ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ភ្នំពេញ មិនប្រឈមនឹងកង្វះទឹកស្អាតប្រើឡើយ
× ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នឹងមិនប្រឈមនឹងមិនខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃឡើយ ខណៈ បញ្ហាកង្វះទឹក បានវាយប្រហារបណ្តាខេត្តនានានៅកម្ពុជា និងជាក្តីបារម្ភរបស់រដ្ឋាភិបាលផងនោះ។ មិនខ្វះទឹកក៏ពិតមែន ប៉ុន្តែបើតាមលោក ស៊ឹម ស៊ីថា អគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តំបន់មួយចំនួនដែលស្ថិតនៅចុងបណ្តាញនៃការផ្គត់ផ្គង់របស់ PPWSA នឹងមានសម្ពាធទឹកខ្សោយជាងធម្មតា។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ PPWSA បានចេញមុខធានាថា ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នឹងមិនប្រឈមនឹងខ្វះទឹកស្អាតប្រើប្រាស់នោះឡើយ គ្រាន់តែតំបន់នៅចុងបណ្តាញនៃការផ្គត់ផ្គង់មានសម្ពាធខ្សោយប៉ុណ្ណោះ។ ការអះអាងនេះ ធ្វើឡើងស្របពេលដែលប្រជាពលរដ្ឋនៅតាមបណ្តាខេត្តកំពុងតែប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់។
លោក ស៊ឹម ស៊ីថា អគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២៨ខែមេសានេះថា ៖ «បច្ចុប្បន្នតម្រូវការទឹកច្រើនជាងតម្រូវការរួចទៅហើយ។ ហើយឥឡូវអាកាសធាតុក្តៅអ៊ីចឹងទៀត ការប្រើប្រាស់ទឹកក៏កើនឡើងដែរ។ ដូច្នេះប្រជាពលរដ្ឋនៅកន្លែងខ្លះ នឹងទទួលបានសម្ពាធទឹកខ្សោយ។ មិនខ្វះ ឬដាច់ទឹកនោះទេ គ្រាន់តែសម្ពាធទឹកចេញតិចជាងធម្មតា»។
បើតាមអគ្គនាយកPPWSA តំបន់នឹងការទទួលបាននូវសម្ពាធទឹកខ្សោយនេះ មានដូចជា តំបន់មួយចំនួនតាមបណ្តោយផ្លូវជាតិ៤ ផ្លូវទំនប់កប់ស្រូវ និងសង្កាត់ស្ទឹងមានជ័យជាដើម ។
លោក ស៊ឹម ស៊ីថា បានគូសបញ្ជាក់ថា បច្ចុប្បន្នរោងចក្រផលិតទឹកស្អាតរបស់PPWSA មានលទ្ធភាពផលិតទឹកស្អាតបានតែ៤៥ម៉ឺនម៉ែត្រគីបប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈតម្រូវការមានរហូតដល់ជាងទៅ៥០ម៉ឺនម៉ែត្រគីប។ ដូច្នេះមានតែប្រជាពលរដ្ឋប្រមាណ៨៥ភាគរយប៉ុណ្ណោះដែលទទួលបានការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។
ដើម្បីធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន ស្របពេលដែលកំណើនការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋកើនឡើងជាលំដាប់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅក្នុងសង្កាត់និរោធ។ បើតាមលោក ស៊ឹម ស៊ីថា រោងចក្រថ្មីនេះចំណាយទុនវិយោគប្រមាណ៣០លានអឺរ៉ូ មានលទ្ធភាពផលិតទឹកស្អាតបានចំនួន១៣ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ និងបញ្ចប់ការសាង់សង់នៅក្នុងឆ្នាំ២០១៧ ៕
Tag:
ស៊ឹម ស៊ីថា
ទឹក
PPWSA
© រក្សាសិទ្ធិដោយ thmeythmey.com