អន្តរជាតិ
៤១ ឆ្នាំក្រោយ​ចប់​សង្គ្រាម​៖ បច្ចុប្បន្ន និង​អនាគត​នៃ​ទំនាក់ទំនង​អាមេរិក​-​វៀតណាម​
30, Apr 2016 , 9:39 pm        
រូបភាព
ព្រឹក​ថ្ងៃ ៣០​មេសា ឆ្នាំ ១៩៧៥ កងទ័ព​វៀតណាម​ខាងជើង មាន​រថក្រោះ រថពាសដែក ទ័ពថ្មើរជើង​ផង​បាន​កាន់កាប់​សៃ​ហ្ក​ន​ទាំងស្រុង ដែល​វា​បញ្ជាក់ថា របប​ដឹកនាំ​ក្រុង​សៃ​ហ្ក​ន​ដែលមាន​អាមេរិក​ជា​ខ្នងបង្អែក​នោះ​ដួលរលំ​ហើយ​។​ហើយ​វា​ក៏​បញ្ជាក់ថា ចាប់ពីពេលនេះ​សង្គ្រាម​បងប្អូន​ឯង​ដែល​សម្លាប់​មនុស្ស​ចន្លោះ​ពី ១.៥ ទៅ ៣.៥ លាន​នាក់​នោះ​ក៏​ដល់ទី​បញ្ចប់​ដែរ​។ លែងមាន​វៀតណាម​ជើង​និង ត្បូង​ហើយ តែមាន​វៀតណាម​តែមួយ​ដើរ​តាម​របប​កុម្មុយនីស្ត​។    មកដល់​ថ្ងៃ ៣០ មេសា​ឆ្នាំ ២០១៦ នេះ ប្រជាជន​វៀតណាម​ចាប់ផ្តើម​ប្រារព្ធ​ខួប​លើក​ទី ៤១ នៃ​ការដួលរលំ​នៃ​វៀតណាម​ខាងត្បូង​និង​ការ​រួមគ្នា​នៃ​វៀតណាមទាំងពីរ​។ រយៈពេល ៤១​ឆ្នាំកន្លងមក វៀតណាម​បាន​ផ្លាស់ប្តូរ​ច្រើន​។ ក្រៅពី​មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស​គួរ​ឲ្យ​កត់សម្គាល់ វៀតណាម​ក៏​ត្រៀមខ្លួន​ក្លាយជា​ប្រទេស​ឧស្សាហកម្ម​នៅពេល​ខ្លី​ខាងមុខ​។ ហើយ​អ្វីដែល​សំខាន់ វៀតណាម​ក៏​អាច​លុបចោល​ស្នាម​អតីតកាល​ដ៏​ជូរចត់​ត្រលប់​ចាប់ដៃ​សត្រូវ​ចាស់​អាមេរិក​។ នេះ​ក៏​ព្រោះថា សម្រាប់​វៀតណាម មានតែ​បច្ចុប្បន្ន និង​អនាគត​ប៉ុណ្ណោះ​។

 


​វៀតណាម​ចុងឆ្នាំ ១៩៧៤...
​ចុងឆ្នាំ ១៩៧៤ វៀតណាម​ខាងត្បូង​មាន​អាមេរិក​ជា​ខ្នងបង្អែក​ទន់ដៃទន់ជើង​ដូចជា​របប លន់ នល់​នៅ​កម្ពុជា​អ៊ីចឹង​ដែរ ហើយ​គេ​ដឹងថា​របប​នេះ​មិនយូរ​មិនឆាប់​នឹង​ដួលរលំ​។ របប​សៃ​ហ្ក​ន ពឹង​លើ​ជំនួយ​ក្រុង​វ៉ាស៊ីនតោន ហើយ​ជឿ​ស្លុង​ចិត្ត​លើ​ការសន្យា​របស់​អាមេរិក​ថា អាមេរិក​ជួយ​ការពារ​វៀតណាម​ខាងត្បូង​មិន​ឲ្យ​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ​វៀតណាម​កុម្មុយនីស្ត​ទេ​។​

