ព័ត៍មានសុខភាព
​ហេតុអ្វី​គ្រូពេទ្យ​ខ្លះ មិន​ចង់​ឲ្យ​អ្នក មានកូន​ភ្លោះ​?
30, Apr 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ជាមួយនឹង​ការបង្ក​កំណើត​ក្រៅ​ស្បូន (IVF) អ្នក​អាចមាន​ឱកាស ទទួលបាន​កូនភ្លោះ រហូត​ទៅដល់ ៤៦ ភាគរយ ហើយ​ភាគច្រើនបំផុត គឺ​ភ្លោះ​ពីរ​។ ប៉ុន្តែ អ្នកជំនាញ​ខាង​បង្ក​កំណើត ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​បែប គឺ​បានន័យថា មានតែ​កូន​មួយ​ប៉ុន​នោះ​។ ហេតុអ្វី​ទៅ​?



​ការ​មានកូន​ភ្លោះ ធ្វើ​ឲ្យ​ម្តាយ​ប្រឈមមុខ នឹង​បញ្ហា​សុខភាព​ជាច្រើន រួមទាំង​ទារក​ភ្លោះ​ផងដែរ ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​។​

​ទិន្នន័យ​ចុងក្រោយ ដែល​បានមកពី​មជ្ឈមណ្ឌល​ការពារ និង​គ្រប់គ្រង​ជំងឺ (Center for Disease Control and Prevention) បាន​បង្ហាញថា ៣៧ ភាគរយ​នៃ​ទារក​ភ្លោះ ដែល​បង្ក​កំណើត​ក្រៅ​ស្បូន បាន​កើតមុន​កំណត់ ខណៈពេល​អត្រា​មានកូន​ភ្លោះ​តាម​ធម្មតា មានតែ ៣​ភាគរយ​នោះ ហើយ​ក្នុងនោះ បាន​កើតមុន​កំណត់ ១២ តែ​ភាគរយ​ទេ​។​

​ស្ត្រី​ភាគច្រើន ដែល​ទទួល​ការព្យាបាល ដោយ​ការបង្ក​កំណើត​ក្រៅ​ស្បូន តែងតែ​ប្រាថ្នា​ចង់បាន​កូនភ្លោះ ពីព្រោះ ពួកគេ​មិនមាន​ពេលវេលា ឱកាស និង​លុយកាក់​ម្តងទៀត សម្រាប់​ការព្យាបាល​បែបនេះ​ឡើយ ពីព្រោះ វា​ពិត​ថ្លៃ​ខ្លាំងណាស់ (​អស់​ក្បែរ ២ ម៉ឺន​ដុល្លារ​) ហើយ​ស្ត្រី​មួយចំនួនទៀត ចង់​មានកូន​តែ​ម្តងនេះ គឺ​បញ្ចប់​ហើយ​។​

​ប៉ុន្តែ វេជ្ជបណ្ឌិត​ជំនាញ​ខ្លាច​ថា ការសម្រេច​រហ័ស​បែប​នេះ អាចធ្វើ​ឲ្យ​ពួកគេ​ស្តាយក្រោយ ពីព្រោះ ពួកគេ​មិនបាន​ដឹង​ច្បាស់ អំពី​កត្តា​ប្រឈមមុខ និង​បញ្ហា​ទៅ​ថ្ងៃក្រោយ​ទៀត​នោះទេ​។​

​បញ្ហា​ដែល​អ្នក​ត្រូវ​ប្រឈមមុខ មានដូចជា ៖
-    ជំងឺ​ទឹកនោមផ្អែម​
-    ជំងឺ​ព្រាយ​ក្រឡាភ្លើង​
-    ទារក​កើតមុន​កំណត់​
-    ការ​សម្រាលកូន​ដោយ​វះកាត់​
-    ត្រូវការ​សម្រាក​យូរ ក្រោយពេល​សម្រាលកូន​រួច​
-    បញ្ហា​ក្នុងការ​ដកដង្ហើម ចំពោះ​ទារក​តូចៗ ហើយ​ពេលខ្លះ តម្រូវ​ឲ្យ​គេ​សម្រាក​ក្នុង​មន្ទីរពេទ្យ ជាច្រើន​សប្តាហ៍ ឬ​ខែ​ទៀតផង បន្ទាប់ពី​កើត​រួច​។​
​ដូច្នេះ ប្រសិនបើ​អ្នក ទទួល​ការព្យាបាល​ដោយ​បង្ក​កំណើត​ក្រៅ​ស្បូន អ្នក​គួរស្វែងយល់​ឲ្យ​បាន​ច្បាស់ មុននឹង​សម្រេចចិត្តថា យក​កូនភ្លោះ ឬ​កូន​តែមួយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com