អន្តរជាតិ
ឥទ្ធិពលអឺរ៉ុបធ្លាក់ចុះ ដោយសារបញ្ហាមិនចេះអស់
× សហភាពអឺរ៉ុបដែលធ្លាប់តែខ្លាំងនិងមានឥទ្ធិពល ត្រូវបានមើលឃើញថា កំពុងតែរួមរឹតដោយវិបត្តិជាច្រើន ដែលរួមទាំងវិបត្តិហិរញ្ញវត្ថុក្នុងបណ្ដាប្រទេសជាសមាជិក គម្រោងចាកចេញរបស់អង់គ្លេស និងវិបត្តិជនភៀសខ្លួនដែលហូរចូលឥតឈប់ពីតំបន់ជម្លោះនៅមជ្ឈិមបូព៌ា។ បញ្ហាទាំងនេះ ធ្វើឲ្យមេដឹកនាំអឺរ៉ុបវិលមុខយ៉ាងខ្លាំង ព្រោះបើមិនមានការដោះស្រាយទាន់ពេលទេនោះ តំបន់អឺរ៉ុបតែមួយនឹងប៉ះពាល់មិនខាន។
ចាប់តាំងពីបង្កើតក្នុងឆ្នាំ១៩៥៧ សហភាពអឺរ៉ុបជាអង្គការតំបន់ដែលមានទម្ងន់លើឆាកអន្តរជាតិ មានតួនាទីសំខាន់លើវិស័យសន្តិសុខ សេដ្ឋកិច្ច និងការដោះស្រាយបម្រែបម្រួលអាកាសធាតុជាដើម។ ប៉ុន្តែ បច្ចុប្បន្ននេះ អឺរ៉ុបកំពុងតែប្រឈមមុខនឹងបញ្ហាជាច្រើនដែលធ្វើឲ្យឥទ្ធិពលអង្គការមួយនេះធ្លាក់ចុះ និងឈានដល់ការបែកបាក់ទៀតផង ខណៈដែលរដ្ឋជាសមាជិកខ្លះមានគិតតែផលប្រយោជន៍របស់ខ្លួន ជាជាងផលប្រយោជន៍រួមរបស់អឺរ៉ុប។
ជាមួយនឹងបញ្ហាដែលកើតឡើង នៅថ្ងៃទី៥ ខែឧសភា ប្រមុខស្ថាប័នកំពូលទាំងបីរបស់អឺរ៉ុប បានមកជួបគ្នាដើម្បីពិភាក្សាបញ្ហាសោះកក្រោះរវាងរដ្ឋជាសមាជិក។ យ៉ាងណាក្ដី ប្រធានស្ថាប័នទាំងបី រួមមានសភាអឺរ៉ុប គណៈកម្មាការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប បង្ហាញថា តំបន់អឺរ៉ុបទាំង២៨ប្រទេស គឺខ្វះភាពជាអ្នកដឹកនាំ ហើយកំពុងក្លាយជាអង្គការដែលមិនសូវសំខាន់ ដោយសារសមាជិកមិនគិតផលប្រយោជន៍រួម។
ក្នុងជំនួបនៅទីក្រុងរ៉ូម ប្រធានសភាអឺរ៉ុបលោក Martin Schulz បង្ហាញការសោកស្ដាយចំពោះមេដឹកនាំរដ្ឋជាសមាជិក ដែលកំពុងតែរកវិធីដោះស្រាយវិបត្តិដែលមានមិនឈប់។ លោកនិយាយថា ក្នុងក្រុមប្រឹក្សាអឺរ៉ុបមិនសូវមានរដ្ឋបុរស ដែលចេញមុខដោះស្រាយបញ្ហានោះទេ តែសម្បូរដោយអ្នកដែលគិតតែប្រយោជន៍។ មិនមែនមានតែលោក Schulz ទេដែលព្រួយពីអនាគតរបស់អឺរ៉ុប។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk ក៏បញ្ជាក់ដែរថា គំនិតនៃរដ្ឋអឺរ៉ុបតែមួយ ទស្សនវិស័យតែមួយ គ្រាន់តែជាការបំភ័ន្តភ្នែកប៉ុណ្ណោះ។
ជាប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Tusk ត្រូវទទួលខុសត្រូវទាញរដ្ឋជាសមាជិកអឺរ៉ុបទាំងអស់ មានសំឡេងតែមួយ និងស្និទ្ធនឹងគ្នា។ ប៉ុន្តែបញ្ហានេះ គឺកាន់តែលំបាក នៅចំពេលដែលអឺរ៉ុបកំពុងតែរងវិបត្តិយ៉ាងធ្ងន់ធ្ងរ ជាពិសេសលំហូរជនភៀសខ្លួនពីស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន និងការចាកចេញរបស់ចក្រភពអង់គ្លេស។
១. សហភាពអឺរ៉ុបប្រេះឆា ដោយសារវិបត្តិជនភៀសខ្លួន
