អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូនស្រី​ច្បង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា Malia រើសយក​សាលា ​Harvard
02, May 2016 , 10:42 am        
រូបភាព
កូនស្រី​ច្បង​របស់​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា  Malia Obama នឹង​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​សាកលវិទ្យាល័យ Harvard ក្នុង​ឆ្នាំ​សិក្សា ២០១៧ ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​។  Malia ដើរ​តាម​ម្តាយ​ឪពុក​នាង​ព្រោះ​អ្នក​ទាំងពីរ​សុទ្ធតែ​បានបញ្ចប់​ការសិក្សា​ផ្នែក​ច្បាប់​ពីសា​លា​ដ៏​ល្បី​នេះ​។​



​ថ្ងៃអាទិត្យ ទី ១ ឧសភា ម្សិលមិញ​សេត​វិមាន​បានប្រកាសថា កូនស្រី​ច្បង​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា Malia Obama សម្រេច​ថា​នឹងសិក្សា​នៅ​សាកលវិទ្យាល័យ Harvard សម្រាប់​ការ​ឆ្នាំ​សិក្សា ២០១៧ ក្រោយពេល​នាង​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​។ ដែល​វា​មានន័យថា​នាង​ចាប់ផ្តើម​ឆ្នាំ​សិក្សា​ពេញលេញ​ក្រោយ​ពេលដែល​ឪពុក​របស់​នាង​ចប់​អាណត្តិ​ជា​ប្រធានាធិបតី​។​
 
 យោងតាម​សារព័ត៌មាន Politico  Malia នឹង​បញ្ចប់​ការសិក្សា​ពី​វិទ្យាល័យ Sidwell Friends ស្ថិតក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅក្នុង​ខែមិថុនា​ខាងមុខនេះ​។ តែ​នាង​ត្រូវ​ចូលរៀន​ថ្នាក់​ត្រៀម​មួយឆ្នាំ​សិន​មុននឹង​ចាប់ផ្តើម​ឆ្នាំ​សិក្សា​ថ្នាក់​ឧ​ត្ត​ម​។ ដូច្នេះ​ហើយ Malia ចាប់ផ្តើម​ការសិក្សា​ក្នុង​ឆ្នាំ ២០១៧ ហើយនឹង​បញ្ចប់​ក្នុង​ឆ្នាំ ២០២១ ផងដែរ​។  
 
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ភរិយា​លោក ស្ត្រី​ទីមួយ លោកស្រី Michelle Obama ជា​ញឹកញាប់​ពិភាក្សាពីសា​លា​ដែល​កូន​ខ្លួន​ត្រូវ​ចូល​សិក្សា​។ ហើយ​ចុងក្រោយ Malia ជ្រើសរើស​សាលា​ដ៏​ល្បី​ Harvard ហើយវាក៏ជា​សាលា​ដែល​លោក អូ​បា​ម៉ា និង​លោកស្រី Michelle ធ្លាប់​សិក្សា​ផ្នែក​ច្បាប់​ដែរ​។ តាមពិតទៅ Harvard ត្រូវបាន​គេ​ចាត់ទុកជា​សាកលវិទ្យាល័យ​ចំណាស់ និង​មាន​កិត្តិនាម​ខ្ពស់បំផុត​​លើ​លោក ហើយ​សាលា​នេះ​បាន​បណ្តុះបណ្តាល​អភិជន​ជាច្រើន​នាក់​ដែល​ដឹកនាំ​រដ្ឋាភិបាល​អាមេរិក និង​គ្រប់គ្រង​ជំនួញ​ធំៗ​ផងដែរ​។​
 
 ក្រៅពី​ជាទី​កន្លែង​បណ្តុះបណ្តាល​ប្រធានាធិបតី​អូ​បា​ម៉ា និង​ភរិយា​លោក សាលា Harvard ក៏​ជា​កន្លែង​ដែល​ធ្លាប់​ផ្តល់​ការបណ្តុះបណ្តាល​ដល់​ប្រធានាធិបតី​អាមេរិក​ច្រើន​នាក់​ផ្សេងទៀត​ក្នុង​នោះ​មានដូចជា​លោក John Adams,  លោក John Quincy Adams,  លោក George W. Bush, លោក Rutherford Hayes, លោក John F. Kennedy, លោក Franklin D. Roosevelt  និង​លោក  Theodore Roosevelt​។ ហើយ​បើយោងតាម​​សៀវភៅ ​«America’s Royalty» កូន​ប្រធានាធិបតី​អាមេរិក​ចំនួន ២២ នាក់ហើយបាន​ចូលសិក្សា​នៅ​សាលា Harvard  ហើយ Malia នឹងក្លាយជា​កូន​ប្រធានាធិបតី​អាមេរិក​ស្ថិតក្នុងលេខ​រៀង​ទី ២៣ ៕ 
 
 

Tag:
 Malia Obama
  បារ៉ាក់ អូបាម៉ា
  Harvard
© រក្សាសិទ្ធិដោយ thmeythmey.com