អន្តរជាតិ
កេនយ៉ា ដុតកម្ទេចភ្លុកសត្វរាប់រយតោនដើម្បីប្រឆាំងការជួញដូរភ្លុកសត្វ
× អាជ្ញាធរកេនយ៉ាបានសម្រេចដុតភ្លុកសត្វរមាស និងសត្វដំរីដែលរឹបអូសបានពីឈ្មួញជួញដូរសត្វព្រៃ និងភ្លុកសត្វចំនួន ជាង១០០តោន នៅថ្ងៃសៅរ៍ទី ៣០មេសាម្សិលមិញនេះ។ ប្រធានាធិបតីកេនយ៉ា បានចុះដុតកម្ទេចភ្លុកនេះដោយផ្ទាល់ ហើយលោកបញ្ជាក់ថា ការដុតចោលនូវភ្លុកសត្វព្រៃនេះ ដើម្បីទាមទារឲ្យ បញ្ឈប់ការជួញដូរភ្លុកសត្វទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ការដុតភ្លុកសត្វព្រៃទ្រង់ទ្រាយធំបំផុតមួយ ត្រូវបានរៀបចំឡើងនៅក្នុងប្រទេសកេនយ៉ា។ កេនយ៉ា ជាប្រទេសមួយ ក្នុងចំណោមប្រទេសអាហ្វ្រិក ដែលប្រឈមការបរបាញ់សត្វដំរី និងរមាសយកភ្លុកច្រើនជាងគេ។ ប្រធានាធិបតីកេនយ៉ា លោក អ៊ូហ៊ូរ៉ូ កេនយ៉ាតា (Uhuru Kenyatta) ជាអុ្នកដុតភ្លើងកម្ទេចភ្លុកសត្វព្រៃនេះដោយផ្ទាល់ដៃ ដែលរៀបចំនៅក្នុងឧទ្យាជាតិកេនយ៉ា ស្ថិតក្នុងរដ្ឋធានីណៃរ៉ូប៊ី។
ក្នុងចំណោមភ្លុកដែលគេរឹបអូសបានពីឈ្មួញទុច្ចរិត និងដុតកម្ទេចចោលនេះ មានភ្លុកដំរីចំនួន ១០៥ តោន និងភ្លុកសត្វរមាស ជាងមួយតោន។
ប្រធានាធិបតីកេនយ៉ា លោក អ៊ូហ៊ូរ៉ូ កេនយ៉ាតា ក៏បានឆ្លៀតឱកាសថ្លែងសុន្ទរកថាទាមទារឲ្យបញ្ឈប់ឲ្យអស់ នូវការបរបាញ់សត្វខុសច្បាប់ ដើម្បីយកភ្លុក ឬស្នែង។ លោកចាត់ទុកថា ការបន្តបរបាញ់សត្វនិងជួញដូរភ្លុក ឬស្នែងសត្វនេះ កំពុងធ្វើឲ្យសត្វព្រៃដែលជាសត្វកម្រស្រាប់នោះ នឹងផុតពូជនៅពេលខាងមុខ បើសិនជាគ្មានវិធានការតឹងរ៉ឹងបង្ក្រាបទេនោះ។
លោកថា៖ កម្ពស់នៃភ្លុកសត្វ នៅចំពោះមុខយើងនេះ បង្ហាញពីភាពខ្លាំងនៃដំណោះស្រាយរបស់យើង។ គ្មានអ្នកណាម្នាក់ ដែលមានជំនួញជួញដូរភ្លុកសត្វដំរី ហើយបើមានជំនួញនេះមានន័យថា វាការស្លាប់នៃសត្វដំរីរបស់យើង និងជាការស្លាប់នៃសម្បត្តិបេតិកភណ្ឌធម្មជាតិថែមទៀត»។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីកេនយ៉ារូបនេះ បានដឹកនាំកិច្ចប្រជុំប្រមុខរដ្ឋអាហ្វ្រិក និងបណ្តាអ្នកអភិរក្សបរិស្ថាន និងសត្វព្រៃ ដើម្បីជំរុញឲ្យមានការហាមឃាត់ពេញលេញមួយ សម្រាប់ការជួញដូរភ្លុកសត្វនេះ។ លោកអំពាវនាវឲ្យប្រទេសទាំងអស់ ក្រោកឈរឡើងសហការគ្នា ដើម្បីដោះស្រាយ និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់នេះ មិនគួរបន្តឈរមើលសត្វព្រៃបាត់បង់បន្តិចម្តងៗ បែបនេះឡើយ។
តាមពិតទៅ អាហ្វ្រិកជាជម្រកនៃសត្វដំរីព្រៃចម្លោះពី៤៥ម៉ឺនក្បាល ទៅ៥០ម៉ឺនក្បាលឯណោះ ប៉ុន្តែរឿងគួរឲ្យសង្វេក គឺសត្វដំរីច្រើនជាង ៣ម៉ឺនក្បាល ត្រូវបានគេសម្លាប់យកភ្លុករាល់ឆ្នាំ ដើម្បីបំពេញតម្រូវទីផ្សារនៅអាស៊ី ដែលកំពុងត្រូវការភ្លុកសត្វព្រៃ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ភ្លុកសត្វនេះ ត្រូវបានគេលក់ចេញទៅទីផ្សារអាស៊ី ក្នុងតម្លៃ ១០០០ ដុល្លារក្នុងមួយគីឡូក្រាម ហើយទីផ្សារធំសម្រាប់ភ្លុកសត្វពីអាហ្វ្រិក គឺប្រទេសចិន។
យ៉ាងណាមិញ ការបង្ក្រាបបទល្មើសជួញដូរភ្លុកសត្វនេះ មិនសូវមានប្រសិទ្ធភាពឡើយ។ ទីមួយដោយសារតែវាមានទីផ្សារធំដូចជាចិន។ ចង់មិនចង់ ប្រជាជនអាហ្វ្រិកក្រីក្រនោះ ត្រូវលួចបាញ់សត្វដំរី ឬរមាស ដើម្បីលក់រកចំណូលព្រោះបានតម្លៃថ្លៃ។ មួយវិញទៀត គឺអំពើពុករលួយក្នុងជួររដ្ឋាភិបាល និងការឃុបខិតគ្នារវាងឈ្មួញ និងមន្ត្រី។ ដូច្នេះហើយវាមិនមែនជារឿងងាយស្រួលឡើយ ក្នុងការទប់ស្កាត់បទល្មើសត្វព្រៃនេះ។ វាចាំបាច់ត្រូវមានការបោសសម្អាត ក្នុងសមាសភាពមន្ត្រីអនុវត្តន៍ច្បាប់ ស្ថាប័ននយោបាយជាដើម និងត្រូវការគាំទ្រពីសហគមន៍អន្តរជាតិផងដែរ៕
Tag:
កេនយ៉ា
ភ្លុកសត្វព្រៃ
អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com