បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
NGO ខ្មែរ​វាយតម្លៃ​ទស្សនកិច្ច​នៅ​ចិន​ថា​«​ជា​វេទិកា​វិជ្ជមាន បើកចំហរ និង​ស្មោះត្រង់​»
28, Apr 2016 , 12:00 pm        
រូបភាព
​ប្រទេស​ចិន​-​ទីក្រុង​ប៉េកាំង​៖ លោក ម៉ម សម្បត្តិ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍ​ភាពជា​ដៃគូ​ក្នុង​សកម្មភាព​(DPA) ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​សិក្ខាសាលា​ជាន់ខ្ពស់​ស្តីពី​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៃ​ប្រទេស​កម្ពុជា​នៅក្នុង​ប្រទេស​ចិន​ពី​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៦ បាន​វាយតម្លៃ​ទស្សនកិច្ច​នៅ​ចិន​ថា​«​ជា​វេទិកា​វិជ្ជមាន បើកចំហរ និង​ស្មោះត្រង់​»​។



​វេទិកា​បើកចំហរ​នេះ បានធ្វើ​ឡើង​រវាង​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ​ក្រៅ​រដ្ឋាភិបាល​-​ក្នុង​រដ្ឋាភិបាល អ្នកស្រាវជ្រាវ​ឯករាជ្យ និង​អ្នកកាសែត​ឯករាជ្យ​ខ្មែរ​ចំនួន​១៦​នាក់​មកពី​ស្ថាប័ន​ផ្សេងគ្នា និង​មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​, សាស្ត្រាចារ្យ​ជនជាតិ​ចិន​, អ្នកជំនួញ និង​មន្ត្រី​គណបក្ស​កុំ​ម្មុយ​នី​ស​ចិន​មួយចំនួន​ផ្សេងទៀត​។ ខាង​ភាគី​កម្ពុជា មានដូចជា​៖ អង្គការ​ស្តារ​កម្ពុជា​, អង្គការ​ជីវិត​ថ្លៃថ្នូរ​, អង្គការ NGO Forum, អង្គការ​អភិវឌ្ឍភាព​ជា​ដៃគូ​ក្នុង​សកម្មភាព​(DPA) នាយកដ្ឋាន​សង្គម​ស៊ីវិល​-​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សិទ្ធិមនុស្ស​ក្រោម​ទីស្តីការគណៈរដ្ឋមន្ត្រី​, វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​… អ្នកកាសែត​ពី​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​, ពី Khmer Times, ពី​ទូរទស្សន៍ ទ​ទក និង​ពី​CNC ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​សិក្ខាសាលា​ជាន់ខ្ពស់​ស្តីពី​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៃ​ប្រទេស​កម្ពុជា​នៅក្នុង​ប្រទេស​ចិន​។ ខាង​ភាគី​ចិន​មានដូចជា​៖ មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​, សកល​វិទ្យាល័យ​សិក្សា​ភាសាបរទេស​ទីក្រុង​ប៉េកាំង​, សកល​វិទ្យាល័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​វិទ្យាសាស្ត្រ Huazhong និង​ក្រុមហ៊ុន​ឯកជន​ធំៗ​របស់​ប្រទេស​ចិន​មួយចំនួន​ផងដែរ​។

​លោក ម៉ម សម្បត្តិ  នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍ​ភាពជា​ដៃគូ​ក្នុង​សកម្មភាព​(DPA)​បាន​ថ្លែ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅក្នុង​ទីក្រុង​ប៉េកាំង​ក្រោយ​កិច្ចប្រជុំ​ដោយ​វាយតម្លៃថា​៖«​នេះ​គឺជា​កិច្ចប្រជុំ​បើកចំហរ បើកឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ចិន​ស្វែងយល់​គ្នា និង​ម្យ៉ាងទៀត វេទិកា​នេះ មានន័យថា ភាគី​ចិន ចង់​ស្តាប់​យោបល់​របស់​ពលរដ្ឋ​ខ្មែរ ចង់​ស្តាប់​គំនិត​អ្នកសារព័ត៌មាន​ខ្មែរ​។ ភាគី​ចិន​ស្តាប់​យើង​ដោយ​ប្រុងប្រយ័ត្ន ហើយ​គេ​ផ្តល់ឱកាស​ឲ្យ​យើង​ជូន​ជា​យោបល់​ទៅ​គេ​វិញ ក្នុងន័យ​ស្មោះត្រង់ ដើម្បី​ស្ថាបនា កែលម្អរ ជាពិសេស ទាក់ទង​ទៅនឹង​សកម្មភាព​ក្រុមហ៊ុន​ចិន​មួយចំនួន​ដែល​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​»​។ អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​ផ្សេងទៀត អបអរសាទរ​ជំហរ​របស់​ភាគី​ចិន​ដែល​ទទួលយក​រាល់​ការលើកឡើង​របស់​គណៈ​ប្រតិភូ​ខ្មែរ​។

​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ម៉ម សម្បត្តិ  នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍ​ភាពជា​ដៃគូ​ក្នុង​សកម្មភាព​(DPA) ពី​ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន​ដូចតទៅ​៖







© រក្សាសិទ្ធិដោយ thmeythmey.com