អន្តរជាតិ
ប្រមុខការទូតចិន៖ជប៉ុនគួរឈប់មើលឃើញការលូតលាស់របស់ចិនជាគ្រោះថ្នាក់
× រដ្ឋមន្ត្រីការបរទេសចិន បានស្នើឲ្យសមភាគីជប៉ុន ឈប់ចាត់ទុកការលូតលាស់របស់ចិន ជាគ្រោះថ្នាក់សម្រាប់ខ្លួន ដើម្បីពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងមហាអំណាចទាំងពីរ។ ទំនាក់ទំនងទ្វេភាគីនេះ ហាក់បានប្រសើរឡើងបន្តិចហើយ ក្រោយមានជំនួបរវាងលោក ស៊ី ជិនពីង និងលោក ស៊ីនហ្សូ អាបេ កាលពីឆ្នាំមុន។ តែចិននៅមានមន្ទិលសង្ស័យ ចំពោះនយោបាយជប៉ុន ក្នុងការពង្រឹងអំណាចយោធាឡើងវិញ។ នេះក៏ព្រោះតែបញ្ហាប្រវត្តិសាស្ត្រ និងជម្លោះដែនកោះសមុទ្រចិនខាងកើត នៅតែដក់ជាប់ក្នុងចិត្តភាគីទាំងពីរ។
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី (Wang Yi) ថ្ងៃសៅរ៍ទី៣០មេសាម្សិលមិញនេះ បានថ្លែងប្រាប់សមភាគីជប៉ុនលោក Fumio Kishida ថា ទំនាក់ទំនងទ្វេភាគីរវាងចិន និងជប៉ុន ចាំបាច់ត្រូវឈរលើគោលការណ៍សហប្រតិបត្តិការគ្នាមិនមែនប្រឈមមុខដាក់គ្នាទេ។ ជប៉ុនក៏ត្រូវលុបចោលនូវផ្នត់គំនិត ចាត់ទុកការរះត្រដែតឡើងរបស់ចិន ជាគ្រោះថ្នាក់សម្រាប់សន្តិសុខជាតិជប៉ុន និងបន្តមើលចិនក្នុងផ្លូវអវិជ្ជមានទៀត។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅក្រុងប៉េកាំង ក្រោយលោក វ៉ាង យី បានជជែកពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ជុំវិញការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រវាងមហាអំណាចទាំងពីរផង។ វត្តមានរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida នៅចិននេះ បង្ហាញពីការស្វះស្វែងរកការពង្រឹងចំណងការទូត ជាមួយក្រុងប៉េកាំង ដើម្បីបញ្ចៀសឲ្យបាន នូវការប្រឈមមុខដាក់គ្នា និងអាចមានការប៉ះទង្គិចគ្នាកើតមានឡើង។
ថ្លែងបើកសន្និសីទ លោក វ៉ាង យី បានចាប់ផ្តើមផ្ញើសាររំលែកទុក្ខ និងចូលរួមសោកស្តាយចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរងគ្រោះដោយសារគ្រោះមហន្តរាយរញ្ជួយដីកន្លងមកនេះ។ បន្ទាប់មក ទើបលោកចាប់ផ្តើមលើកឡើងពីទំនាក់ទំនងចិន និងជប៉ុនបច្ចុប្បន្ន និងឈានឆ្ពោះទៅធ្វើឲ្យទំនាក់ទំនងទ្វេភាគីនេះ កាន់តែប្រសើរឡើងផង។
តែលោក វ៉ាង យី លើកឡើងចំពោះមុខប្រមុខការទូតជប៉ុនថា៖«យើងបានឃើញភាគីជប៉ុន បន្តបង្ហាញចំណាប់អារម្មណ៍ម្តងហើយ ម្តងទៀត ក្នុងការជំរុញឲ្យទំនាក់ទំនងទ្វេភាគីនេះ ប្រសើរឡើង។ អ្នកបានបង្ហាញឆន្ទៈ ក្នុងការចាប់ផ្តើម។ ហើយប្រសិនអ្នកអញ្ជើញមកដោយការគោរព និងភាពស្មោះត្រង់ យើងពិតជាស្វាគមន៍អ្នក»។
លោកបន្តថា៖« យើងមិនគួរវាយតម្លៃ ដោយផ្អែកលើអ្វីដែលមនុស្សនិយាយទេ តែត្រូវវាយតម្លៃនូវអ្វី ដែលពួកគេបានធ្វើ។ ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ ដើម្បីស្តាប់គំនិតយោបល់របស់លោក ពីការធ្វើឲ្យទំនាក់ទំនងចិន និងជប៉ុនប្រសើរឡើង។ ហើយខ្ញុំក៏រង់ចាំមើលដែរថា តើភាគីជប៉ុន នឹងបំពេញតាមពាក្យសម្តីរបស់គេ ឬអត់»។
ក្រៅពីនេះ លោក ក៏បានឆ្លៀតឱកាសផ្តល់យោបល់ ពាក់ព័ន្ធវិធីសាស្ត្រ និងគោលនយោបាយនានា ដែលអាច ជំរុញឲ្យទំនាក់ចិន និងជប៉ុនប្រសើរឡើងដែរ។ ជប៉ុនគួរមើលឃើញការរីកលូតលាស់របស់ចិន ក្នុងផ្លូវវិជ្ជមាន និងបញ្ឈប់ឲ្យបាននូវការចាត់ទុកចិន ជាគ្រោះថ្នាក់សម្រាប់សន្តិសុខជាតិជាដើម។ នេះជាការបញ្ជាក់របស់ប្រមុខការទូតចិន ដែលបានបន្ថែមថា ចិន និងជប៉ុន គួរគោរពប្រយោជន៍គ្នាទៅវិញទៅមក និងបន្តការសហប្រតិបត្តិការ និងទំនាក់ទំនងគ្នា ឲ្យបានជិតស្និទ្ធផងដែរ។
តាមពិតទៅរយៈពេលចុងក្រោយនេះ ទំនាក់ទំនងទ្វេភាគីដែលធ្លាប់តែប្រេះឆានោះ បានត្រលប់មករកភាពប្រសើរបន្តិចហើយ ក្រោយប្រមុខរដ្ឋចិនលោក ស៊ី ជិនពីង ជួបជាមួយប្រមុខរដ្ឋាភិបាលជប៉ុនលោក ស៊ីនហ្សូ អាបេ កន្លងមក។ តែវានៅសល់បញ្ហាច្រើនទៀតដែលភាគីត្រូវដោះស្រាយ។ បញ្ហាប្រវត្តិសាស្ត្រ និងជម្លោះដែនកោះ សេនកាគូ នៅតែជាបញ្ហា និងឧបសគ្គធំមួយ ដែលធ្វើឲ្យភាគីនៅមិនទាន់ទុកចិត្តគ្នាឡើយ។ ម្យ៉ាងទៀតក្រុងប៉េកាំង កំពុងបន្តឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពជប៉ុន ជាពិសេសការបន្តស្វះស្វែងរក ការធ្វើទំនើបកម្មកងទ័ព និងបង្កើនសមត្ថភាពការពារជាតិ ដែលរៀបចំឡើងដោយរដ្ឋាភិបាលលោក ស៊ីនហ្សូ អាបេ៕
Tag:
វ៉ាង យី
Fumio Kishida
ជប៉ុន
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com