ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​ចោទប្រកាន់​មន្ត្រី​អាដហុក​ពីបទ «​សូកប៉ាន់​សាក្សី​» និង​មន្ត្រី គជប ពីបទ​«​សមគំនិត​សូកប៉ាន់​សាក្សី​»
02, May 2016 , 12:28 pm        
រូបភាព
លោក យី សុខសាន្ត (សក់ស) និង​លោក ណៃ វ៉ង​ដា ស្ថិតក្នុងចំណោម​មន្ត្រីអាដហុក​ដែលបាន ACU ឃាត់ខ្លួន
លោក យី សុខសាន្ត (សក់ស) និង​លោក ណៃ វ៉ង​ដា ស្ថិតក្នុងចំណោម​មន្ត្រីអាដហុក​ដែលបាន ACU ឃាត់ខ្លួន
 
​នៅ​ទីបំផុត​តុលាការ​បានសម្រេច​ចោទប្រកាន់​មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ៤​រូប និង អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) មួយរូប ពីបទ​សូកប៉ាន់​សាក្សី និង សមគំនិត​សូកប៉ាន់​សាក្សី ។​



​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ខ្សែ​ទូរស័ព្ទ លោក លី សុ​ផា​ន់ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា មន្ត្រី​សមាគម​អាដហុក​ចំនួន​៤​រូប គឺ​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ រ៉ង់​ដា និង លោកស្រី លឹម មុន្នី ត្រូវបាន​លោក​ព្រះរាជអាជ្ញារង គុជ គឹម​ឡុង ចោទប្រកាន់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២ ខែមេសា ពីបទ​«​សូកប៉ាន់​សាក្សី​» តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ។ ចំណែក​លោក នី ចរិយា អគ្គលេខា​លេខាធិការ​រង គជប ត្រូវបាន​ចោទប្រកាន់​ពីបទ «សមគំនិត​​សូកប៉ាន់​សាក្សី​» តាម​មាត្រា​២៩ និង មាត្រា ៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​។​
 
​ដោយឡែក​មន្ត្រី​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សឺ​ន សាលី ដែល​មិនទាន់បាន​ចូលខ្លួន​នៅក្នុង​តុលាការ​នោះ ក៏ត្រូវ​បាន​ព្រះរាជអាជ្ញារង ចោទប្រកាន់​ពីបទ​«​សមគំនិតសូកប៉ាន់​សាក្សី​» ដែរ​។ នេះ​បើតាម​លោក លី សុផាន់​ណា​។​
 
​តែ​យ៉ាងណា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​រូបនេះ មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​ជុំវិញ​ការចោទប្រកាន់​លើ​មន្ត្រី​អាដហុក និង​មន្ត្រី​គជប ទាំង​នេះឡើយ​។​
 
​ការចោទប្រកាន់​របស់​ព្រះរាជអាជ្ញា​ពេលនេះ គឺធ្វើឡើង​បន្ទាប់ពី​មានការ​សាកសួរ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ទៅលើ​មន្ត្រី​អង្គការ​និង​មន្ត្រី​ស្ថាប័ន​ជាតិ​ទាំងនេះ ដែល​ក្រោយពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការសាកសួរ និង​បញ្ជូនមក​តុលាការ​។​
 
​គួរ​បញ្ជាក់ថា មន្ត្រី​សមាគម​អាដហុក​ចំនួន​៤​រូប គឺ​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ រ៉ង់​ដា និង លោកស្រី លឹម មុន្នី និង​លោក នី ចរិយា អគ្គលេខាធិការរង គជប ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​សាកសួរ​អស់​រយៈពេល៣​ថ្ងៃ​ជុំវិញ​ករណី​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ និង​ក្រោយពី​អង្គភាព​មួយ​នេះ​បាន​ឃាត់ខ្លួន មេឃុំ​គណបក្ស សម រង្ស៊ី លោក ស៊ា​ង ចែត ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការយក​ប្រាក់ ៥០០ ដុល្លារ យក​ឲ្យ​គ្រួសារ​កញ្ញា ស្រីមុំ ហើយ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​។ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​បញ្ជូន​លោក​មេឃុំ ស៊ា​ង ចែត ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​នឹង​បទ​ចោទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​កាលពី​ថ្ងៃទី​២៧ ខែមេសា​។

បើតាមមាត្រា៥៤៨ «បទ​សូកប៉ាន់​សាក្សី» ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ រាល់​បុគ្គល​ណា​ដែល​ប្រគល់​ឲ្យ​សាក្សី​ដោយផ្ទាល់ ឬ ប្រយោល នូវ​អំណោយ ជំ​នួន ការសន្យា ឬ អត្ថប្រយោជន៍​អ្វីមួយ ដើម្បី​មិន​ធ្វើ​សាក្សី និង​ផ្ដល់​សក្ខីកម្ម​ភូតកុហក៕
 
 
 

Tag:
 សង្គមស៊ីវិល
  គជព
© រក្សាសិទ្ធិដោយ thmeythmey.com