ជាតិ
គណៈ​ដឹកនាំ​ឥស្លាម​ប្រាប់​ឲ្យ​តាម​សហគមន៍​ថ្វាយបង្គំ​សុំ​ទឹកភ្លៀង​
29, Apr 2016 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បានប្រកាស​ប្រាប់​ថ្នាក់ដឹកនាំ​តាម​សហគមន៍​ខ្មែរឥស្លាម​នៅ​ទូទាំងប្រទេស ឲ្យ​រៀបចំ​ថ្វាយបង្គំ​សុំ​ទឹកភ្លៀង​។ ការថ្វាយ​បង្គំ​សុំ​ទឹកភ្លៀង គឺធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​សាសនា​ឥស្លាម​។​



​ក្នុង​លិខិត​មួយច្បាប់​ចុះ​ថ្ងៃទី​២៨ មេសា ប្រាប់​ទៅ​ថ្នាក់​គ្រប់គ្រង​គ្រប់លំដាប់​ថ្នាក់ គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា ដែលមាន​លោក សុះ កំ​រី ជា​ចាងហ្វាង ឲ្យ​មានការ​ថ្វាយបង្គំ​សុំ​ទឹកភ្លៀង ជា​ទ្រុងទ្រាយ​ធំ នៅតាម​សហគមន៍​ខ្មែរឥស្លាម​។ «​ការសុំ​ទឹកភ្លៀង​ពី​អ​ល់​ឡោះ (​ព្រះ​ជា​ម្ចាស់​) តាម​ការណែនាំ​របស់​សាសនា​ឥស្លាម​»​។ នេះ​ជា​កម្មវត្ថុ ក្នុង​លិខិត​របស់លោក សុះ កំ​រី​។​

​បច្ចុប្បន្ន គ្រោះរាំងស្ងួត កំពុង​បង្ក​ការលំបាក​ដល់​ជីវិត​មនុស្ស សត្វ ទូទាំងប្រទេស ដែលជា​ហេតុ​ធ្វើ​ឲ្យ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា ប្រកាស​រៀបចំ​ការថ្វាយ​បង្គំ​សុំ​ទឹកភ្លៀង​នេះ​។ គេ​មិនអាច​ដឹង​ពី​លទ្ធភាព​នៃ​ការ​ថ្វាយបង្គំ​សុំ​ទឹកភ្លៀង​នេះ បាន​នៅឡើយ​ទេ តែ​វា​ជាការ​ណែនាំ​របស់​សាសនា​ឥស្លាម ដែល​ជំនាន់​ព្យា​ការី​ម​ហាំ​ម៉ាត់ ធ្លាប់បាន​អនុវត្តន៍ និង​បាន​លទ្ធផល​ជា​ផ្លែផ្កា​។​

​ក្រៅពី​ប្រកាស​ឲ្យ​មានការ​ថ្វាយបង្គំ​ជា​ទ្រង់ទ្រាយ​ធំ​ហើយ​នោះ ក្នុងនោះ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា ក៏បាន​បង្គាប់​ឲ្យ​រាល់​ការសូត្រ​ខុ​ត​ព្ហះ​ជុំ​អាត់ (​ថ្ងៃ​សុក្រ​) ត្រូវ​បញ្ចូល​ខ្លឹមសារ សុំ​ទឹកភ្លៀង​ឲ្យ​បានជា​ប្រចាំ​ផងដែរ និង​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​ទាក់ទង​នឹង​សាសនា​ឥស្លាម​៕


Tag:
 ឥស្លាម​
  ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com