​តែបើ​ក្រឡេកមើល ចលនា​កុម្មុយនីស្ត​វៀតណាម​ខាង​ជើង កងទ័ព​នេះ​តម្រង់​ឆ្ពោះ​លឿន​ទៅមុខ​ដូច​ព្រួញ​មកកាន់​ទីក្រុង​សៃ​ហ្ក​ន ហើយ​ពួកគេ​បាន​បន្ត​វាយប្រហារ​ទ័ព​វៀតណាម​ខាងត្បូង​ដែល​នៅតាម​ព្រំដែន​កម្ពុជា នា​ខេត្ត Song Be ជាដើម​។ ខេត្ត​ជាច្រើន​នៅជាប់​ព្រំដែន បន្ត​ធ្លាក់​ក្រោម​កណ្តាប់ដៃ​ទ័ព​វៀតណាម​ខាងជើង ហើយ​ទ័ព​វៀតណាម​ខាងត្បូង​ត្រឹម​វាយ​ទប់​ការ​រុលទៅមុខរ​បស់ទ័ព​កុម្មុយនីស្ត​ប៉ុណ្ណោះ​។ បើ​គ្មាន​ជំនួយ​ហិរញ្ញវត្ថុ និង​សព្វាវុធ​បន្ថែម ពី​ក្រុង​វ៉ាស៊ីនតោន វៀតណាម​ខាងត្បូង​នេះ​អាច​វា​បន្តបាន​យ៉ាងយូរ​បី ទៅ​បួន​ខែ​ទៀត​ប៉ុណ្ណោះ ព្រោះ​ទាហាន​អាមេរិក​ដកចេញ​ជិត​អស់​រួចទៅហើយ​ក្រោម​កិច្ចព្រមព្រៀង​ប៉ារីស​ឆ្នាំ ១៩៧៣ ។

-​ចេតនា​បោះបង់​ឥណ្ឌូចិន​របស់​អាមេរិក នៅតែ​ជា​រឿងចម្រូងចម្រាស​
​វា​ជា​រឿង​គួរ​ឲ្យ​អស់សង្ឃឹម​មួយ ព្រោះ​អាមេរិក​មិនបាន​ធ្វើ​អ្វី​តាម​ការសន្យា​ទេ​។ ចុងឆ្នាំ ១៩៧៤ ប្រធានាធិបតី រី​ឆាត និ​ច​សុន (Richard Nixon) ដែលជា​អ្នក​សន្យា​នោះ​លាលែង​ពី​តំណែង​ទៅហើយ​ដោយសារ​រឿងអាស្រូវ Watergate ។ អ្នក​ស្នង​តំណែង​លោក និ​ច​សុន លោក Gerald Ford មិនមាន​សមត្ថភាព​ជំរុញ​ឲ្យ​សភា​អាមេរិក​បោះឆ្នោត​ផ្តល់​កញ្ចប់​លុយ​ជំនួយ​ផ្គត់ផ្គង់​ឲ្យ​រដ្ឋាភិបាល​ក្រុង​សៃ​ហ្ក​ន និង​ក្រុងភ្នំពេញ​ឡើយ​។ នេះ​ក៏ដោយ​សារ កាលនោះ​ចលនា​ប្រជាជន​អាមេរិក​ប្រឆាំង​សង្គ្រាម​អាមេរិក​នៅ​វៀតណាម​។ សូម្បីតែ​ទាហាន​អាមេរិក​ក្នុង​សង្គ្រាម​វៀតណាម​លោក ច​ន ឃែ​រី (John Kerry) ក៏បាន​ចូលរួម​ដឹកនាំ​ចលនា​តស៊ូ​ទាមទារ​ឲ្យ​អាមេរិក​បញ្ចប់សង្គ្រាម​នៅ​វៀតណាម​ដែរ​។ តែ​លោ​ករង​ការ​ថ្កោលទោស​និង​ត្រូវ​អ្នកនយោបាយ​អាមេរិក​ខ្លះ និង​ទាហាន​វៀតណាម​ខាងត្បូង​ចាត់ទុកជា អ្នក​ក្បត់​រត់​យករួចខ្លួន និង​បោះបង់​វៀតណាម​ខាងត្បូង​ចោល​។  បើ​គ្មាន​ជំនួយ បានន័យថា ចលនា​កុម្មុយនីស្ត​នឹង​គ្រប់គ្រង​ឥណ្ឌូចិន​ទាំងមូល និង​អាច​ពង្រីក​ខ្លួន​នៅ​អាស៊ីអាគ្នេយ៍​ទាំងមូល​ទៀត​។

