អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បារាំង​អាច​នឹង​បដិសេធ​កិច្ចព្រមព្រៀង​អន្ត​រអា​ត្ល​ង់​ទិ​ក ប្រសិនបើ​ប៉ះពាល់​ដល់​កសិកម្ម​ខ្លួន​
02, May 2016 , 11:38 am        
រូបភាព
 
 
​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ (Francois Hollande) និយាយថា បារាំង​នឹង​បដិសេធ​កិច្ចព្រមព្រៀង​អន្ត​រអា​ត្ល​ង់​ទិ​ក TTIP រវាង​អាមេរិក និង​អឺរ៉ុប ប្រសិនបើ​កិច្ចព្រមព្រៀង​នេះ​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​របស់ខ្លួន​។ កិច្ចព្រមព្រៀង TTIP ដែល​ផ្ដួចផ្ដើម​ដោយ​អាមេរិក កំពុងស្ថិត​ក្រោម​ការចរចា ប៉ុន្តែ​ក៏​រង​ការរិះគន់​ខ្លះ​ពី​ប្រទេស​ជា​សមាជិក​របស់​អឺរ៉ុប ដោយ​ខ្លាចក្រែង​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​របស់ខ្លួន​។​

 
​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ នៅ​ថ្ងៃទី​១ ខែឧសភា បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​អន្ត​រអា​ត្ល​ង់​ទិ​ក (TTIP) លើ​វិស័យ​កសិកម្ម​របស់​បារាំង ដោយ​លោក​ព្រមាន​ថា បារាំង​នឹងមិន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​ទេ​។ ជាមួយគ្នានេះ បារាំង​ក៏​ទាមទារ​ឲ្យ​មានការ​ធានា​ពី​ការការពារ​មួយចំនួន​ផងដែរ ប្រសិនបើ​ចង់​ឲ្យ​កិច្ចព្រមព្រៀង​ដ៏​ធំ​នេះ​ជោគជ័យ​។ 
​បើតាម​ការិយាល័យ​ប្រធានាធិបតី លោក ហូ​ឡង់ និយាយថា គោលការណ៍​ជាក់លាក់​មួយចំនួន​នឹងត្រូវ​ការពារ ហើយ​បារាំង​នឹងមិន​ធ្វេសប្រហែស​នោះទេ​ព្រោះ​វា​ទាក់ទង​ដល់​អនាគត​វិស័យ​កសិកម្ម​របស់​បារាំង​។ លោក ហូ​ឡង់ ក៏​បញ្ជាក់ដែរថា លោក​កំពុងតែ​តាមដាន ការលេចចេញ​ជា​រូបរាង​របស់ TTIP ហើយ​លោក​នឹង​និយាយថា «​ទេ​» ប្រសិន​កិច្ចព្រមព្រៀង​នេះ​ផ្ដល់​ផលវិបាក​ដល់​កសិកម្ម​បារាំង​។​
      
​លើសពីនេះ ប្រធានាធិបតី​បារាំង ក៏​ចង់ឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ​រួមបញ្ចូល​គោលការណ៍​ពាក់ព័ន្ធ​នឹង​បរិស្ថាន​ផងដែរ​។ មួយវិញទៀត លោក ហូ​ឡង់ ក៏​សង្ក់​ត​ធ្ងន់​ពី​សារសំខាន់​ដែល​ផលិតផល​ជាក់លាក់​មួយចំនួន​ទទួលបាន​ការពារ ដូចជា​ស្រា​សាំ​ប៉ា​ញ និង​ឈី​ស ដែលជា​ផលិតផល​កសិកម្ម​នាំចេញ​របស់​បារាំង​ជាដើម​។​
 
​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​បារាំង​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ លើ​វិស័យ​កសិកម្ម​របស់ខ្លួន​នោះ​។ នៅ​ថ្ងៃទី​២៦ ខែមេសា នាយករដ្ឋមន្ត្រី​បារាំង​លោក ម៉ា​នូ​អែល វ៉​ល (Manuel Valls) ក៏បាន​ព្រមាន​ពី​បរាជ័យ​របស់​កិច្ចព្រមព្រៀង​នេះដែរ​។ លោក វ៉​ល និយាយថា កិច្ចព្រមព្រៀង​នេះ​នឹងមិន​ជោគជ័យ​ទេ ប្រសិនបើ​ស្តង់ដា​គុណភាព​ដែលមាន​សម្រាប់​ប្រជាជន​បារាំង មិនត្រូវ​បាន​រក្សា​ទេនោះ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ការព្រមាន​របស់​នាយ​ក​រដ្ឋមន្ត្រី​បារាំង ធ្វើឡើង​ស្របពេល​ដែល​ក្រុម​អ្នកចរចា​មកពី​អឺរ៉ុប និង​អាមេរិក កំពុងតែ​ពិភាក្សា​ក្នុងការ​ចរចា​ជុំ​ទី​១៣​លើ​កិច្ចព្រមព្រៀង​នេះ នៅ​ទីក្រុង​ញូវយ៉ក​។ ប្រសិនបើ​លេច​ជា​រូបរាង កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អឺរ៉ុប និង​អាមេរិក នឹង​បង្កើត​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​លើ​ពិភពលោក​។ កិច្ចព្រមព្រៀង​នេះ​សំដៅ​ដល់​ការលុបបំបាត់​របាំង​ពន្ធគយ និង​ការត្រួតពិនិត្យ​ផ្សេងៗ លើ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​អឺរ៉ុប និង​អាមេរិក​។​
 
​យ៉ាងណាមិញ ផលប៉ះពាល់​ដល់​ប្រយោជន៍​នៃ​រដ្ឋ​ជា​សមាជិក​អឺរ៉ុប កំពុងតែ​ធ្វើ​ឲ្យ​ការចរចា​នៃ​កិច្ចព្រមព្រៀង​នេះ មាន​សភាព​តានតឹង​។ ក្នុង​ដំណើរ​ទៅ​អាល្លឺម៉ង់ ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ត្រូវបាន​ស្វាគមន៍​ដោយ​បាតុករ​ជាច្រើន​ដែល​មិន​ពេញ​ចិត្តនឹង​កិច្ចព្រមព្រៀង​នេះ ដោយ​ពួកគេ​ខ្លាច​ថា វា​នឹង​ប៉ះពាល់​ដល់​បរិស្ថាន និង​ស្តង់ដា​ការងារ​នៅក្នុង​អឺរ៉ុប​៕   
 
 
 
      

Tag:
 បារាំង​
 ​អឺរ៉ុប​
 ​អាមេរិក​
 TTIP
© រក្សាសិទ្ធិដោយ thmeythmey.com