បទវិភាគ
គួរ​ត្រៀម​កាត់បន្ថយ​ចំនុច​អវិជ្ជមាន​ថែមទៀត នៅ​អង្គរ​សង្ក្រាន្ត​ឆ្នាំក្រោយ​
26, Apr 2016 , 11:33 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មកដល់​ឆ្នាំ​២០១៦​នេះ ពិធី​អង្គ​រស​ង្ក្រា​ន​ត្រូវបាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រៀបចំ​ចំនួន​បួន​លើក​មកហើយ​។ ក្នុង​ការរៀប​ចំនេះ គេ​សង្កេតឃើញថា បានផ្ដល់​ផល​វិជ្ជមាន​យ៉ាងច្រើន​ដល់​សង្គម​ខ្មែរ ប៉ុន្តែ ទន្ទឹមនឹងនោះ គេ​ក៏បាន​មើលឃើញថា វា​មាន​ផល​អវិជ្ជា​ន​ខ្លះ​ដែរ​។ តើ​អ្វី​ខ្លះទៅ ជា​ផល​ទាំងពីរ​នេះ​?



​ជាធម្មតា គ្មាន​ទង្វើ​អ្វីមួយ ឬ ការរៀបចំ​ណាមួយ ដែល​បានផ្ដល់​ផល​វិជ្ជមាន​១០០​ភាគរយ ដោយ​គ្មាន​ផលប៉ះពាល់​អវិជ្ជមាន​នោះទេ​។ បទពិសោធន៍​កន្លងមក ក៏បាន​បង្ហាញថា ការរៀបចំ​ពិធីបុណ្យ​ធំៗ​ជា​លក្ខណៈ​ប្រមូលផ្ដុំ ដូចជា ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង ពិធីបុណ្យ​សមុទ្រ ជាដើម តែងតែ​ផ្ដល់​ផល​ទាំងពីរ​នេះ ដោយ​ចៀស​មិន​ផុត​។ ក្នុង​ករណីខ្លះ មាន​រហូតដល់​ទៅ​ស្លាប់​មនុស្ស​រាប់រយ​នាក់​ក៏មានដែរ ដូចជា ករណី​ឧបទ្ទវហេតុ​មនុស្ស​រត់​ជាន់គ្នា​នៅលើ​ស្ពាន​ពេជ្រ​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ ជាដើម​។

​ដោយឡែក ការរៀបចំ​ពិធី​អង្គ​រស​ង្ក្រា​ន​ទាំង​បួន​លើ​កន្លងមកនេះ គេ​ក៏​សង្កេតឃើញ​មាន​ផល​ទាំងពីរ​នេះដែរ​។ សូម​ពិនិត្យមើល​ការសង្កេត​លើ​ផល​ទាំងពីរ​នេះ​ដូចខាងក្រោម​។ 

​ក​)​ផល​វិជ្ជមាន​៖
•​    ​ការប្រមូលផ្ដុំ​ល្បែង​ប្រជាប្រិយ​ខ្មែរ សិល្បៈ ប្រពៃណី និង ទំនៀមទម្លាប់ បង្ហាញ​រួមគ្នា ជា​ទ្រង់ទ្រាយ​ធំ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ធ្វើ​ឱ្យគេ​ស្គាល់​និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ទេសចរ​ជាតិ​និង​អន្តរជាតិ​។​

•​    ​ផ្ដល់ឱកាស​ឱ្យ​សិល្បករ សិល្បការិនី អ្នកជំនាញ និង អ្នកមាន​ទេពកោសល្យ បានបង្ហាញ​ចំណេះដឹង បទពិសោធន៍ និង ទេពកោសល្យ​របស់ខ្លួន​។​

•​    ​រួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ ការអភិរក្ស កា​រលើ​កម្ពស់ និង ការអភិវឌ្ឍ​វប្បធម៌ សិល្បៈ​ខ្មែរ ក៏ដូចជា ការផ្ដល់​ការកម្សាន្ត និង​ភាពសប្បាយ​រីករាយ​ដល់​មហាជន​ទាំង​អ្នក​ទៅ​ទស្សនា​ផ្ទាល់ ទាំង​អ្នកទស្សនា​តាម​កញ្ចក់​ទូរទស្សន៍ ហើយ​វា​ក៏បាន​រួមចំណែក​ទាក់ទាញ​ទេសចរ​ជាតិ​និង​អន្តរជាតិ យ៉ាង​សន្ធឹកសន្ធាប់​ផងដែរ​។​

