ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលា​ការកោះហៅ​ដើមបណ្ដឹង​លោក សុខ ឥសាន និង​ជនសង្ស័យ​លោក អ៊ូ វីរៈ ចូល​បំភ្លឺ​
02, May 2016 , 11:17 am        
រូបភាព
លោក សុខ ឥសាន (ឆ្វេង) តំណាង CPP និង​លោក អ៊ូ វីរៈ អ្នក​វិភាគឯករាជ្យ
លោក សុខ ឥសាន (ឆ្វេង) តំណាង CPP និង​លោក អ៊ូ វីរៈ អ្នក​វិភាគឯករាជ្យ
 
​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បានចេញ​ដីការ​កោះហៅ​ដាច់ដោយឡែក​អញ្ជើញ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បំភ្លឺ​នៅ​ថ្ងៃទី​៦ ខែឧសភា នៅក្នុងនាម ជាដើម​បណ្តឹង ដែល​បាន​ប្ដឹង​លោក អ៊ូ វីរៈ ប្រធាន​វេទិកា អនាគត​កម្ពុជា​។ ចំណែក​លោក អ៊ូ វីរៈ  ត្រូវ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ ខាងមុខនេះ ចំពោះ​ពាក្យបណ្តឹង​របស់លោក សុខ ឥ​សាន្ត​។ នេះ​បើតាម​លិខិត​របស់​ព្រះរាជអាជ្ញារង​ចុះ​ថ្ងៃទី​២៨ មេសា​។​

 
​កាលពី​ថ្ងៃទី​២៥ ខែមេសា លោក សុខ ឥសាន តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​ពាក្យ​ប្តឹង លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដោយបាន​ទាមទារ​សំណង​ពី​លោក អ៊ូ វីរៈ ចំនួន​៤០០​លាន​រៀល​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត និង​ជា​អ្នកវិភាគ​នយោបាយ បាន​ឲ្យ​ដឹងថា លោក​នឹង​ចូលខ្លួន​បំភ្លឺ​តាម​ដីការ​កោះហៅ​របស់​តុលាការ ដោយ​លោក​បាន​ត្រៀម​មេធាវី​ម្នាក់​ការពារ​ក្ដី​ខ្លួន​។ លោក អ៊ូ វីរៈ ក៏មាន​ការមិនទុកចិត្ត​និង​ព្រួយបារម្ភ​ពី​ប្រព័ន្ធតុលាការ​ដែរ​។ «​ខ្ញុំ​ធ្លាប់ធ្វើ​ការការពារ​ក្ដី​ច្រើន ហើយ​ខ្ញុំ​ក៏បាន​ដឹង​ពី​រឿងនេះ ខ្ញុំ​ព្រួយបារម្ភ​ពី​ប្រព័ន្ធតុលាការ​ដែរ​។ តែ​វា​មិនមាន​អ្វី​រារាំង​ខ្ញុំ​ទេ ខ្ញុំ​នៅតែ​ធ្វើការ​តស៊ូ​មតិ ដោយសារ​កម្ពុជា​នៅតែ​ដើរ​លើផ្លូវ​ចាស់​ដដែលៗ​។ ហើយ​អ្វីដែល​ខ្ញុំ​ព្រួយបារម្ភ​ជាង​នេះ គឺ​ព្រួយ​ថា​ពេល​ណាមួយ​ខ្ញុំ​ឈប់​តស៊ូ​មតិ​ទេ នោះ​ទើប​ជាការ​ព្រួយ​របស់ខ្ញុំ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ូ វីរៈ​។​
 
​អ្នកវិភាគ​រូបនេះ បញ្ជាក់ថា នៅពេលនេះ​លោក បាន​ត្រៀម​មេធាវី​ខ្មែរ​ម្នាក់​ហើយ តែបើ​រឿងនេះ​កាន់តែ​មានដំណើរ​ការ​វែង​ឆ្ងាយ​នោះ លោក​នឹង​ជជែក​ពិភាក្សាគ្នា​ជាមួយ​មេធាវី​អន្តរជាតិ ដើម្បី​ការពារ​ក្ដី​ឲ្យ​លោក​។​
 