​តាមពិតទៅ ដើម​ទសវត្សរ៍ ឆ្នាំ ១៩៧០ អាមេរិក​ត្រៀម​បោះបង់​វៀតណាម​រួចទៅហើយ ដូច​យើង​បានលើកឡើង​ពី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ខាងលើ​។ តែ​លោក និ​ច​សុន បន្តធ្វើ​សង្គ្រាម​និង​ចាប់ផ្តើម​ចរចា​ជាមួយ​របប​កុម្មុយនីស្ត​ដើម្បី​ទាញ​ប្រជាប្រិយភាព​នយោបាយ​ក្នុងស្រុក​ប៉ុណ្ណោះ​។  និយាយ​ដល់ កិច្ចព្រមព្រៀង​ខាងលើ  អ្នកការទូត​អាមេរិក​ដែល​គាំទ្រ​សង្គ្រាម​ប្រឆាំង​ចលនា​កុម្មុយនីស្ត​នៅ​ឥណ្ឌូចិន លោក ហេន​រី ឃី​ស៊ី​ង​ហ្គឺ (Henry Kissinger) ជា​អ្នក​គូស​ផែនទី​សម្រាប់​នយោបាយ​ការបទេស​អាមេរិក​សម្រាប់​ឥណ្ឌូចិន​។  លោក មាន​ចំណែក​ពិសេស​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​អាមេរិក​ជាមួយ​ក្រុង​ប៉េកាំង និង​ចរចា​ជាមួយ​វៀតណាម​ខាងជើង​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ឆ្នាំ ១៩៧៣ ។ ហើយ​លោក​ក៏ ជឿជាក់ថា កិច្ចព្រមព្រៀង​នឹង​បញ្ចប់សង្គ្រាម ហើយ​វៀតណាម​ខាងជើង​មិន​វាយ​ដណ្តើម​កាន់កាប់​វៀតណាម​ខាងត្បូង​ទេ​។ តែ​វៀតណាម​ខាងជើង​មិនបាន​គោរព​កិច្ចព្រមព្រៀង​ទេ ហើយ​បន្ត​ប្រយុទ្ធ​ទៀត​។ យ៉ាងណាក៏ដោយ ទោះ​កិច្ចព្រមព្រៀង​មិនបាន​បញ្ចប់សង្គ្រាម​វៀតណាម​ក្តី មេដឹកនាំ​វៀតណាម​ខាងជើង ឡេ ដឹក​ថូ ( Le Duc Tho) និង ឃី​ស៊ី​ង​ហ្គឺ ដែលជា​អ្នកចរចា​បង្កើត​កិច្ចព្រមព្រៀង​សុទ្ធតែ​បានទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​ទៀត​។

