ជាតិ
សេដ្ឋកិច្ច
ក្នុងត្រីមាសទី១ CDC អនុម័តគម្រោងវិនិយោគចំនួន៤៥ ដែលផ្តល់ការងារជិត៥ម៉ឺននាក់
×
នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តគម្រោងវិនិយោគចំនួន ៤៥ គម្រោង ជាមួយនឹងទុនវិនិយោគសរុបប្រមាណ ១០០៧ លានដុល្លារអាមេរិក។ តាមរយៈគម្រោងទាំងនោះ CDC រំពឹងថា នឹងមានការងារថ្មីចំនួនជិត ៥ម៉ឺនកន្លែង។
យោងតាមសេចក្តីប្រកាសព័ត៌មាននៅលើគណនីហ្វេសប៊ុករបស់ CDC គម្រោងទាំងនោះ ត្រូវវិនិយោគទៅក្នុងវិស័យឧស្សាហកម្មចំនួន ៣៦ គម្រោង ខណៈទេសចរណ៍មានចំនួន ៥ គម្រោង។ ដោយឡែកការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមានចំនួន ៣ គម្រោង និងហេដ្ឋារចនាសម្ព័ន្ធចំនួន ១ គម្រោង។
នៅក្នុងសេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា វិនិយោគិនកម្ពុជាឈរនៅលំដាប់ទី១ ដែលបោះទុនចំនួន ៥៨,៨ ភាគរយនៃដើមទុនវិនិយោគសរុប។ ចំណែកវិនិយោគិនចិនស្ថិតនៅលំដាប់ទី២ ខណៈវិនិយោគិនជប៉ុនឈរនៅលំដាប់ទី៣ ៕
© រក្សាសិទ្ធិដោយ thmeythmey.com