ជាតិ
​​​ន​យោ​បាយ​ជាតិ​
ករណី​ឯកឧត្តម កឹម សុខា​៖ អ្នកវិភាគ ថា កញ្ញា​ស្រីមុំ និង​លោក ស្រី ចំរើន ជា​ក្រុមមនុស្ស​តែមួយ
24, Apr 2016 , 1:01 pm        
រូបភាព
ក្រោយពី​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ បាន​សារភាព​ទទួលស្គាល់​ការពិត និង​លេច​ឮថា ប្ដឹង​ឯកឧត្តម កឹម សុខា ទាមទារ​សំណង​៣០​ម៉ឺន​ដុល្លារ​វិញ​នោះ អ្នកវិភាគ​នយោបាយ​ចាត់ទុក ករណី​ជា​រឿង​នយោបាយ ដែលមាន​ការរៀបចំ​បំពុល​រឿងនេះ​បាន​យ៉ាង​ល្អ និង​មាន​ភាពស៊ីសង្វាក់​គ្នា​។ អ្នកវិភាគ​ថា កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ និង​លោក ស្រី ចំរើន គឺជា​ក្រុមមនុស្ស​តែមួយ ដែល​ត្រូវបាន​គេ​បញ្ជា​ឲ្យ​ដើរ​រងគ្រោះ និង​តវ៉ា ដើម្បី​ដាក់បន្ទុក​លើ​ឯកឧត្តម កឹម សុខា និង​បំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​។​


 
​លោក សូ ចន្ថា ដែល​បាន​តាមដាន​លើ​បញ្ហា​អាស្រូវ​ស្នេហា​នេះ មើលឃើញថា កញ្ញា​ស្រីមុំ គឺជា​តួ​ស្រី​រងគ្រោះ​ម្នាក់ ដែល​បាន​សម្ដែង​ក្នុង​សាច់រឿង​នយោបាយ​មួយ​នេះ​បាន​យ៉ាង​ល្អ បន្ទាប់ពី​ក្រុម​លោក ស្រី ចំរើន បាន​ដើរតួ​ជា​អ្នក​តវ៉ា​យ៉ាងសកម្ម​ក្នុងការ​ធ្វើទុក្ខបុកម្នេញ​ឯកឧត្តម កឹម សុខា ដើម្បី​វាយបំបាក់​មេដឹកនាំ​គណបក្សប្រឆាំង គឺ​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា បែកបាក់​គ្នា​។ អ្នកវិភាគ​រូបនេះ ដែល​ចាត់ទុក​បញ្ហា​នេះ​ជា​រឿង​នយោបាយ​នោះ មើលឃើញថា គណបក្សកាន់អំណាច​កំពុង​រៀបចំ​សេណា​រី​យ៉ូ​អ្វីមួយ ដែល​ប្រើ​ក្រុមមនុស្ស​តែមួយ​នេះ​មកប្ដឹង​តវ៉ា​ដាក់បន្ទុក​យ៉ាង​ធំ​មកលើ ឯកឧត្តម កឹម សុខា ដើម្បី​ឲ្យ​យល់ព្រម​ទទួលយក​លក្ខខណ្ឌ​ណាមួយ​ដែល​សមស្រប ចៀស​ផុតពី​ការប្រឈមមុខ​ជាប់ពន្ធ​នាគារ ឬ​រត់​ក្រៅប្រទេស​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មើលទៅ​វា​ជា​ល្បែង​នយោបាយ​ដែល​គេ​ប្រើ​ស្រីមុំ​ឲ្យ​ធ្វើជា​ជនរងគ្រោះ បន្ទាប់​មកជា​សាក្សី ក្រោយមក​ក្លាយជា​ដើមបណ្ដឹង​ប្ដឹង​មក​លោក កឹម សុខា វិញ​។ ហើយ​ខ្ញុំ​មើលទៅ​ស្រីមុំ​និង​ក្រុមយុវជន​មួយក្រុម​តវ៉ា​នោះ​គឺជា​មនុស្ស​តែមួយ ដែល​ពួកគេ​មាន​គោលបំណង​តែមួយ​មក​ដាក់បន្ទុក​លោក កឹម សុខា »​។ លោក​បន្ថែមថា​៖«​ខ្ញុំ​ឃើញថា សេណា​រី​យ៉ូ​នេះ គឺ​គេ​កំពុង​ដាក់បន្ទុក​លោក កឹម សុខា ឲ្យ​យល់ព្រម​តាម​លក្ខខណ្ឌ​ណាមួយ ដើម្បី​ទទួលបាន​តួនាទី​ជា​អនុប្រធាន​បក្សប្រឆាំង​ដដែល តែ​សេណា​រី​យ៉ូ​ទី​២ បើ​លោក កឹម សុខា មិន​ទទួលយក​ទេនោះ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ ឬ​រត់​ចេញទៅ​ក្រៅប្រទេស​ដូច​ឯកឧត្តម សម រង្ស៊ី ដែរ​»​។​
 