 ក្នុង​សន្និសីទ​ស្តីពី​សង្គ្រាម​វៀតណាម​នៅ Austin ដែល​រៀបចំ​នៅ​ដើម​សប្តាហ៍​នេះ ប្រមុខ​ការទូត​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ខាងលើ លោក ហេន​រី ឃី​ស៊ី​ង​ហ្គឺ នៅតែ​មិន​បង្ហាញ​ការ​សោក​សា្តយ​ចំពោះ​ការចាកចេញ​របស់​អាមេរិក​ពី​ឥណ្ឌូចិន ដោយ​ទុក​ឲ្យ​តំបន់​ឥណ្ឌូចិន​នេះ​ធ្លាក់​ទៅ​ក្រោម​របប​កុម្មុយនីស្ត​ឡើយ​។ តែ​លោក​ចាត់ទុកថា រឿង​អម្បាលម៉ាន​ដែល​កើតមានឡើង​នៅក្នុង​សង្គ្រាម​ឥណ្ឌូចិន​នោះ​ជា​មេរៀន​សម្រាប់​អាមេរិក​។ ចំណែក លោក ច​ន ឃែ​រី ឯណោះ​វិញ​ក៏មាន​វត្តមាន​ក្នុង​ស​ន្និ​សី​ខាងលើ​ដែរ ហើយ​លោក​បន្ត​ការពារ​ការបញ្ចប់​សង្គ្រាម​នៅ​វៀតណាម​ដែរ ទោះជា​លោក​ប្រឈម​ការរិះគន់​កន្លងមក​ច្រើន​ក៏ដោយ​។ ស្របពេល​ជាមួយគ្នា​នោះ​លោក​បាន​ឆ្លៀត​លើកឡើង​ពី​ការប្រឹងប្រែង​ស្តារ​ចំណង​ទំនាក់ទំនង​រវាង​វៀតណាម​និង​អាមេរិក និង​បច្ចុប្បន្នភាព​ក៏ដូចជា​អនាគត​នៃ​ទំនាក់ទំនង​ដែល​ធ្លាប់តែ​ល្វីង​ជូរចត់​នេះ​។     អាច​ថា ការខ្វែងគំនិត​គ្នា​រវាង​អ្នកនយោបាយ និង​ជជែក​ដេញដោល​ជុំវិញ​រឿង​សង្គ្រាម​វៀតណាម​នៅតែ​បន្ត​មកដល់​បច្ចុប្បន្ន បើ​ទោះ​សង្គ្រាម​វៀតណាម​ចប់ ៤១ ឆ្នាំ​ក្តី​។ ហើយ​និយាយ​ឲ្យ​អាក្រក់​ស្តាប់ សង្គ្រាម​វៀតណាម​នៅតែ​ជា​ស្រមោល​អន្ទោលតាមប្រាណ និង​លងបន្លាច​អាមេរិក​នៅឡើយ​។

-​ការ​ដួ​រ​រលំ​ក្រុង​សៃ​ហ្ក​ន ថ្ងៃ ៣០ មេសា ឆ្នាំ ១៩៧៥
​ត្រលប់មក​ផ្តោតលើ​ការប្រយុទ្ធ​រវាង​វៀតណាម​ទាំងពីរ​វិញទៀត  ខណៈដែល​ទ័ព​វៀតណាម​ខាងត្បូង​ទន់ដៃទន់ជើង​ព្រោះ​គ្មាន​ជំនួយ កងទ័ព​វៀតណាម​ខាងជើង ដណ្តើមបាន​ជ័យជម្នះ​ជា​បន្តបន្ទាប់​។  រហូតដល់​ថ្ងៃ ២១ មេសា កងទ័ព​នេះ​ដណ្តើមបាន Xuan Loc ដោយសារ​វៀតណាម​ខាង​ត្បូង​អស់​កងទ័ព​គាំទ្រ​ផ្លូវអាកាស​និង​សព្វាវុធ​ដើម្បី​ប្រយុទ្ធ​។ ការ​ដ​ណើ្ត​ម​កាន់កាប់ Xuan Loc បង្ហាញ​ច្បាស់​ថា វៀតណាម​ខាងជើង​នៅសល់តែ សៃ​ហ្ក​ន ជា​សម​ភូមិ​ចុងក្រោយ ប៉ុណ្ណោះ​។ ក្នុង​ថ្ងៃ ២៥ ខែសីហា ប្រធានាធិបតី​វៀតណាម​ខាងត្បូង​លោក Nguyen Van Thieu ប្រកាស​ចុះចេញ​ពី​តំណែង និង​ផ្ទេរអំណាច​ឲ្យ​លោក Tran Van Huong ដែល​កាលនោះ​ធ្វើជា​អនុ​ប្រធានាធិបតី ហើយអនុប្រធានាធិបតី​នេះកាន់តំណែង​បាន​១ថ្ងៃប៉ុណ្ណោះ​។ ថ្ងៃ ២៦ មេសា អំណាច​ទាំងស្រុង​ធ្លាក់​មកលើ​កណ្តាប់ដៃ​ឧ​ត្ត​ម​សេនីយ៍ Duong Van Minh​។   ២​ថ្ងៃក្រោយ កងទ័ព​វៀតណាម​ខាងជើង​ហ៊ុមព័ទ្ធ​សៃ​ហ្ក​ន​ទាំងមូល ហើយ​ពួកគេ​ត្រៀមលក្ខណៈ​វាយ​បំបែក​និង​កាន់កាប់​សៃ​ហ្ក​នតា​មការ​គ្រង​ទុក​។

