បទវិភាគ
អ្នកនយោបាយ​ខ្មែរ​៖ រឿង​បុគ្គល សំខាន់​ជាង​បញ្ហា​ជាតិ​
26, Apr 2016 , 6:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកនយោបាយ​នៅ​កម្ពុជា មាន​ភាពឈ្លាសវៃ និង​ប៉ិនប្រសប់ ប៉ុន្តែ​ពេលខ្លះ ពួកគេ​សមត្ថភាព​ទាំងនេះ​ច្រើន​ហួស ក្នុងការ​ផ្តួល​ដៃគូ​ប្រជែង​។ បើសិនជា​សមត្ថភាព​ទាំងនេះ​ត្រូវបាន​ប្រើ​សម្រាប់​កិច្ចការ​ជាតិ​វិញ តើ​វារឹតតែ​ប្រសើរ​ប៉ុណ្ណា​?



​អ្នកនយោបាយ​មួយចំនួន​នៅ​កម្ពុជា ស្រឡាញ់​អំណាច បុណ្យស័ក្តិ យ៉ាងខ្លាំង​។ ការចង់បាន​អំណាច គឺ​មិនមែនជា​រឿង​ចម្លែក​សម្រាប់ អ្នកនយោបាយ​នោះទេ​។ វា​ជា​ធម្មជាតិ​របស់​អ្នកនយោបាយ​។ សម្រាប់​អ្នកនយោបាយ អំណាច គឺជា​អាហារ​ដ៏​ឆ្ងាញ់​របស់​ពួកគេ ហើយ​នៅពេល​ពួកគេ​បាន​អំណាច គឺ​ពួកគេ​តែងតែ​ចង់​រក្សា​អំណាច​របស់ខ្លួន​លុះ​តំណក់ឈាម​ចុងក្រោយ​។  

​បើ​គេ​ក្រឡេក​តែមួយ​ជ្រុង គេ​ប្រាកដជា​ចោទប្រកាន់​អ្នកនយោបាយ​គ្រប់រូប​ដែល​ចង់បាន​អំណាច​នោះ ថា​ជា​មនុស្ស​អាក្រក់ ឬ​មនុ​ស្សមាន​ល្បិច​ពិសពុល​។ តែបើ​គេ​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ ការស្រលាញ់​អំណាច ឬ​ចង់បាន​អំណាច គឺ​មិនមែនជា​រឿង​ខុសឆ្គង​នោះទេ​។ អំណាច មានន័យ​ជាទូទៅ​ថា គឺជា​សិទ្ធិ​ក្នុងការ​សម្រេច ឬ​ចាត់ចែង​កិច្ចការ​ទាំងឡាយ​។ ប្រសិនបើជា​អ្នកនយោបាយ​ល្អ ពួកគេ​នឹង​យក​អំណាច ដើម្បី​រៀបចំ​ប្រទេសជាតិ​ឲ្យ​មាន​សន្តិភាព និង​ធ្វើ​ឲ្យ​ប្រជាជនមាន​ជីវភាព​ប្រសើរ និង​រស់នៅ​ប្រកបដោយ​សុភមង្គល​។ តែ​ប្រសិនបើ​អ្នកនយោបាយ​នោះ ជា​អ្នកនយោបាយ​ទុច្ចរិត គឺ​ពួកគេ​ប្រាកដជា​យក​អំណាច​ទៅ​ជិះជាន់​ប្រជាជន ព្រមទាំង​បំផ្លិចបំផ្លាញ​ប្រទេសជាតិ ដើម្បី​បំ​បន​ប្រយោជន៍​គ្រួសារ និង​បក្ស​ពួកគេ​របស់ខ្លួន​។

​ងាកមើល​ចរិតលក្ខណៈ​របស់​អ្នកនយោបាយ​កម្ពុជា​ឯនេះ​វិញ​។ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​បានកើត​មាននៅ​កម្ពុជា បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា នៅតែមាន​អ្នកនយោបាយ​ដែល​ឈ្លោះទាស់ទែង​គ្នា​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន បក្សពួក​ខ្លួន ហើយ​ជម្លោះ​ទាំង​នោះបាន​បង្ក​វិនាសកម្ម​ដល់​ប្រទេសជាតិ​យ៉ាងធ្ងន់ធ្ងរ​។

​ពេលខ្លះ​ការឈ្លោះទាស់ទែង​គ្នា​រវាង​អ្នកនយោបាយ​ខ្មែរ​គ្នាឯង ក៏​ស្តែង​ចេញពី​ការទទួល​ឥទ្ធិពល​ពី​បរទេស ដូចជា​សម័យ​ខ្មែរក្រហម​ជាដើម​។​

