ជាតិ
«​លើ​លោក​នេះ ខ្ញុំ​ស្រឡាញ់​ម៉ាក់​ជាងគេ​» មាស សុខ​សោភា ធ្វើ​ឲ្យ​ម្តាយ​រំជួលចិត្ត​នៅ PNN
03, May 2016 , 11:33 am        
រូបភាព
ដោយ: រួបរួម
 
 
​សំឡេង​ជេរ រអ៊ូ ទេសនា របស់​ម្តាយ​បែរជា​ពិ​រោះ​ដូច​បទ​ចម្រៀង​។ នេះ​ជា​អត្ថន័យ​នៃ​បទ «​លើ​លោក​នេះ ខ្ញុំស្រឡាញ់​ម៉ាក់​ជាងគេ​» ដែល​តារាចម្រៀង មាស សុខ​សោភា បកស្រាយ​នៅ​ចំពោះមុខ​ម្តាយ​របស់ខ្លួន​ក្នុង​កម្មវិធី ស៊ី​អារម្មណ៍ (Chit Chat Show) របស់​ទូរទស្សន៍ PNN​។​

 
«​រឿង​ជីវិត​នេះ មិនដឹង​រៀបរាប់​ចាប់ពី​ពេលណា គ្រាន់តែ​ដឹងថា ពេល​អត់លុយ​ចាយ នឹង​ម៉ាក់​មុនគេ […] ម៉ាក់​ធ្វើ​គ្រប់យ៉ាង​គឺ​ម៉ាក់​ចង់​ឲ្យ​យើង​ល្អ លើ​លោក​នេះ ខ្ញុំ​ស្រឡាញ់​ម៉ាក់​ជាងគេ​»​។ អត្ថន័យ​រួម​នៃ​បទ​នេះ គឺ​តារាចម្រៀង មាស សុខ​សោភា ចង់បង្ហាញ​ពី​អារម្មណ៍​ខុសគ្នា កាលពី​នៅ​ក្មេង និង​ពេល​ធំ​ពេញវ័យ​។​
 
​កាលពី​នៅ​ក្មេង ការ​ជេរ រអ៊ូ ទេសនា របស់​ម្តាយ ហាក់ដូចជា​ធ្វើ​ឲ្យ​មានការ​ធុញទ្រាន់ អន់ចិត្ត ប៉ុន្តែ​អ្វីៗ​ទាំងអស់ គឺ​ម្តាយ​ចង់​ដឹកនាំ​ឲ្យ​កូន​ក្លាយជា​មនុស្ស​ល្អ​។ ការ​ច្រៀង​រៀបរាប់​របស់ តារាចម្រៀង មាស សុខ​សោភា បានធ្វើ​ឲ្យ​រំជួលចិត្ត​យ៉ាងខ្លាំង​។​
 
​មុនពេល​ទទួល​បាច់ផ្កា​ពី​ពិធីករ ប៉ែន ចំរុង កញ្ញា មាស សុខ​សោភា បាន​លុតជង្គង់​សំពះ​ម្តាយ ហើយ​ម្តាយ​របស់​នាង បាន​ផ្តល់នូវ​ការ​ជូនពរ​ឲ្យ​កូនស្រី​ជោគជ័យ អាយុ​វែង និង​សុខ​សប្បាយ​គ្រប់ពេល​។​
 
​តាមពិតទៅ បទ «​លើ​លោក​នេះ ស្រឡាញ់​ម៉ាក់​ជាងគេ​» របស់​ផលិតកម្ម​ថោ​ន បានចេញ​ជា​វីស៊ីឌី ជិត​២​ឆ្នាំ​មកហើយ ដោយមាន​តារា​សម្តែង ប៉ែន សុ​ផានី ដើរ​ជា​ម្តាយ​។ បើ​គិត​ចាប់តាំងពី​ខែសីហា ឆ្នាំ​២០១៤ បទ​នេះ មាន​អ្នកទស្សនា​ជាង​បី​សែន​នាក់​នៅលើ Youtube ផ្លូវការ​របស់​ផលិតកម្ម​ថោ​ន​។​
 
​បទ​នេះ ក៏​ជា​ឧទ្ទិស​ដល់​អ្នក​ម្តាយ​គ្រប់រូប​នា​ទិវា​មាតា (Mother’s Day) ដែល​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ប្រារព្ធ​នៅ​ថ្ងៃអាទិត្យ សប្តាហ៍​ទី​ពីរ​នៃ​ខែឧសភា ពោលគឺ​នៅ​ថ្ងៃទី​១០ ខែឧសភា ខាងមុខនេះ​៕
 
 

Tag:
 ទិវា​មាតា​
  មាស សុខ​សោភា​
  PNN
© រក្សាសិទ្ធិដោយ thmeythmey.com