​ថ្ងៃ​៣០ មេសា​មកដល់ គេ​រំពឹងថា ការប្រយុទ្ធ​បង្ហូរឈាម​គ្នា​ខ្លាំង​កើតមានឡើង​រវាង​វៀតណាម​ទាំងពីរ តែ​អ្វីៗ​ខុសពី​ការ​គិតទុក​ទាំងស្រុង​។  វៀតណាម​ខាងត្បូង​ដូចជា​ត្រៀមខ្លួន​ចុះចាញ​លើក​ទង់ជ័យ​ស និង​ផ្ទេរអំណាច​ឲ្យ វៀតណាម​ខាងជើង​រួចទៅហើយ​។ រថក្រោះ​រថពាសដែក​ក​ង​កម្លាំង​វៀតណាម​ខាងជើង វាយ​ទម្លាយ​របង​វិមាន​ប្រធាន​ធិបតី ហើយ​សង្គ្រាម​បង្ហូរឈាម​គ្នា​នេះ​ឈានដល់​ទីបញ្ចប់ ដោយ​ឧ​ត្ត​ម​សេនីយ៍ Doung Van Mihn ផ្ទេរអំណាច​ទៅ​ឲ្យ​មេបញ្ជាការ​កងទ័ព​វៀតណាម​ខាងជើង​លោក​វរសេនីយ៍ឯក Bui Tin​។

​រឿង​មួយ​ដែល​ស្រដៀង​គ្នា​កើតឡើង​នៅ​វៀតណាម ក្រោយ​ការឡើង​កាន់អំណាច​រប​ស់​វៀតណាម​ខាងជើង​គឺ ទាហាន​វៀតណាម​ខាងត្បូង​ត្រូវ​ប្រឈម​បទបញ្ជា​មួយ​គឺ « រៀនសូត្រ​ឡើងវិញ​»​។ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ឲ្យ​តែ​លឺថា រៀនសូត្រ គេ​ដឹង​ច្បាស់​ថា គេ​គេច​មិន​ផុតពី​អស់​ជីវិត​ទេ​។ តែ​នៅ​វៀតណាម​សម័យ​នោះ មានតែ​ទាហាន​ប៉ុណ្ណោះ​ដែល​ត្រូវគេ​បញ្ជូនទៅ​រៀនសូត្រ​ឡើងវិញ​។  ទាហាន​ថ្នាក់ទាប​រង​ទណ្ឌកម្ម​រយៈពេល​ខ្លី ឯ​ទាហាន​ជាន់ខ្ពស់​រង​ការ​ធ្វើទុក្ខបុកម្នេញ​អស់​ពេល​យូរអង្វែង និង​ខ្លះទៀត​អាច​ទៅ​រៀនសូត្រ​ហើយ​មិនឃើញ​ត្រលប់​មកវិញ​។  

