ជាតិ
ACU ដាក់​ខ្នោះ​មន្ត្រី​អាដហុក​និង​មន្ត្រី គ​.​ជ​.​ប ពេល​បញ្ជូនទៅ​តុលាការ​?
30, Apr 2016 , 9:24 pm        
រូបភាព
​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​បញ្ជូន​មន្ត្រី​អាដហុក​ទាំង​៤​រូប និង​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​១​រូប ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែមេសា​នេះ​។ ខណៈដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូន​ខ្លួន​អ្នក​ទាំង​៥​រូប​ទៅ​តុលាការ គេ​សង្កេតឃើញ​មន្ត្រី​សិ​ទិ្ធ​មនុស្ស​ទាំងនោះ ទំនងជា​ត្រូវបាន​គេ​ដាក់​ខ្នោះ​។



​សាច់ញាតិ និង​ក្រុម​អ្នក​សារ​ព័ត​មាន រួមទាំង​ប្រជាពលរដ្ឋ​ជាច្រើនរូប​បាន​នៅ​រង់ចាំ និង​ឃ្លាំមើល​ជាប់​ជានិច្ច ចំពោះ​ការនាំ​ខ្លួន មន្ត្រី​អាដហុក​ទាំង​៤​នាក់ គឺ​លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុនី រួមទាំង​អគ្គលេខាធិការរង​រប​ស់ គ​.​ជ​.​ប ១​រូប​ទៀត គឺ​លោក នី ចរិយា ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ គ្រាន់តែ​រថយន្ត​ដឹក​អ្នក​ទាំង​៥​រូប ចេញពី​ខ្លោងទ្វារ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ភ្លាម ក្រុមអ្នកកាសែត នាំគ្នា​ថត​យក​ទិដ្ឋភាព​នោះ​ភ្លែត​។

​ចំណែកឯ​សាច់ញាតិ​និង​ប្រជាពលរដ្ឋ ក៏បាន​ស្ទុះ​ទៅ​មើល​សកម្មភាព​នោះដែរ​។ រូបថត និង​វីដេអូ ដែល​អ្នកការ​សែត ថត​ជាប់ មើលទៅ​ហាក់ដូចជា​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​គេ​ដាក់​ខ្នោះ​។ ចំពោះ​សាច់ញាតិ​និង​ប្រជាពលរដ្ឋ ដែល​បានឃើញ​ផ្ទាល់​នឹង​ភ្នែក​វិញ ពួកគេ  ហ៊ាន​អះអាង​យ៉ាងច្បាស់​ថា មន្ត្រី​សិទ្ធិមនុស្ស​និង​មន្ត្រី​គ​.​ជ​.​ប ពិតជា​ជាប់​ខ្នោះ​មែន ពេលដែល​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​តុលាការ​។

​មន្ត្រី​អាដហុក​ម្នាក់ គឺ​លោក នី សុខា ត្រូវបាន​គេ​មើលឃើញ​ច្បាស់​ជាង ពេល​លោក​លើកដៃ​ដែល​ជាប់​ខ្នោះ ទៅកាន់​ក្រុមគ្រួសារ អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​។ លោក នី ចាន់​ដា​រ៉ា ដែលជា​កូនប្រុស​របស់លោក នី សុខា បាន​អះអាងថា អ្នក​ដែល​នៅក្នុង​រថយន្ត ហើយ​លើកដៃ​ដែល​ជាប់​ខ្នោះ​នោះ គឺជា​ឪពុក​របស់ខ្លួន​។ «​ហ្នឹងហើយ ប៉ា​របស់ខ្ញុំ​។ ខ្ញុំ​ច្បាស់​ណាស់ ថា​ប៉ា​របស់ខ្ញុំ​»​។