•​    ​ផ្ដល់ប្រាក់​ចំណូល​ដល់​ប្រជាព​រដ្ឋ​ខ្មែរ ជាពិសេស ប្រជាជន​ក្នុង​ខេត្តសៀមរាប ដូចជា អាជីវករ សេវាករ និង កសិករ ដែល​លក់ទំនិញ លក់​សេវា និង លក់​កសិផល​របស់ខ្លួន​។​

•​    ​ជំរុញឱ្យមាន​ការអភិវឌ្ឍ ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ សណ្ដាប់ធ្នាប់ សេវាកម្ម អាជីវកម្ម ពាណិជ្ជកម្ម និង វិស័យ​ដទៃទៀត​។​

•​    ​ផ្ដល់ឱកាស​ឱ្យ​យុវជន មហាជន និង អាជ្ញាធរ​ពាក់ព័ន្ធ​មកពី​ថ្នាក់ ឬ ក្រុម​ខុសៗ​គ្នា  ធ្វើការ​រួមគ្នា​និង​សហការគ្នា ដែល​ធ្វើឱ្យ​ពួកគេ​ទទួលបាន​បទពិសោធន៍​ការងារ​ជា​ក្រុម ចំណេះដឹង​ថ្មី ទំនាក់ទំនង​ល្អ និង សេចក្ដីស្រលាញ់​។       
  
​ខ​)​ផល​អវិជ្ជមាន​៖
•​    ​មានការ​កកស្ទះ​ចរាចរណ៍ និង បាត់បង់​សណ្ដាប់ធ្នាប់ នៅតាម​ផ្លូវ​នានា​ក្នុង​ខេត្តសៀមរាប ផ្លូវ​ចូលទៅ​កាន់​កន្លែង​ប្រារព្ធ​ពិធី និង ទីតាំង​ប្រារព្ធរ​ពិធី​។ 

•​    ​មានការ​ដើរ​ជាន់​សួន​ស្មៅ ជាន់​សួនច្បារ នៅតាម​ដងផ្លូវ និង ជុំវិញ​ប្រាសាទ​។

•​    ​មានការ​បន្ទោរ​បង់​ក្រៅ​បង្គន់​អនាម័យ ជាពិសេស នៅ​តំបន់ ជិត​ទីតាំង​ប្រារព្ធ​ពិធី​។

•​    ​មានការ​បំផ្លាញ​បរិស្ថាន ដូចជា ការ​ចោល​សំរាម​លើ​ឃឿន​ប្រាសាទ លើ​សួន​ស្មៅ ក្នុង​ទឹក​ជុំវិញ​ប្រាសាទ និង តាម​ដងផ្លូវ ជាដើម​។