​ចំណែក អ្វីដែល​មិន​ដូច​កម្ពុជា វៀតណាម​គ្មានទេ​របប​ប្រល័យពូជសាសន៍ មានតែ​ការផ្សះផ្សា​ជាតិ​ក្រោយ​ជម្លោះ​។ តែ​ណ្ហើយ​! ប្រជាជន​វៀតណាម​វៀតណាម​ចាប់ផ្តើម​ចាប់ដៃគ្នា​អភិវឌ្ឍ​ប្រទេសជាតិ​ជា​បន្តបន្ទាប់ និង​ឈានទៅ​អនុវត្ត​នយោបាយ​កំណែទម្រង់ (Doi Moi) នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ផ្លាស់ប្តូរ​ប្រព័ន្ធ​សេដ្ឋកិច្ច   ពី «​សេដ្ឋកិច្ច​ផែនការ​»​ទៅជា​សេដ្ឋកិច្ច​ទីផ្សា​សេរី តែ​រក្សា​របប​នយោបាយ​សង្គមនិយម​ដដែល​។ រយៈពេល ៤១ ឆ្នាំ​វៀតណាម​អភិវឌ្ឍ​រហ័ស​ស្ទើរ​មិនគួរ​ឲ្យ​ជឿ ហើយ​វៀតណាម​ត្រៀមខ្លួន​ក្លាយជា​ប្រទេស​ឧស្សាហកម្ម​នៅត្រឹម​ឆ្នាំ ២០២០ ផងដែរ​។

​តែ​បញ្ហា​មួយ​ដែល​នៅ​ជា​ក្តីបារម្ភ​នៅឡើយ​សម្រាប់​ប្រជាជន​វៀតណាម​នោះ គឺ​អ្នកឈ្នះ​និង​អ្នកចាញ់​សង្គ្រាម​ក្នុងនោះ​មាន​ប្រជាជន​ភាគ​ខាងជើង និង​ភាគខាងត្បូង​នៅ​មិនទាន់​អា​ចរក​ចំណុច​រួមគ្នា​ឃើញ​ឡើយ ហើយ​អារម្មណ៍​ស្អប់ខ្ពើម​គ្នា​នៅ​វិញ​ទៅមក​នៅ​មិនទាន់​ជម្រះ​អស់ពី​សង្គម​វៀតណាម​សម័យ​ទំនើប​នេះឡើយ​។​

​វៀតណាម -​អាមេរិក​៖  បច្ចុប្បន្ន​និង​អនាគត​
​វៀតណាម​បាន​ទុក​អនាគត​មួយ​ឡែក​រួចទៅហើយ ដោយ​កែប្រែ​នយោបាយ​ការបរទេស​របស់ខ្លួន​ចំពោះ​សត្រូវ​ចាស់​ដូចជា​អាមេរិក​។ ឆ្នាំ ១៩៩៥ ប៉ុន្មាន​ឆ្នាំក្រោយ​ប្រទេស​នេះ​បើកចំហរ​ទីផ្សារ​ទទួល​វិនិយោគទុន​បរទេស​និង​ធ្វើ​ឯកជន​ភាវូបនីយកម្ម ទំនាក់ទំនង​អាមេរិក​និង​វៀតណាម​ក៏​ចាប់ផ្តើម​ស្តារឡើងវិញ​ដែរ​។  ប្រហែលជា​គ្មាន​អ្នកណា​ធ្លាប់​គិត​ទេ ថា រឿង​បែបនេះ​វា​កើតឡើង​ទៅបាន​។ តែ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ សត្រូវ​ស៊ីសាច់ហុតឈាម​គ្នា​ក៏​នៅតែ​អាច​ក្លាយជា​មិត្ត​បានដែរ ឲ្យ​តែ​វា​មាន​ប្រយោជន៍​។​

​បន្ទាប់ពី​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម និង​អាមេរិក​កើនឡើង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​។ ហើយ​ភាគី​ទាំងពីរ​បង្ហាញ​ឆន្ទៈ​ក្នុង​បន្ត​លើកស្ទួយ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ផងដែរ លើ​វិស័យ​ផ្សេងទៀត​ក្រៅពី​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​។ កន្លងមក​គេ​ឃើញ​មាន​បម្លាស់ប្តូរ​ទស្សនកិច្ច​មន្ត្រីជាន់ខ្ពស់​អាមេរិក​និង​វៀតណាម​ទៅវិញទៅមក​។ ហើយ​គូភាគី​ចង់បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​និង​ការពារជាតិ​ឲ្យ​កាន់តែ​រឹងមាំ បើទោះជា​គេ​មិនទាន់​គិតដល់​ការបង្កើត​សម្ព័ន្ធមិត្ត​ជាមួយគ្នា​ក្តី​។ យ៉ាងណាមិញ អាមេរិក​នៅ​រក្សា​ការហាមឃាត់​ការលក់​អាវុធ​ធុន​ធ្ងន់​ឲ្យ​វៀតណាម  ថ្វីបើ​ទណ្ឌកម្មសេដ្ឋកិច្ច​ត្រូវបាន​ដកចេញ​យូរ​មកហើយ​ក៏ដោយ​។ ប៉ុន្តែ​មានការ​ជជែក​ដេញដោល​គ្នាច្រើន​ពាក់ព័ន្ធ​បញ្ហា​នេះ​ក្នុងចំណោម​អ្នកនយោបាយ​អាមេរិក ហើយ​មាន​ខ្លះ​ចង់​ឲ្យ​អាមេរិក​លុបចោល​ការហាម​ឃាត់​ការលក់​អាវុធ​នេះ​ដើម្បី​ជួយ​វៀតណាម​ទប់ទល់​ជាមួយ​ចិន​។