​តាមរយៈ​ផ្ដល់​កិច្ចសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី លោក អ៊ូ វីរៈ បាន​លើក​ថា «​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់អំណាច​នៅពេលនេះ គឺ​ព្យាយាម​គាបសង្កត់ លោក  កឹម សុខា និង ហិរញ្ញវត្ថុ​របស់លោក​[…]​គឺជា​ការគាបសង្កត់​ខ្លាំង​មែនទែន ហើយ​អាចមាន​ប្រសិទ្ធភាព និង​អាច​រុញ​ឲ្យ​បក្សប្រឆាំង​ទាល់ច្រក ហើយ​បើ​ទាល់ច្រក នឹងធ្វើ​ឲ្យ​មាន អស្ថិរភាព​នយោបាយ​»​។ លោក អ៊ូ វីរៈ បន្ថែមថា «​ការដែល​គណបក្ស​ប្រជាជន​កម្ពុជា រវល់​គិតគូរ​បំបាក់​គូប្រកួត​ប្រជែង នយោបាយ តាមរបៀប​នេះ នឹង​កាន់តែ​ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយ​ភាពខ្លាំង ហើយ​មន្ត្រី​នៅក្នុង​បក្ស​នេះ​មួយចំនួន ក៏​មិន​ពេញចិត្ត​ចំពោះ យន្តការ​នេះ ដែរ​»​។ 
 
​ចំពោះ​ការលើកឡើង​បែបនេះ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ​តំណាង​ដោយ​លោក ​សុខ ឥសាន ចាត់ទុកថា ជាការ​បរិហាកេរ្តិ៍ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​គណបក្ស​ខ្លួន​។​
 
​តែ​ត្រង់ចំណុច​នេះ លោក អ៊ូ វីរៈ យល់ឃើញថា ការសម្ដែង​មតិ​របស់លោក មិនមាន​ចំណុច​ណា​ខុសឆ្គង​ដូចការ​ចោទប្រកាន់​របស់លោក សុខ ឥសាន ឡើយ ។ លោក អ៊ូ វីរៈ បាន​សម្ដែង​ការហួសចិត្ត និង​សោកស្ដាយ​ចំពោះ​ពាក្យបណ្ដឹង​របស់​គណបក្ស​ប្រជាជន ដែល​ប្ដឹង​រូបលោក ដោយ​គ្រាន់តែ​បញ្ចេញមតិ ដើម្បី​ស្ថាបនា​ការវិវត្ត​នយោបាយ​នៅ​កម្ពុជា​នេះ​។​
 
​កាលពី​ថ្ងៃទី ២៥ មេសា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក​មិនមាន​ការអត់ឱន​ឲ្យ​អ្នកណា ដែល​មួល​បង្កាច់បង្ខូច​កិត្តិយស​គណបក្ស​ប្រជាជន​ទៀតឡើយ​។ ប្រធាន​បក្ស​កាន់អំណាច​រូបនេះ ក៏បាន​អំពាវនាវ​ឲ្យ សមាជិក​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាកដឹកនាំ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ រៀបចំ​មេធាវី ដើម្បី​ត្រៀម​ប្តឹង​ទៅកាន់​តុលាការ ក្នុងករណី​មានការ​មួលបង្កាច់​រំលោភ​សិទ្ធិ​ដោយ​បុគ្គល​ណាមួយ មកលើ​គណបក្ស​លោក​។​
 
​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា លោក​គោរព​សិទ្ឋិ​បញ្ចេញមតិ ប៉ុន្តែ​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នក​មួលបង្កាច់​បង្ខូច​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​ចំពោះ​គណបក្ស​ប្រជាជន ដែល​លោក​ចាំបាច់​ត្រូវ​រក្សា​នូវ​សិទ្ឋិ​របស់ខ្លួន ដើម្បី​ការពារ​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​ក្នុងនាម​បក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​៕

Tag:
 អ៊ូ វីរៈ
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com