•​    ​ថ្លៃ​ផ្ទះសំណាក់ សណ្ឋាគារ ម្ហូបអាហារ ទំនិញ​ផ្សេងៗ ឡើង​ខ្ពស់កប់ពពក​។​

•​    ​ខ្វះ​កន្លែង​ស្នាក់នៅ និង ម្ហូបអាហារ​។ 

​បើ​ពិនិត្យ​ជារួម គេ​អាច​និយាយបានថា ផល​វិជ្ជមាន​ច្រើនជាង​ផល​អវិជ្ជមាន​។ ដូច​បានលើកឡើង​ខាងលើ​រួចហើយ​ថា គ្មានអ្វី​មួយ​ដែល​ល្អឥតខ្ចោះ ឬ អ្វីមួយ​ដែល​គ្មាន​ផលប៉ះពាល់​អវិជ្ជា​មាន​សោះ​នោះទេ​។ ហេតុនេះ អ្វីដែល​សំខាន់​នោះ គឺ​ហេតុផល​ជំរុញ ឬ បំណង​របស់​អ្នកធ្វើ ឬ អ្នករៀបចំ​ពិធី​។ ប្រសិនបើ​ហេតុផល​ជំរុញ ឬ បំណង​របស់​អ្នកធ្វើ​ល្អ​ហើយ ផល​អវិជ្ជមាន​ដែលមាន​បន្តិចបន្តួច​នេះ​គេ​មិនគួរ​ប្រកាន់ទោស ឬ ពង្រីក​ទៅជា​រឿ​ធំដុំ​នោះទេ​។ ប៉ុន្តែ អ្នករៀបចំ​ក៏​ត្រូវតែទទួលស្គាល់​ការណ៍​ពិត ទទួលយក​ការរិះគន់​ស្ថាបនា ហើយ​កែលម្អ​កង្វះ​ចន្លោះ​របស់ខ្លួន​ជា​បណ្ដើរៗ ដើម្បី​កាត់បន្ថយ​កំហុសឆ្គង​របស់ខ្លួន​ឱ្យនៅ​តិច​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ដូច​បានបង្ហាញ​ខាងលើនេះ ទីមួយ​គេ​គួររៀបចំ​ពី​ធី​ប្រហាក់ប្រហែលគ្នា​នេះ នៅ​កន្លែង​ផ្សេងទៀត​ក្នុងពេល​ជាមួយគ្នា អាច​គ្រប់​ខេត្ត​ក្រុង ឬ ខេត្ត​ធំៗ​មួយចំនួន​។ ទី​ពីរ ត្រូវមាន​ការពន្យល់ ការអប់រំ ការផ្សព្វផ្សាយ និង ការណែនាំ​ទាក់ទង​នឹង​ការធ្វើ​ចរាចរណ៍ ផ្លូវ​ធ្វើ​ចរាចរណ៍ ការរក្សា​សណ្ដាប់ធ្នាប់ និង អនាម័យ​ជាក់ស្ដែង​ក្នុង​តំបន់​ប្រារព្ធ​ពិធី​។ ទី​បី ត្រូវ​រៀបចំ​នគរបាល​ចរាច​រណ៍ នគរបាល​សណ្ដាប់ធ្នាប់​និង​សន្តិសុខ និង ភ្នាក់ងារ​សម្របសម្រួល​ដទៃទៀត​នៅតាម​សួនច្បារ បង្គន់​សាធារណៈ កន្លែង​ងាយ​រងគ្រោះ និង កន្លែង​ចាំបាច់​ផ្សេងៗ​ទៀត​។ ទី​បួន ត្រូវ​រៀបចំ​បង្គន់​អនាម័យ ធុងសំរាម និង ឡាន​ដឹក​សំរាម​ឱ្យបាន​គ្រប់គ្រាន់ និង គួររៀបចំ​ផ្លាកសញ្ញា និង ខិ​ត្ត​បណ្ណ​ផ្សេងៗ​ទាក់ទង​នឹង​ការណែនាំ​អំពី​ផ្លូវ​ធ្វើ​ចរាចរណ៍ របៀប​ធ្វើ​ចរាចរណ៍ ការរក្សា​សណ្ដាប់ធ្នាប់ ការរក្សា​អនាម័យ ការ​ចោល​សំរាម និង ការ​បន្ទោរ​បង់​នៅ​កន្លែង​តំបន់​ប្រារព្ធ​ពិធី​។ លើសពីនេះ​ទៀត​ទាំង​គណៈអធិបតី ទាំង​អ្នករៀបចំ ពិធីករ និង សិល្បករ គួរ​ឆ្លៀត​និយាយ​ទាក់ទង​ទៅនឹង​ការណែនាំ​អំពី​ផ្លូវ​ធ្វើ​ចរាចរណ៍ របៀប​ធ្វើ​ចរាចរណ៍ ការរក្សា​សណ្ដាប់ធ្នាប់ ការរក្សា​អនាម័យ ការ​ចោល​សំរាម និង ការ​បន្ទោរ​បង់​នៅ​កន្លែង​តំបន់​ប្រារព្ធ​ពិធី​៕    


Tag:
 អង្គ​រស​ង្ក្រា​ន
© រក្សាសិទ្ធិដោយ thmeythmey.com