ជាតិ
សង្គមជាតិ
ដល់ម៉ោង១១ យប់នេះ ACU មិនទាន់បញ្ចប់ការសាកសួរអគ្គលេខាធិការរង គជប និង មន្ត្រីសង្គមស៊ីវិល
× រហូតមកដល់ម៉ោង១១យប់ទៅហើយ តែអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា និងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក៤រូបទៀត ដែលចូលខ្លួនឆ្លើយបំភ្លឺនៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយ តាំងពីព្រឹកថ្ងៃទី២៨ មេសា នេះ ដែលទាក់ទងនឹងករណីកញ្ញា ខុម ចាន់ដារ៉ាទី ហៅ ស្រីមុំនោះ មិនទាន់បានចាកចេញពីស្ថាប័ននេះនៅឡើយទេ។
អ្នកសារព័ត៌មានថ្មីៗ ដែលកំពុងឈររង់ចាំព័ត៌មានជុំវិញការសួរដេញដោលលើមន្ត្រីទាំងនេះ បានឲ្យដឹងថា នៅយប់ថ្ងៃទី២នេះ មិនទាន់ឃើញមានមន្ត្រីគជប និងមន្ត្រីសមាគមអាដហុក បានចាកចេញត្រឡប់ទៅផ្ទះវិញ ដូចកាលពីថ្ងៃទី២៧ មេសា ឡើយ ក្រៅពីអ្នកស្រី ធីតា ឃឹះ ប្រធានអង្គការសីលការ ដែលបានបញ្ចប់ការសាកសួរ និងបានត្រឡប់ទៅផ្ទះតាំងពីរសៀល។
បើតាមអ្នករាយការណ៍របស់សារព័ត៌មានថ្មីៗ នៅពេលនេះមានតែក្រុមអ្នកកាសែតប្រមាណជា១០នាក់ និងក្រុមសន្តិសុខខណ្ឌដូនពេញ ដែលកំពុងមានវត្តមាននៅពីមុខអង្គភាពប្រឆាំងអំពើពុករលួយប៉ុណ្ណោះ។
អង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅមន្ត្រីអង្គការនិងស្ថាប័នជាតិទាំងនេះ មកសាកសួរពាក់ព័ន្ធនឹងករណីកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ក្រោយពីមានព័ត៌មានថា មានមន្ត្រីសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត បានបង្គាប់នាងឲ្យនិយាយកុហកនៅចំពោះមុខសមត្ថកិច្ច។
មន្ត្រីដែលកំពុងស្ថិតនៅក្នុងACU នេះរួមមាន អគ្គលេខាធិការរង គជប លោក នី ចរិយា លោកស្រី លឹម មុនី មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគម ខណៈដែលលោក នី សុខា លោក យី សុខសាន្ត និងលោក ណៃ វង្សដា មន្ត្រីសមាគមអាដហុក បានចូលខ្លួនបំភ្លឺផ្ដល់ចម្លើយថ្ងៃទី២ ក្នុងអង្គភាពប្រឆាំងអំពើពុករលួយនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com