័ន​កំពង់ស្វាយ​នេះ ធ្វើជា​កន្លែង​ហ្វឹកហាត់​កងទ័ព​អស់​រយៈពេល​ជាង ៤​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ ១១៧៧ ដល់​ឆ្នាំ​១១៨១ មុនពេល​ព្រះអង្គ​ចេញ​ទ័ព​ច្បាំង​ដេញ​ទ័ព​ចម្ប៉ា​ចូល ឈ្លានពាន​ទីក្រុង​អង្គរ ដោយ​ជ័យជម្នះ​។ លោក​បន្តទៀតថា ក្រោយពី​ព្រះអង្គ​ទទួល​ជ័យជំនះ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បានរៀបចំ​កសាង​ប្រាសាទ​ជាច្រើន​ពាសពេញ​ប្រទេស នាំ​ឲ្យ​នគរ​កម្ពុជា​ខ្លាំងក្លា កាលពី​សម័យបុរាណ​។ ត្រង់ចំណុច​នេះ លោក​ថា ព្រះអង្គ​ក៏បាន​សង់​ប្រាសាទ និង​ស្ពាន​បុរាណ នៅ​តំបន់​ព្រះខ័ន​កំពង់ស្វាយ ដើម្បី​រម្លឹក​ដល់​ជ័យជំនះ​របស់​ព្រះអង្គ កាលសម័យ​នោះ តែម្តង​។​
  
​តែ​លោ​កថា គួរ​សោកស្តាយ​! ប្រាសាទ​ដូនតា​ខ្មែរ​ពី​បុរាណកាល​នេះ ត្រូវបាន​បំផ្លាញ​ដោយសារ​សង្គ្រាមស៊ីវិល​ក្នុងស្រុក និង​ឈ្មួញ​ទុច្ចរិត​មួយចំនួន បាន​លួច​គាស់​យក​វត្ថុ​បុរាណ​លក់ កន្លងមក នាំ​ប្រាសាទ រូបចម្លាក់ ខូ​ត​ខាត​បាត់បង​ទ្រង់ទ្រាយ។

គួរបញ្ជាក់ថា ឃុំ​រណសិរ្ស​នេះ មាន​ចំងាយ​ជាង ២៨​គីឡូម៉ែត្រ ស្ថិតនៅ​ប៉ែក​ខាងត្បូង​ឆៀង​ខាងលិច​ស្រុក​សង្គម​ថ្មី និង​មាន​ព្រំប្រទល់​ខាងជើង​ជាប់ឃុំ​ស្តៅ ខាងត្បូង​ជាប់​នឹង​ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​ប​ល្ល័​ង្ហ ខេត្តកំពង់ធំ រីឯ​ខាងលិច​ជាប់​នឹង​ឃុំ ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប និង​ខាងកើត​ជាប់​នឹង​ឃុំ​រម​ទ​ម្យ ស្រុក​រវៀង ខេត្តព្រះវិហារ​​៕


  



  

  









































Tag:
 ប្រាសាទព្រះខ័ន​កំពង់ស្វាយ
© រក្សាសិទ្ធិដោយ thmeythmey.com