អន្តរជាតិ
ក្រុមអន្ធពាលYakuza ជួយប្រជាជនជប៉ុនដែលរងគ្រោះដោយរញ្ជួយដី
× នៅខណៈដែលប្រជាជនជប៉ុន កំពុងតែដង្ហោយរកជំនួយក្រោយរញ្ជួយដីនៅKumamoto ក្រុមអន្ធពាលប្រចាំតំបន់មួយក្រុម ក៏កំពុងតែញាប់ដៃជួយជនរងគ្រោះដូចគ្នាដែរ។ ពួកគេបានផ្ដល់ជំនួយបន្ទាន់ដល់ប្រជាជនជប៉ុន ដែលប៉ះពាល់ដោយរញ្ជួយដីពីរដងនៅពាក់កណ្ដាលខែមេសា។
ព្រមជាមួយនឹងមន្ត្រីប៉ូលិស ក្រុមពន្លត់អគ្គីភ័យ និងទាហានរាប់ពាន់នាក់ ដែលកំពុងជួយជនរងគ្រោះ ក្រុមអន្ធពាលមួយក្រុមឈ្មោះ Daimon-kai ក៏បានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនេះដែរ។ ក្រុមនេះបានផ្ដល់ទឹក អាហារកំប៉ុង និងក្រដាសអនាម័យដល់ប្រជាជននៅតំបន់Kumamoto។
រញ្ជួយដីពីរលើក នៅពាក់កណ្ដាលខែមេសា បានសម្លាប់មនុស្ស៤៨នាក់ និងពីរនាក់ទៀតបន្តបាត់ខ្លួន ក្នុងហេតុការណ៍ដ៏អាក្រក់ ដែលវាយប្រហារតំបន់នេះ ក្នុងរយៈពេល១២០ឆ្នាំកន្លងមកនេះ។ បើតាម Telegraph ប្រជាជនប្រមាណ១៣០០នាក់ កំពុងតែព្យាបាល ខណៈដែលផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបានបំផ្លាញ ឬមិនមានសុវត្ថិភាព ដ្បិតរលករញ្ជួយនៃការវាយប្រហារនៅតែបន្តក្នុងតំបន់នេះនៅឡើយ។
ជាមួយគ្នានេះ ក្នុងរយៈពេលដប់ថ្ងៃនេះ ទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ជប៉ុន បានកត់ត្រាចំនួនរញ្ជួយដល់ទៅ៨៨៤ដង ហើយគេបារម្ភថា នឹងមានការវាយប្រហារដ៏ធំមួយទៀត ដែលអាចបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងដែលរងការវាយប្រហារដោយសារការរញ្ជួយលើកមុន។ មួយវិញទៀត នៅស្របពេលដែលជំនួយសង្គ្រោះរបស់រដ្ឋាភិបាលជប៉ុនកំពុងបែងចែក ការរិះគន់ជាច្រើនក៏កើតឡើងចំពោះរដ្ឋាភិបាល ព្រោះការផ្ដល់ជំនួយមានល្បឿនយឺត។
ព្រោះគ្រោះរញ្ជួយដីនេះធ្ងន់ធ្ងរពេក ក្រុមអន្ធពាល Daimon-kai ដែលជាសាខារបស់ក្រុម Yamaguchi-gumi ក៏លូកដៃចូលជួយដែរ។ តាមរយៈសារដែលបង្ហោះលើTwitter និងការប្រាប់តគ្នា ក្រុមអន្ធពាល Daimon-kai ប្រាប់ប្រជាជនទាំងអស់ ទៅយកអ្វីដែលពួកគេត្រូវការ ខណៈក្រុម Daimon-kai បានរៀបចំសម្ភារចាំចាច់រួចជាស្រេច។ ទាក់ទិននឹងការជួយនេះ សមាជិកក្រុមនេះនិយាយថា៖« យើងធ្វើនេះ មិនមែនដើម្បីយកមុខក្រុមនោះទេ តែការជួយអ្នកទន់ខ្សោយ ជាអត្តសញ្ញាណរបស់យើង»។
កន្លងមក ក្រុមអន្ធពាលនៅជប៉ុន ក៏ធ្លាប់ចូលរួមជួយប្រជាជនរងគ្រោះដែរ។ ក្នុងគ្រោះរញ្ជួយដីនៅទីក្រុងកូបេក្នុងឆ្នាំ១៩៩៥ ដែលសម្លាប់មនុស្ស៦ពាន់នាក់ ក្រុម Yamaguchi-gumi បានក៏ធ្វើចង្ក្រានស៊ុប ដល់ជនរងគ្រោះផងដែរ។ ចំណែកក្រោយគ្រោះមហន្តរាយឆ្នាំ២០១១ ក្រុមអន្ធពាលនេះ ក៏ផ្ដល់ជំនួយបន្ទាន់ គឺជម្រកបណ្ដោះអាសន្ន និងយាមកាមទ្រព្យសម្បត្តិរបស់ជនរងគ្រោះផងដែរ ក្រោយលេចឮព័ត៌មានថា មានការលួចយក៕
© រក្សាសិទ្ធិដោយ thmeythmey.com