​សូមបញ្ជាក់ថា ពួកគេ​ទាំង​៥​នាក់ ត្រូវបាន​បញ្ជូន​មកកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ បន្ទាប់ពី​ចូលទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ជិត​២០​នាទី​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ អាច​នឹងត្រូវ​បញ្ជូន​អ្នក​ទាំង​៥ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃស្អែក ដើម្បី​ឲ្យ​តុលាការ​ចាត់ការ តាម​ការចោទប្រកាន់រ​បស់​ខ្លួន​។​

​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​និង​គាំទ្រ​មន្ត្រី​សិទ្ធិមនុស្ស​ទាំងនោះ បាន​ជជែក​គ្នា ពី​បញ្ហា​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឈានដល់​ការដាក់​ខ្នោះ​ជន​ទាំង​៥​នាក់​។ ពួកគេ​បាន​ស្រែក​នៅមុខ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា «​អយុត្តិធម៌​ណាស់​! អយុត្តិធម៌​ណាស់​! គ្រាន់តែ​អ៊ីចឹង ក៏​ឃុំខ្លួន ដាក់​ខ្នោះ​គេ​ដែរ​! ស្អី​ក៏​ឃោរឃៅ​ម្ល៉េះ​!»​។​

​សូម​រំ​ឮ​កថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ឃាត់ខ្លួន​ជន​ទាំង​៥​រូប​ខាងលើ ចាប់តាំងពី​ថ្ងៃទី​២៩ ខែមេសា​មកម្ល៉េះ បន្ទាប់ពី​ស្ថាប័ន​មួយ​នេះ​បញ្ចប់​ការសាកសួរ​ពួកគេ​អស់​រយៈពេល​២​ថ្ងៃ កន្លងមក​។ ការសាកសួរ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើឡើង​ក្រោយពី​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ លាតត្រដាង​លិខិត​ចំនួន​៤​ទំព័រ ដែល​សរសេរ​ដៃ​ផ្ទាល់​។ ក្នុង​លិខិត​ចំហ​នោះ កញ្ញា ខុម ចាន់​តារា​ទី បាន​ចោទ​មន្ត្រី​ខាងលើ ថា​បាន​បញ្ចុះបញ្ចូល​នាង​ឲ្យ​និយាយ​កុហក​មហាជន​និង​សមត្ថកិច្ច ជុំវិញ​ទំនាក់ទំនង​ស្នេហា​របស់ខ្លួន ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

​ជុំវិញ​ករណី​ខាងលើ អង្គការក្រៅរដ្ឋាភិបាល​ចំនួន​២៧ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដើម្បី​ថ្កោលទោស​ចំពោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​កោះហៅ​និង​សាកសួរ​មន្ត្រី​សង្គម​ស៊ីវិល ខណៈដែល​ពួក​បាន​បំពេញបេសកកម្ម​របស់​ខ្លួន​ដោយ​ស្របច្បាប់​កន្លងមក​។ ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ បានចាត់ទុក​ការស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មកលើ​ស​កម្ម ភាពស្របច្បាប់​របស់​ម​ន្ត្រី​អាដហុក និង​អ្នក​ផ្សេងទៀត ថា​ប្រាសចាក​ពី​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ ពួកគេ បាន​អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា ការចាត់វិធានការ​ម​កលើ​មន្ត្រី​នៃ​អង្គការក្រៅរដ្ឋាភិបាល​ដូច្នេះ មិនមែនជា​បំណង​ក្នុងការ​កម្ចាត់​អំពើពុករលួយ​នោះទេ ប៉ុន្តែ​វា​ចេតនា​ក្នុងការ​បន្ទច់បង្អាក់​និង​ការយាយី​ដល់​សកម្មភាព​ការពារ សិទ្ធិមនុស្ស​របស់រប​ស​ក្រុម​សង្គម​ស៊ីវិល ទៅវិញ​៕


Tag:
 AUC
  ADHOC
  ដាក់​ខ្នោះ
© រក្សាសិទ្ធិដោយ thmeythmey.com