​កាលពី​ឆ្នាំមុន គេ​ឃើញ​មាន​ទស្សនកិច្ច​របស់​អគ្គលេខា​ធិ​ការ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀង ភូ​ជុង ទៅកាន់​សហរដ្ឋអាមេរិក ហើយ​លោក​បាន​ជួប​ជែក​ពិភាក្សា​ពី​ទំនាក់ទំនង​អាមេរិក វៀតណាម​ជាមួយ​ប្រមុខរដ្ឋ​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផងដែរ​។ 

​ហើយ​អ្វីដែល​កាន់តែ​ពិសេស លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម ក្នុង​ខែឧសភា​ខាងមុខនេះ​ផង​បន្ទាប់ពី​លោក​ចាក​ចេញពី​កិច្ចប្រជុំ​ប្រទេស ៧ នៅ​ជប៉ុន ។ ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​នេះ បង្ហាញ​ច្បាស់​ពី​ការ​ខិត​ជិតគ្នា​នៃ​សត្រូវ​សម័យ​សង្គ្រាមត្រជាក់ និង​ការឈាន​ឆ្ពោះទៅ​កសាង​ភាពជា​ដៃគូ​ជិតស្និទ្ធ​យូរអង្វែង​មួយ​ជាមួយគ្នា​ផងដែរ​នៅពេល​អនាគត​ដ៏​ខ្លី​ន​ខាងមុខ​។

​បច្ចុប្បន្ន វៀតណាម​បាន​ចូល​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ។ ដែល​វា​ជា​ទឡ្ហីករណ៍​មួយ​ប្រត្យក្ស​បង្ហាញថា លែងមាន​ឧបសគ្គ​រារាំង វៀតណាម​មិន​ឲ្យ​ជ្រើសរើស​អាមេរិក​ជា​ដៃគូ​ពាណិជ្ជកម្ម​និង​ជា​ខ្នងបង្អែក​ពេលខាងមុខ​ហើយ​។ ដូច​ឃើញស្រាប់ ការកើនឡើង​ឥទ្ធិពល​នៃ​មហា​យក្ស​ចិន និង​ភាព​តានតឹង​និង​ឡើងក​ម្តៅ​នៃ​ជម្លោះ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​ជាហេតុ​ផល​ដែល​បង្ខំ​ឲ្យ​ក្រុង​ហាណូយ​រៀប​ជើង​ព្រួល និង​រក​ខ្នងបង្អែក​ដែល​អាច​គាំទ្រ​ខ្លួន​ដែរ​។ តែ​យ៉ាងណាមិញ​វៀតណាម​ប្រហែលជា​នៅ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន ដោយ​យក​ប្រវត្តិសាស្ត្រ​ជា​មេរៀន ដើម្បី​អនុវត្ត​នយោបាយ​ការទូត​ជាមួយ​មហាអំណាច​។ សម្ព័ន្ធមិត្ត​ជាមួយ​អាមេរិក​ប្រហែលជា​មិនអាច​ចេញ​ជា​រូបរាង​ឡើង​ឆាប់ៗ​ឡើយ​៕


Tag:
 អាមេរិក​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com