ប្លែកៗ
អន្តរជាតិ
កុមារីជប៉ុនម្នាក់ស្លាប់ក្រោយលោតពីលើអាគារ ព្រោះគិតថាខ្លួនចេះហោះ
× រឿងគំនូសជីវចល មិនមែនសុទ្ធតែល្អសម្រាប់ក្មេងៗនោះឡើយ។ នៅក្រុងអូសាកា ប្រទេសជប៉ុន កុមារីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារអនុវត្តតាមរឿងដែលបានឃើញ។ កុមារីរូបនោះ បានលោតពីជាន់ទី៤៣នៃបន្ទប់អាគារដែលគ្រួសារនាងរស់នៅ ពីព្រោះនាងគិតថា ខ្លួនចេះហោះក្នុងរឿង។
យោងតាមការផ្សាយរបស់ Japan Today ក្មេងស្រីដែលបានស្លាប់មានឈ្មោះថា Momoka Sasaki អាយុ៦ឆ្នាំ ដែលរៀននៅថ្នាក់ដំបូងនៃកម្រិតបឋមសិក្សា។ នាងបានស្លាប់ បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប៉ូលិសបានផ្តល់របាយការណ៍ថា Momoka បានមើលរឿងគំនូសជីវចលតាម DVD ជាមួយគ្រួសារ ដែលក្នុងនោះ មានតួអង្គមួយចេះហោះ។ ឪពុកម្តាយអះអាងថា កូនរបស់ខ្លួនពិតជាចូលចិត្តតួអង្គនៅក្នុងសាច់រឿង ប៉ុន្តែមិនគិតថា កូនរបស់ខ្លួនធ្វើបែបនេះនោះឡើយ។
បន្ទាប់ពីមើលរឿងរួច Momoka បានរត់ចូលទៅបន្ទប់មួយ ហើយមួយសន្ទុះក្រោយមក ម្តាយរបស់នាងបានចូលទៅមើល ហើយឃើញទ្វារបង្អួចចំហរ។ អ្នកជិតខាងបានរាយការណ៍ថា Momoka ធ្លាក់ពីលើអាគារ។
ប៉ូលិសមិនបញ្ចេញពីចំណងជើងរឿងគំនូសជីវចលនោះឡើយ ដើម្បីទប់ស្កាត់កុំឲ្យមានប្រតិកម្មអវិជ្ជមានណាមួយ។ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចនៅតែបើកស៊ើបអង្កេតថា វាជាការធ្លាក់ដោយចៃដន្យ ឬក៏ដោយសារធ្វើតាមតួអង្គក្នុងគំនូសជីវចល៕
© រក្សាសិទ្ធិដោយ thmeythmey.com