អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន ព្រម​ជួល​យន្តហោះ​ល្បាត​ឲ្យ​ហ្វីលីពីន​ការពារ​អធិបតេយ្យ ខណៈ​ចិន​កំពុង​វាតទី​ខ្លាំង​
03, May 2016 , 12:01 pm        
រូបភាព
ដោយ:
 
​កម្តៅ​នៃ​ការប្រឈមមុខគ្នា​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​ផ្នែក​មួយ​បណ្តាលមកពី​គោល នយោបាយ​វាតទី​ឯកតោភាគី​របស់​ចិន បានធ្វើ​ឲ្យ​ហ្វីលីពីន ពង្រឹង​យុទ្ធសាស្ត្រ​លើ​វិស័យ​ការពារជាតិ ដើម្បី​ទប់ទល់​និង​ប្រឆាំងនឹង​ចិន​។ ហើយ​ចុង​ក្រោយនេះ ហ្វីលីពីន ក៏​ទទួលបាន​ការយល់ព្រម​សំណើសុំ ជួល​យន្តហោះ​ពី​ជប៉ុន​ដើម្បី​ការពារ​ដែនសមុទ្រ​ផងដែរ​។​




​ជប៉ុន បាន​យល់ព្រម​ជួល​យន្តហោះ​ស្វ័យការពារ​ប្រភេទ TC-90 ទៅកាន់​ហ្វីលីពីន​ចំនួន​ប្រាំ​គ្រឿង​ដែល នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ជប៉ុន​ព្រម​ជួល​សម្ភារ​យោធា​ទៅកាន់​ប្រទេស​ខាងក្រៅ​។ កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​តាមរយៈ​កិច្ចសន្ទនា​ទូរ​សព្ទ​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក​ឧ​ត្ត​ម​សេនីយ៍ Nakatani និង រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន Voltaire Gazmin នៅ​ថ្ងៃទី​០២ ខែមេសា ម្សិលមិញ​។​
 
​ដោយសារតែ តាមច្បាប់ ជប៉ុន​មិនអាច​ផ្តល់​សម្ភារ​យោធា​ទៅកាន់​ប្រទេស​ខាងក្រៅ​ដោយ​មិនអាច​គិតថ្លៃ​បាន ជប៉ុន និង​ហ្វីលីពីន បាន​ពិចារណា​លើ​កិច្ចព្រមព្រៀង​ជួល​សម្រាប់​យន្តហោះ​ទាំង​ប្រាំ​គ្រឿង​ដើម្បី​ឲ្យ​សម្ភារ​យោធា​របស់​ជប៉ុន​ទាំងនោះ អាច​បញ្ជូនទៅ​ក្រៅប្រទេស​បាន​។ នេះ​បើ​យោងតាម​សារព័ត៌មាន Japan Times ដែល​បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​រដ្ឋាភិបាល​នៃ​ភាគី​ទាំងពីរ ដែល​បាន​បន្ថែម​ដែលថា កិច្ចព្រមព្រៀង​នេះ ក៏​ជួយ​កាត់បន្ថយ​នៃ​ការចំណាយ​របស់​ហ្វីលីពីន​ផងដែរ​។  
 
​បើតាម​ការអះអាង​រប​ស់លោក​ប្រធានាធិបតី​ហ្វីលីពីន ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ កាលពី​ខែមីនា​កន្លងទៅ កិច្ចព្រមព្រៀង​នៃ​ការជួល​យន្តហោះ​ស្វ័យការពារ​របស់​ជប៉ុន​ប្រភេទ TC-90 គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ក្នុងការ​ការពារ​អធិបតេយ្យ​ហ្វីលីពីន និង​ពិសេស​នោះ ដើម្បី​ជួយ​សម្រួល និង​បន្ថែម​សមត្ថភាព​នាវា​ល្បាត​របស់​ហ្វីលីពីន​ដែល​កំពុងតែ​ប្រតិបត្តិ​ការការពារ​សមុទ្រ​ខាងលិច​ដែលជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ យន្តហោះ​ចម្បាំង TC-90 គឺជា​ប្រភេទ​យន្តហោះ​ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ហ្វឹកហ្វឺន​កងទ័ព​ដែល​វា មាន​សមត្ថភាព​អាច​ហោះ​បាន​ចម្ងាយ​ប្រមាណ ១៩០០ គី​ឡួ​ម៉ែត ដែល​វា មាន​ឥទ្ធិពល​ខ្លាំង​ជាង​សមត្ថភាព​យន្តហោះ​ហ្វីលីពីន​ពីរដង​ឯនោះ​។​
 
​សូមបញ្ជាក់​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​។ អវត្តមាន​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​រវាង​ភាគី​ពាក់ព័ន្ធ បាន ធ្វើ​ឲ្យ​ជម្លោះ​នេះ ឈានទៅដល់​ការប្រឈមមុខ​ទាំង​ផ្នែក​ការទូត និង​ការបង្ហាញ​សាច់ដុំ​ផ្នែក​យោធា​ជាពិសេស​នោះ នៅពេលដែល​ចិន បាន​និង​បន្ត​វាតទី​ក្នុង​តំបន់​ជម្លោះ​ដោយ​ឯកតោភាគី​ក្រោម​ហេតុផល​នៃ​ការកើនឡើង​នៃ​តម្រូវការ​របស់ ប្រជាជន​ភ្ជាប់​ជាមួយនឹង​អំ​ណេះ​អំ​ណា​ង​ប្រវត្តិសាស្ត្រ​នៃ​ការកាន់កាប់​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​នោះ​។​
 
​ការវិវត្ត​នៃ​ជម្លោះ​នេះហើយ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន បាន​បន្ត​បង្កើន​កញ្ចប់​ថវិកាជាតិ​ទៅលើ​វិស័យ​ការពារជាតិ​។ អ្វី​គួរកត់សម្គាល់​នោះ​រដ្ឋាភិបាល​ហ្វីលីពីន បាន​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​របស់ខ្លួន​បន្តិច​ពោលគឺ​ពី​ការផ្តោត​សំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​ឧទ្ទាម​ក្នុងស្រុក ទៅជា​ការពង្រឹង​សមត្ថភាព​ការពារ​ដែន​អធិបតេយ្យ ដែល​កំពុងតែ​ប្រទាញប្រទង់​ជាមួយនឹង​ចិន​នោះ​។​
 
​ថ្មីៗ​នេះ ហ្វីលីពីន ក៏បាន​ព្រមព្រៀង​ផ្តល់​មូលដ្ឋាន​ទ័ពអាកាស​ឲ្យ​អាមេរិក​ប្រាំ​កន្លែង​នៅក្នុង​ទឹកដី​របស់ខ្លួន​ដែល​ក្បែរ​នឹង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​៕ 

Tag:
 ហ្វីលីពីន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com