​អ្នកវិភាគ​នយោបាយ​លោក អ៊ូ វីរៈ ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូល​ហេតុដែល​រឿងនេះ​មិន​ងាយ​ស្ងប់ស្ងាត់​ដោយសារ​អ្នករៀបចំ​បំពុល​រឿងនេះ​បានល្អ ដែលមាន​ភាពស៊ីសង្វាក់​គ្នា​។ អ្នកវិភាគ​រូបនេះ សោកស្តាយ​ណាស់​ដែល​រឿង​បែបនេះ​នៅតែ​បន្ត​កើតឡើង​នៅ​កម្ពុជា ហើយ​វា​បង្ហាញថា អ្នកនយោបាយ និង​ពលរដ្ឋ​ខ្មែរ​មាន​ភាព​ក្មេងខ្ចី ដែល​ធ្វើ​ឲ្យ​ជាតិ​ពិបាក​ដើរទៅ​មុខ ទាន់​ប្រទេសជិតខាង​។​
 
​លោក អ៊ូ វីរៈ មើលឃើញ​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា រឿងនេះ​ជា​រឿង​នយោបាយ ហើយ​ប្រាកដ​ជាមាន​ក្រុម​ណាមួយ​នៅ​ពីក្រោយ​រឿងនេះ ព្រោះ​រឿងនេះ ខ្ញុំ​ឃើញ​មានការ​រៀបចំ​បានល្អ ស៊ីសង្វាក់​គ្នា ដើម្បី​ធ្វើ​ឲ្យ​លោក កឹម សុខា ធ្លាក់​ប្រជាប្រិយភាព​។ មូលហេតុ​ដែល​ខ្ញុំ​ថា ស៊ីសង្វាក់​គ្នា ដោយសារតែ​ក្រុមនិស្សិត​ដែល​ចេញ​តវ៉ា ចង់ដឹង​រឿង​ពិត​នៃ​ខ្សែអាត់​សំឡេង​នោះ មិនមែនជា​គោលដៅ​ដែល​ពួកគេ​ចង់ដឹង​ទេ​។ ព្រោះ​ពួកគេ គ្មាន​ការងារ​អ្វី​មក​ត្រូវ​តវ៉ា​រឿង​នេះឡើយ តែដោយសារ​តែមាន​អ្នករៀបចំ​។ មួយទៀត​ក្រសួងមហាផ្ទៃ​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​បើក​ការស៊ើបអង្កេត​លើ​ករណីនេះ ដែល​មើលទៅ​ដូចជា​ធំដុំ​ដល់​ហើយ គ្រាន់តែ​តាម​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា ដែល​គ្រាន់តែ​ចង់​ល្បីឈ្មោះ​ប៉ុណ្ណោះ​។ រឿងនេះ វា​មិនមែនជា​រឿង​បទល្មើស​នោះទេ​។​ដូច្នេះ​រឿងនេះ វា​ច្បាស់​ណាស់​ថា​មាន​អ្នក​នៅ​ពីក្រោយ និង​រៀបចំ​ស៊ីសង្វាក់​គ្នា​បានល្អ​»​។​
 
​តែ​យ៉ាងណា​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​កន្លងមក​ថា ករណី​រឿងអាស្រូវ​ស្នេហា​នេះ មិនមាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ​។ ប្រមុខ​រដ្ឋាភិបាល​ក៏បាន​ព្រមាន​ថា បើ​អ្នកណា​នៅតែ​យក​រឿងអាស្រូវ​ផ្លូវភេទ​នេះ គិតថា​ជា​រឿង​នយោបាយ ហើយ​បន្ដ​រាលដាល​មក​រដ្ឋាភិបាល​នោះ គណបក្ស​លោក​នឹង​លូកដៃ​ចូលក្នុង​ករណីនេះ ដោយ​សម្ដេច អះអាងថា អាចមាន​បញ្ហា​ធ្ងន់​ជាង​នេះ​«​ទប់​មិន​រួច​»​ឡើយ​។​
 
​កញ្ញា ខុម ចាន់​តា​រ៉ា​ទី  បាន​ចូលទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៩ មេសា ជុំវិញ​បទ​ចោទ «​ផ្តល់​សក្ខីកម្ម​ក្លែង និង​អំពើ​ពេស្យាចារ​» ហើយ​ត្រូវបាន​តុលាការ​អះអាងថា នាង​បានទទួល​ស្គាល់ ខ្សែអាត់​សំឡេង​ក្នុង​ទូរស័ព្ទ ជា​សំឡេង​របស់​នាង​និង​ឯកឧត្តម​កឹម សុខា ពិតមែន​។ ក្រោយមក​មាន​ព័ត៌មាន​លេច​ឮថា កញ្ញា ស្រីមុំ ក៏បាន​ដាក់ពាក្យ​ប្តឹង​ឯកឧត្តម កឹម សុខា និង​គូកន​ដែល​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត​វិញ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៣០​ម៉ឺន​ដុល្លារ ចំពោះ​ការខាតបង់​ពេលវេលា និង​កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់​នា​ង ខណៈដែល​កញ្ញា ធី សុវណ្ណ​ថា គ្រោង​ប្ដឹង​ឯកឧត្តម កឹម សុខា នៅ​ថ្ងៃទី​២៧ មេសា ខាងមុខនេះ ទាមទារ​សំណង​ជំងឺ​ចិត្ត​១​លាន​ដុល្លារ ពីបទ​«​បរិហាកេរ្តិ៍​»៕

Tag:
 កឹម សុខា​
  ​ស្រីមុំ
  ​រឿងអាស្រូវ
  អ្នកវិភាគ
© រក្សាសិទ្ធិដោយ thmeythmey.com