បទវិភាគ
ខ្វះ​ទឹក និង​ស្រីមុំ រឿង​ធំ​នៅ​ខ្មែរ​!
29, Apr 2016 , 12:52 pm        
រូបភាព
​គ្រោះរាំងស្ងួត ពលរដ្ឋ​ខ្វះ​ទឹក សត្វស្រុក សត្វព្រៃ បាត់បង់​ជីវិត​ជា​បណ្តើរៗ គឺជា​កង្វល់​ដ៏​ធំ​របស់​ជាតិ​ទាំងមូល​។ ចំពោះ​បញ្ហានេះ ​រដ្ឋាភិបាល​កំពុង​ដុតដៃដុតជើង​ដោះស្រាយ ជាពិសេស​ការធ្វើ​យុទ្ធនា​ការចុះ​ចែក​ទឹក​ជូន​ពលរដ្ឋ​ដែល​កំពុងមាន​ការខ្វះខាត​។ ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ​ផងដែរ រឿងរ៉ាវ​របស់​នារី​ម្នាក់​ឈ្មោះ​មុំ ដែល​គេ​សង្ស័យថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឯកឧត្តម កឹម សុខា ក៏​ជាហេតុ​ការណ៍​កំពុង​ទាញយក​ប្រជាប្រិយភាព​ផងដែរ​នៅក្នុង​បណ្តាសារ​ព័ត៌មាន និង​បណ្តាញ​សង្គម​។​



​បាតុភូត El Nino ដែល​បង្ក​ឲ្យ​មាន​ការឡើង​សីតុណ្ហភាព​ក្តៅ​ខ្លាំង កំពុង​ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ាន​ជួប​គ្រោះរាំងស្ងួត​។ បញ្ហា​នេះ សេដ្ឋវិទូ លោក Rajiv Biswas បាន​អះអាងថា សេដ្ឋកិច្ច​អាស៊ាន​អាច​នឹង​ខាតបង់​ប្រាក់​លើសពី​១០​ពាន់​លាន​ដុល្លារ​អាមេរិក​។

​សម្រាប់​កម្ពុជា ការកើនឡើង​កម្តៅ​ដែល​ពេលខ្លះ​ឡើងដល់​៤១​អង្សា គឺ​បាតុភូត​មិន​ធ្លាប់​កើន​មាន​អស់​រយៈពេល​ជាច្រើន​ទសវត្ស​ន៍​មកហើយ​។ ជាមួយគ្នានេះ​ផងដែរ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពិធី​សម្ពោធ​ផ្លូវ​មួយ​នៅ​ខេត្តបន្ទាយមានជ័យ បានប្រកាស​ពី​យុទ្ធនា​ការចែក​ទឹក​ដល់​ពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​។ សម្តេច​បាន​បញ្ជាក់ថា នេះ គឺជា​យុទ្ធនា​ការដែល​មិន​ធ្លាប់មាន​ពីមុនមក ព្រោះ​រលក​កំដៅ និង​ការរាំងស្ងួត​រយៈពេល​វែង​បាន​នាំមក​នូវ​ផល​លំបាក​បែបនេះ ហើយ​យុទ្ធនាការ​នេះ​ត្រូវការ​រយៈពេល​វែង ហើយ​វិសាលភាព​កាន់តែ​ធំ ព្រោះ​បឹង ស្រះ ត្រពាំង អណ្តូង កាន់តែ​អស់​ទឹក និង​រីងស្ងួត តម្រូវ​ឲ្យ​យើង​បង្កើន​ការផ្គត់ផ្គង់​កាន់តែច្រើន និង​កាន់តែ​ធំ​ទូលាយ​ថែមទៀត​។​

​ក្រៅពី​មនុស្ស ព្រៃឈើ សត្វស្រុក សត្វព្រៃ​គ្រប់​ប្រភេទ ក៏​កំពុង​រង់ចាំ​ការសង្គ្រោះ​ផងដែរ ខណៈ​ករណី​ភ្លើង​ឆេះ​ព្រៃ បាន​បង្ក​វិនាសកម្ម​នៅ​តំបន់​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ដោយ​ព្រៃឈើ​រង​ការ​ខ្ទេចខ្ទី សត្វ​ខ្វះ​ទីជម្រក និង​បាត់​បង់ជីវិត​ជា​បណ្តើរៗ ។​

​ស្របពេល​ជាមួយគ្នានេះដែរ ស្ថាប័ន​សារព័ត៌មាន​ជាច្រើន​នៅ​កម្ពុជា ត្រូវ​បែងចែក​ក្រុមការងារ​មួយទៀត​ដើម្បី​តាមដាន​ព័ត៌មាន​ទាក់ទង​នឹង​រឿងរ៉ាវ​ស្នេហា​របស់​នារី​ឈ្មោះ ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ហើយ​ភាគី​ខាង​ប្រុស​ត្រូវបាន​គេ​ចោទប្រកាន់ថា ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា​។​

