អន្តរជាតិ
អ៊ីរ៉ង់​ប្តេជ្ញា​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​មី​ស៊ី​ល​ទប់ទល់​អាមេរិក​និង​អ៊ីស្រាអែល​
28, Apr 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​តំណាង​រដ្ឋាភិបាល​អ៊ីរ៉ង់​ថា ខ្លួន​នឹង​ប្រឹងប្រែង​បង្កើន​សមត្ថភាព​ការពារជាតិ​ដោយ​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​មី​ស៊ី​ល​ទប់ទល់​ការគំរាមកំហែង​សន្តិសុខ​ពី​ខាងក្រៅ​។ អ៊ីរ៉ង់​អះអាងថា ខ្លួន​មាន​សិទ្ធិ​ពេញលេញ​និង​ចាំបាច់​ត្រូវ​ត្រៀមលក្ខណៈ​ការពារ​ខ្លួន​ដើម្បី​រួចផុត​ពី​ការគំរាមកំហែង​នៃ​ចលនា​ភេរវកម្ម​ដែល​គាំទ្រ​ដោយ​អ៊ីស្រាអែល អាមេរិក​និង​សត្រូវ​អ៊ីរ៉ង់​ផ្សេងទៀត​។



​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់​លោក Hossein Dehghan បាន​ថ្លែង​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​ថ្ងៃ​ពុធ​ទី ២៧ ថា អ៊ីរ៉ង់​នឹង​ប្រឹងប្រែង​ដើម្បី​ការពារ​សុវត្ថិភាព​និង​សន្តិសុខ​ខ្លួន​តាម​ដែល​អាច​ធ្វើបាន និង​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​មី​ស៊ី​ល​របស់ខ្លួន​ផង​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់​ដែល​ទៅ​ម៉ូស្គូ​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​សន្តិសុខ​អន្តរជាតិ​លើក​ទី​៥​នោះ បាន​សង្កត់ធ្ងន់ថា គ្មាន​អ្នក​ណាមួយ​អាច​ទប់ស្កាត់​ឬ​បំផ្លាញ​ផែនការ​របស់​អ៊ីរ៉ង់​ក្នុង​ការធ្វើ​ទំនើបកម្ម​សមត្ថភាព​យោធា​ជាពិសេស​ប្រព័ន្ធ​មី​ស៊ី​ល​បានឡើយ​។​

​ប្រមុខ​ការពារជាតិ​អ៊ីរ៉ង់​ខាងលើ​បាន​ពន្យល់ថា ការបង្កើន​សមត្ថភាព​យោធា​និង​ប្រព័ន្ធ​មី​ស៊ី​ល​ជា​រឿង​ស្វ័យការពារ​ខ្លួន​និង​ទប់ទល់​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​ដែល​កំពុង​កើតឡើង​បច្ចុប្បន្ន ស្រប​ពេលដែល​ពិភពលោក​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​ព្រោះ​សកម្មភាព​អាមេរិក អ៊ីស្រាអែល​និង​ប្រទេស​ក្នុង​តំបន់​មួយចំនួនទៀត​ផងដែរ​។​

​ក្រៅពី​ចោទថា អាមេរិក​និង​អ៊ីស្រាអែល​គាំទ្រ​ចលនា​ភេរវកម្ម​នៅលើ​ពិភពលោក អ៊ីរ៉ង់​ក៏​រិះគន់ថា អាមេរិក​នេះ​បាន​អនុវត្ត​ស្តង់ដារ​ពីរ​ឬ​បី ឬ​ច្រើន​ជាន់​ឯណោះ​ក្នុង​វេទិកា​អន្តរជាតិ​។​

​យ៉ាងណាក៏ដោយ មន្ត្រី​ខាងលើ​បាន​អះអាង​ផងដែរ​ថា អ៊ីរ៉ង់​មិន​គំរាមកំហែង និង​ឈានទៅ​បង្ក​ការភ័យខ្លាច​ដល់​ប្រទេស​ណាមួយ​ឡើយ ហើយ​អ៊ីរ៉ង់​ថ្កោលទោស​ប្រទេស​ណា​ដែល​ហ៊ាន​ប្រើប្រាស់​កម្លាំង​ដើម្បី​រំលោភបំពាន​រដ្ឋ​អធិបតេយ្យ​។​

​ទាក់ទិន​ការកសាង​សមត្ថភាព​ការពារជាតិ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន អ៊ីរ៉ង់​បានប្រកាសថា​ខ្លួន​បានទទួល​សព្វាវុធ​រុស្ស៊ី «​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300» លើកដំបូង​បំផុត​ចាប់តាំងពី​កិច្ចព្រមព្រៀង​លក់​សព្វាវុធ​នេះ​ត្រូវបាន​គេ​ភាគី​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៧ មកម្ល៉េះ​។​

​ថ្វីបើ​អ៊ីរ៉ង់​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​ជាមួយ​មហាអំណាច ៦​រួមទាំង អាមេរិក​ក៏ដោយ អ៊ីរ៉ង់​មិនដែល​មើលឃើញ​អាមេរិក​ក្នុង​ផ្លូវ​ល្អ​ទេ ហើយ​មហិច្ឆតា​ផលិត​និង​បាញ់​សាកល្បង​មី​ស៊ី​ល​កន្លងមក​នាំ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ការសង្ស័យ​លើ​អ៊ីរ៉ង់​ផងដែរ​។ គេ​បារម្ភ​ថា អ៊ីរ៉ង់​អាច​ផលិត​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេរ​អ៊ែ​បាន​ផងដែរ​។ យោងតាម​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ អ៊ីរ៉ង់​មិនអាច​ផលិត​មី​ស៊ី​ដែល​អាច​បាញ់​ឆ្លង​ទ្វីប​និង​អាច​ភ្ជាប់​ជាមួយ​ក្បាល​គ្រាប់​នុយ​ក្លេរ​អ៊ែរ​បានឡើយ​៕


Tag:
 ​អ៊ីរ៉ង់​
  សន្និសីទ​សន្តិសុខ​អន្តរជាតិ​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com