សង្គមអន្តរជាតិ​
អន្តរជាតិ
តាំងពី​ឆ្នាំ​១៩០០ គ្រោះធម្មជាតិ​សម្លាប់​មនុស្ស​៨​លាន​នាក់ និង​ខូចខាត​សេដ្ឋកិច្ច​៨​ទ្រី​លាន​ដុល្លារ​
24, Apr 2016 , 2:20 pm        
រូបភាព
​រយៈពេល​ជាង​សតវត្សរ៍​មកនេះ គ្រោះធម្មជាតិ​បាន​បង្ក​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​មនុស្សជាតិ​។ គ្រោះធម្មជាតិ​ដែល​រួមមាន​ទឹកជំនន់ និង​ខ្យល់ព្យុះ​ជាដើម​បានសម្លាប់​មនុស្ស​៨​លាន​នាក់ និង​បង្ក​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ធំ​សម្បើម​ដល់​ទៅ​៧​ទ្រី​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត​ជប៉ុន The Japan Time​។

 
​អ្នកស្រាវជ្រាវ​និយាយ​នៅ​ថ្ងៃទី​១៨ ខែមេសា​ថា គ្រោះថ្នាក់​ធម្មជាតិ​បណ្ដាល​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវិត និង​សេដ្ឋកិច្ច​របស់​មនុស្ស​លើ​ផែនដី​។ ដោយ​គិត​ចាប់ពី​ឆ្នាំ​១៩០០​មក គ្រោះធម្មជាតិ​ធ្វើ​ឲ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​ចំនួន​ច្រើនជាង​៧​ទ្រី​លាន​ដុល្លារ ខណៈ​ការខូចខាត​ជិត​៦០​ភាគរយ​បង្កដោយ​គ្រោះទឹកជំនន់ និង​ព្យុះ​សង្ឃា​។ 
 
​ជាមួយគ្នានេះ បើតាម​របាយការណ៍​ក្នុង​កិច្ចប្រជុំ​សហភាព​ភូគព្ភសាស្ត្រ​អឺរ៉ុប​នៅ​ទីក្រុង​វី​យែ​ន ចំនួន​មនុស្ស​ស្លាប់​គ្រោះធម្មជាតិ​បាន​កើន​ឡង​ដល់​៨​លាន​នាក់​ចាប់ពី​ឆ្នាំ​១៩០០ ដល់​ឆ្នាំ​២០១៥​។ គ្រោះធម្មជាតិ​ទាំងនោះ​មានដូចជា​រញ្ជួយ​ដី ប​ន្ទុះ​ភ្នំភ្លើង រាំងស្ងួត រលក​កម្ដៅ និង​ភ្លើង​ឆេះ​ព្រៃ​។ 
 
​ក្នុង​កិច្ចប្រជុំ​នោះដែរ លោក James Daniell ដែល​វិស្វករ​ជាតិ​អូស្ត្រាលី​និយាយថា ការខូចខាត​សេដ្ឋកិច្ច​ចំនួន​៣៨.៥​ភាគរយ និង​ច្រើនជាង​ពាក់កណ្ដាល​នៃ​ចំនួន​ជីវិត​ដែល​បាត់បង់ គឺ​បណ្ដាលមកពី​ទឹកជំនន់​តែម្ដង​។ លោក​ថា ទឹកជំនន់​ជា​មូលហេតុ​សំខាន់​នៃ​ការខូចខាត​សេដ្ឋកិច្ច និង​ការបាត់​បង់ជីវិត​។  
 
​យ៉ាងណាក្ដី ចាប់ពី​ឆ្នាំ​១៩៦០​មក ខ្យល់ព្យុះ​ក៏​ជំនួស​កន្លែង​ទឹកជំនន់ ជា​មូលហេតុ​នៃ​មហន្តរាយ ដោយបាន​កម្ទេច​អាគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​។ ប៉ុន្តែ​លោក Daniell មិនអាច​បញ្ជាក់​បានទេ​ថា ការផ្លាស់ប្ដូរ​នេះ​បណ្ដាលមកពី​បម្រែបម្រួល​អាកាសធាតុ​ឬ​យ៉ាងណា​នោះទេ​។  
 
​លើសពីនេះទៅទៀត ការខូចខាត​គ្រប់យ៉ាង​ចំនួន​២៦​ភាគរយ​គឺ​បង្កដោយ​រញ្ជួយ​ដី ហើយ​បានសម្លាប់​ជីវិត​ច្រើនជាង​២​លាន​នាក់ ខណៈដែល​ប​ន្ទុះ​ភ្នំភ្លើង​បង្ក​ការខូចខាត​តែមួយ​ភាគរយ​ទេ ក្នុង​រយៈពេល​១១៥​ឆ្នាំ​កន្លងមកនេះ​។ បើ​យោងតាម​ការស្រាវជ្រាវ​ខាងលើ ក្នុងចំណោម​អ្នកស្លាប់​ទាំងអស់ មាន​៦០​ភាគរយ​រងគ្រោះថ្នាក់​ដោយ​សារ​ការបាក់​រលំ​អាគារ ស្រប​ពេលដែល ២៨​ភាគរយ​ផ្សេងទៀត បាត់បង់​ជីវិត​នៅពេល​មាន​រលក​ស៊ូណាមិ ឬ​ការបាក់​ដី​។ 
 
​ជារួម ការខូចខាត​ផ្នែក​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ដោយសារតែ​គ្រោះធម្មជាតិ​គឺ​កើតឡើង​បន្តបន្ទាប់ ប៉ុន្តែ​ទន្ទឹមនឹង​នេះដែរ ចំនួន​ជីវិត​ដែល​បាត់បង់​គឺ​ធ្លាក់ចុះ​ទៅវិញ​។ នេះ​អាច​បណ្ដាលមកពី​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា ដែល​អាច​ឲ្យ​មានការ​ព្រមាន​ទុក​មុន​នៅពេល​មានការ​វាយប្រហារ​ដោយ​ប្រការ​ណាមួយ​។ ជាក់ស្ដែង​នោះ ប្រទេស​ជាច្រើន​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​រលក​ស៊ូណាមិ បាន​បំពាក់​ប្រព័ន្ធ​ប្រាប់​ដំណឹង​មុន នៅពេល​ដែលមាន​គំរាម​ណាមួយ​ពី​គ្រោះធម្មជាតិ​នេះ​៕
 

Tag:
 គ្រោះធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com