​រឿងរ៉ាវ​ស្នេហា​ដែល​ផ្តើមចេញពី​សំឡេង​ខ្សែអាត់​បង្ហោះ​ដោយ​ក្រុម​អនាមិក បាន​ក្លាយជា​សំណុំរឿង​ដ៏​វែង​អន្លាយ​ជាង​ការរត់​ម៉ារ៉ាតុន​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) និង​តុលាការ​រាជធានី​ភ្នំពេញ ហាក់​មានការ​មមាញឹក​យ៉ាងខ្លាំង​ក្នុង​សំណុំរឿង​ដែលមាន កញ្ញា ស្រីមុំ និង​ឯកឧត្តម កឹម សុខា ជា​មនុស្ស​សំខាន់​។​

​អ្នកផ្សេង​ទៀត​ដែល​បាន​ចូល​ពាក់ព័ន្ធ​រួមមាន ក្រុមយុវជន​ដឹកនាំ​ដោយ លោក ស្រី ចំរើន បានធ្វើ​ការទាមទារ​ជាច្រើនលើក​ច្រើនសារ​ដើម្បី​ឲ្យ​ឯកឧត្តម កឹម សុខា ធ្វើការ​បកស្រាយ​។ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដ៏​មាន​ប្រជាប្រិយ កញ្ញា ធី សុវណ្ណ​ថា បាន​ប្តឹង​ទាមទារ​ប្រាក់​១​លាន​ដុល្លារ​ពី​អនុប្រធាន​បក្សប្រឆាំង​ពីបទ​បរិហារកេរ្តិ៍ ដោយ​យោងតាម​ការសន្ទនា​ក្នុង​ខ្សែអាត់​មួយ​។​

​ជាមួយគ្នានេះ លោក អ៊ូ វីរៈ អ្នកវិភាគ​ឯករាជ្យ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ប្តឹង​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ក្រោយ​គាត់​និយាយប្រាប់​អាស៊ីសេរី​ថា សំណុំរឿង​ស្នេហា​នេះ ជាការ​រៀបចំ​របស់​ប​ក្ស​កាន់អំណាច​។

​កាន់តែ​ជ្រៅ​ជាង​នេះ  សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន មេឃុំ​ម្នា​ក់នៅ​កំពង់ចាម ឈ្មោះ ស៊ា​ង ចែត ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ពីបទ​ចោទ​សូកប៉ាន់​សាក្សី ក្រោយ ACU ប្រកាសថា រកឃើញ​ធាតុ​ផ្សំ​គ្រប់គ្រាន់​ទាក់ទង​នឹង​រឿង​លុយ​៥០០​ដុល្លារ​អាមេរិក ដែល​ស្រីមុំ អះអាង​ក្នុង​លិខិត​ចំហរ​មួយ​ថា លោក ស៊ា​ង ចែត យកទៅ​ឲ្យ​ម្តាយ​របស់​នាង​ដើម្បី​កុំ​ឲ្យ​និយាយ​ការពិត​ទាក់ទង​នឹង​ស្នេហា​រវាង​នាង និង​ឯកឧត្តម កឹម សុខា​។​

​លិខិត​ចំហរ​របស់​ស្រីមុំ ផងដែរ បានផ្តល់​ការងារ​ជា​ប្រវត្តិសាស្ត្រ​ដល់​អង្គភាព ACU ដែល​ធ្វើការ​ពី​ព្រឹក​ព្រលឹម​រហូតដល់​យប់​ជ្រៅ  នា​រយៈពេល​ពីរ​ថ្ងៃ​ពីថ្ងៃ​ទី​២៧-២៨ ខែមេសា រហូត​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ក្នុងការ​សាកសួរ​មន្ត្រី​៤​នាក់​របស់​អាដហុក និង​លោក នី ចរិយា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។ មន្ត្រី​ទាំងនេះ ត្រូវបាន​ចោទសួរ បន្ទាប់ពី​ស្រីមុំ បានសរសេរថា អង្គការ​អាដហុក បាន​ណែនាំ​ឲ្យ​នាង​និយាយ​កុហក​ក្នុង​រឿង​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឯកឧត្តម កឹម សុខា​។​

​យោងតាម​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា បាតុភូត​ក្តៅ El Nino នឹង​ជះឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​រហូតដល់​ពាក់​កណ្តាលខែ​កក្កដា​ឆ្នាំ​២០១៦ ទើប​មាន​បាតុភូត​ត្រជាក់​ថ្មី La Nina មកលើ​ប្រទេស​ក​ម្ព​ជា​វិញ ហើយ​ភ្លៀង​ក៏​នឹង​ចាប់ផ្តើម​ធ្លាក់​ជាធម្មតា​នាពេលនោះ​វិញ​ផងដែរ ប៉ុន្តែ​រឿងរ៉ាវ​របស់​ស្រីមុំ មិនមាន​ការព្យាករណ៍​ថា នឹងត្រូវ​បញ្ចប់​នៅពេលណា​នោះឡើយ​៕


Tag:
 ស្រីមុំ​
  គ្រោះរាំងស្ងួត
© រក្សាសិទ្ធិដោយ thmeythmey.com