ជាតិ
សុវត្តិភាព ចរាចរណ៍
ប្រាក់ពិន័យចរាចរណ៍៖សម្ដេច ស ខេង បញ្ជាឲ្យបែងចែកទៅអង្គភាព និងឧបត្ថម្ភមន្ត្រី
× ប្រាក់ចំណូលបានពីការពិន័យចំពោះអំពើល្មើលច្បាប់ចរាចរណ៍ ត្រូវផ្ទេរចូលថវិកាជាតិតែចំនួន ៤ភាគរយប៉ុណ្ណោះ នៅសល់ពីនេះ នឹងត្រូវបែងចែកសម្រាប់ប្រើប្រាស់ក្នុងអង្គភាពចរាចរណ៍ថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងយកទៅឧបត្ថមមន្ត្រីចរាចរណ៍ ដែលខិតខំបំពេញភារកិច្ច។ បើតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៣ ឧសភា។
លិខិតណែនាំដែលចុះហត្ថលេខាដោយសម្ដេច ស ខេង បានបញ្ជាក់ថា អធិការនគរបាលដ្ឋាន ខណ្ឌ ក្រុង ស្រុក ត្រូវរក្សាទុកចំណូលប្រចាំថ្ងៃ១០០ភាគរយ ក្នុងគណនីអង្គភាព ហើយត្រូវបង្វែរប្រាក់ចំណូលប្រចាំខែចូលគណនីស្នងការដ្ឋាននគរបាលជាតិ រួមទាំងរបាយការណ៍ពាក់ព័ន្ធផងដែរ។
សេចក្ដីណែនាំដដែលបន្តថា ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវបូកសរុបចំណូលប្រចាំខែ១០០ភាគរយ ហើយត្រូវបែងចែកបង្វែរប្រាក់ចំណូលចំនួន១៦ភាគរយ ចូលគណនីរបស់នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ ខណៈប្រាក់ពិន័យចំនួន ៩ ភាគរយផ្សេងទៀត ត្រូវរំលែកទៅការិយាល័យចរចរណ៍ផ្លូវគោករាធានី-ខេត្ត ដើម្បីប្រើប្រាស់ក្នុងអង្គភាព និងឧបត្ថមមន្ត្រី។
ជាមួយគ្នានេះប្រាក់ចំណូលបានមកពីពិន័យចំនួន៧៥ភាគរយ ត្រូវបង្វែរចូលគណនីអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ដើម្បីបែងចែកដោយប្រាក់ពិន័យចំនួន ៥ ភាគរយត្រូវផ្ទេរទៅផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោគស្រុក-ខណ្ឌ ដើម្បីពង្រឹងការងារអង្គភាព និងឧបត្ថមដល់មន្ត្រី ហើយប្រាក់ពិន័យចំនួន ៧០ ភាគរយទៀត ទៅឲ្យមន្ត្រីចរាចរណ៍ផ្លូវគោកថ្នាក់ស្រុក-ខណ្ឌ និងមន្ត្រីផ្សេងទៀតដែលចូលរួមបំពេញភារកិច្ចនៅនឹងកន្លែង។
ក្រៅពីនេះនាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោកនិងសណ្ដាប់ធ្នាប់សាធារណៈ ត្រូវបូកសរុបប្រាក់ចំណូល១៦ភាគរយ ប្រាក់ចំណលបានមកពិន័យចំនួន ១០ ភាគរយត្រូវបែងចែកទៅនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់ និងបង្វែរប្រាក់ចំណូលចំនួន ៦ ចូលគណនីរបស់រដ្ឋទេយ្យករចំណូលអមក្រសួងមហាផ្ទៃ ដោយក្នុងនោះ៤ភាគរយត្រូវបង់ចូលថវិកាជាតិ និង ១ ភាគរយទៀត ត្រូវជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយ១ភាគរយទៀត ត្រូវជូនអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ៕
Tag:
ចរាចរណ៍
ប្រាក់ពិន័យ
© រក្សាសិទ្ធិដោយ thmeythmey.com