​គំនុំគំកួន សង​សឹង និង​នយោបាយ​ទឹក​និង​ប្រេង នៅតែ​ដក់​ជាប់​ក្នុង​ផ្នត់គំនិត​អ្នកនយោបាយ​ខ្មែរ​មួយចំនួន​ដដែល បើទោះបីជា​កម្ពុជា​ចាប់ផ្តើម​ដើរ​ទៅរក​របប​ប្រជាធិបតេយ្យ​ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​ក៏ដោយ​។   ក្រោយ​ជម្លោះ​ប្រដាប់អាវុធ អ្នកនយោបាយ​ខ្មែរ​បាន​ប្រើប្រាស់​ទីលានប្រយុទ្ធ​គ្នា ក្រោមរូបភាព​ប្រជាធិបតេយ្យ​។​

​ការបោះឆ្នោត​ជា​បន្តបន្ទាប់ បានធ្វើ​ឲ្យ​អ្នកនយោបាយ​ខ្លះ មាន​ភាពចាស់ទុំ តែ​នៅជាប់​ចរិត​នយោបាយ​លាក់​កាំបិត​ពីក្រោយ​ខ្នង ដើម្បី​ផ្តួល​គូប្រកួត​ផងដែរ​។ ល្បិចកល និង​យុទ្ធសាស្ត្រ​របស់​អ្នកនយោបាយ​ខ្មែរ គឺ​ពិតជា​គួរ​កោតសរសើរ តែ​ក៏​គួរ​ឲ្យ​ខ្លាច​ផងដែរ​។ ពួកគេ បាន​ព្យាយាម​អូសទាញ​ពលរដ្ឋ​ឲ្យ​មក​គាំទ្រ​រៀងៗ​ខ្លួន​។ នេះ​ជាស​កម្ម​ភាពល្អ បើតាម​គោលការណ៍​ប្រជាធិបតេយ្យ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នោះ គឺ​ការប្រកួតប្រជែង​ដោយ​មិន​ស្មោះត្រង់ និង​គ្មាន​ការទទួលខុសត្រូវ គឺជា​ចំណុច​ខ្ទាស់ នៃ​ការអនុវត្តន៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

​ជាការ​ពិត គេ​ត្រូវ​ទទួលស្គាល់ថា អ្នកនយោបាយ​ត្រូវមាន​យុទ្ធសាស្ត្រ ទាំង​យុទ្ធសាស្ត្រ​យកឈ្នះ​គូប្រកួត និង​យុទ្ធសាស្ត្រ​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​។ ប៉ុន្តែ គេ​សង្កេតឃើញថា អ្នកនយោបាយ​ខ្មែរ​ភាគច្រើន គឺ​ពុំ​សូវ​បាន​ចំណាយ​ពេលវេលា ធនធាន និង​សមត្ថភាព​របស់ខ្លួន ប្រឹងប្រែង​ស្វែងរក​មធ្យោបាយ​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​ភាព​រីកចម្រើន​កាន់តែ​លឿន​នោះទេ​។ តែ​ផ្ទុយទៅវិញ អ្នកនយោបាយ​ទាំងនោះ បាន​ខិតខំ​ប្រឹងប្រែង រិះរក​គ្រប់​មធ្យោបាយ ដើម្បី​យកឈ្នះ​គូបដិបក្ខ​របស់ខ្លួន បើទោះបី​វិធី​ដែល​ពួកគេ​ប្រើប្រាស់​នោះ ស្របច្បាប់​ក្តី មិន​ស្រប់ច្បាប់​ក្តី និង​រូបភាព​បែបណាក៏ដោយ​។​

​ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ​នៅតែ​មិនអាច​មើលមុខ​គ្នា​ចំ​ដូច​សព្វថ្ងៃនេះ ស្ថានភាព​ផុយស្រួយ​រប​ស់​កម្ពុជា​នឹង​អាច​បែក​ប្រេះស្រាំ​បាន​យ៉ាង​ងាយ ហើយ​ពន្លក​នៃ​ប្រជាធិបតេយ្យ​របស់​កម្ពុជា ក៏​នឹង​មិនអាច​លូតលាស់​ចាស់ទុំ​បានដែរ​។ ទីបំផុត គឺ​ប្រជាជន​ខ្មែរ​ទេ ដែល​រងគ្រោះ​ដោយសារ​បរិយាកាស​អាប់​អួរ ដែល​បង្កើតឡើង​ដោយ​អ្នកនយោបាយ​៕


Tag:
 ​នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com