លំហូរជនភៀសខ្លួនពីតំបន់មជ្ឈិមបូព៌ាចូលតំបន់អឺរ៉ុប ជាបញ្ហាក្ដៅបំផុតដែលនៅមិនទាន់មានដំណោះស្រាយនៅឡើយ បើទោះជាអឺរ៉ុបកំពុងចរចាជាមួយតួកគីរឿងបញ្ជូនជនភៀសខ្លួនត្រលប់ទៅវិញក៏ដោយ។ ជាមួយគ្នានេះ សមាជិកអឺរ៉ុបមួយចំនួនទៀត មិនព្រមទទួលជនភៀសខ្លួន ដែលអឺរ៉ុបបែងចែកកូតាក្នុងចំណោមសមាជិកនោះទេ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuter ក្នុងជំនួបថ្ងៃទី៥ ខែឧសភា ប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker រិះគន់ដល់រដ្ឋជាសមាជិកខ្លះដែលមិនគោរពការសម្រេចរបស់ស្ថាប័នកំពូលអឺរ៉ុប ដោយលោកចែកសមាជិកអឺរ៉ុបជាពីរប្រភេទ គឺសមាជិកដែលចូលរួមដោះស្រាយបញ្ហា និងប្រទេសដែលចាំតែទទួលផល។ លោកបន្ថែមថា ប្រទេសចាំទទួលផល គឺប្រទេសដែលទទួលជំនួយច្រើនជាងគេពីអឺរ៉ុប ដែលនោះលោកចង់សំដៅដល់សមាជិកថ្មីមកពីអឺរ៉ុបខាងកើត។
ដោយមិនបញ្ចេញឈ្មោះប្រទេស ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Tusk និយាយដែរថា សមាជិកថ្មីទាំងនោះ តែងប្រឆាំងនឹងការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិជនភៀសខ្លួន សម្រាប់ប្រទេសទាំងនោះ។ ក្រិក និងអ៊ីតាលី ជាច្រកចូលសំខាន់របស់ជនភៀសខ្លូន ក្នុងដំណើរមកអឺរ៉ុប ប៉ុន្តែជាមួយនឹងចំនួនសន្ធឹកសន្ធាប់នៃជនភៀសខ្លួន ប្រទេសទាំងពីរបានស្នើឲ្យរដ្ឋអឺរ៉ុបផ្សេងទៀត ជួយរំលែកបន្ទុកដ៏ធ្ងន់នេះ។
យ៉ាងណាមិញ រដ្ឋជាសមាជិកខ្លះដូចជា ហុងគ្រី ប៉ូឡូញ ឆែក និងស្លូវ៉ាគី បដិសេធផែនការរបស់គណៈកម្មាការអឺរ៉ុប ដែលចង់ប្រើប្រព័ន្ធកូតាក្នុងការទទួលជនភៀសខ្លួន។ លើសពីទៅទៀតនេះ ប្រទេសទាំងនេះក៏ចោទប្រកាន់អឺរ៉ុបថា ព្យាយាមគំរាមខ្លួន។ មិនតែប៉ុណ្ណោះ រដ្ឋសមាជិកខ្លះទៀត ថែមទាំងចាត់វិធានការដោយឯកតោភាគី ដោយបានបិទព្រំដែន និងសាងសង់របងតាមព្រំដែន ក្នុងគោលដៅទប់ស្កាត់លំហូរជនភៀសខ្លួន។
២. អឺរ៉ុបនឹងធ្លាក់ចុះឥទ្ធិពល ដោយសារការចាកចេញរបស់អង់គ្លេស
បន្ថែមពីលើវិបត្តិជនភៀសខ្លួន អឺរ៉ុបត្រូវដោះស្រាយបញ្ហាធំមួយទៀតគឺរារាំងការចាកចេញរបស់អង់គ្លេស។ ប្រសិនបើអង់គ្លេសពិតជាចាកចេញមែននោះ វាច្បាស់ណាស់ថា ទឹកមាត់អឺរ៉ុប ទំនងជាលែងប្រៃទៀតហើយ។ អង់គ្លេសជារដ្ឋសមាជិកដែលមានសេដ្ឋកិច្ចធំលំដាប់ទីពីររបស់អឺរ៉ុប និងតែងមានតួនាទីនាំមុខលើការងាររបស់សហភាពអឺរ៉ុប ក៏ដូចជានៅក្នុងសម្ព័ន្ធយោធាណាតូ។
សូមបញ្ជាក់ថា ពលរដ្ឋអង់គ្លេសនឹងសម្រេចលើការចាកចេញពីតំបន់អឺរ៉ុប ក្នុងប្រជាមតិថ្ងៃទី២៣ ខែមិថុនា ខាងមុខ។ នៅមុនមកដល់ថ្ងៃធ្វើប្រជាមតិ នាយករដ្ឋមន្ត្រីអង់គ្លេស ដេវីដ ខេមេរ៉ូន (David Cameron) កំពុងដុតដៃដុតជើងក្នុងយុទ្ធនាការបញ្ចុះបញ្ចូលឲ្យពលរដ្ឋអង់គ្លេស ជ្រើសរើសបន្តស្ថិតក្នុងតំបន់អឺរ៉ុប ជាជាងចាកចេញ។
ទាក់ទិននឹងបញ្ហានេះ សូម្បីប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក៏ស្នើឲ្យអង់គ្លេសបន្តជាសមាជិកអឺរ៉ុបដែរ។ នេះក៏ដោយសារតែ ការចាកចេញរបស់អង់គ្លេស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិក នឹងធ្វើឲ្យអឺរ៉ុបបាត់បង់ឥទ្ធិពល ជាពិសេសចំពេលដែលរុស្សី កំពុងតែពង្រឹងកម្លាំងនៅព្រំដែនជាមួយអឺរ៉ុបភាគខាងកើត។ អាមេរិកចង់ឲ្យអឺរ៉ុបរួបរួមគ្នា ដើម្បីទប់ទល់ការពង្រីកអំណាចរបស់អតីតគូសត្រូវសម័យសង្គ្រាមត្រជាក់ តាមរយៈការពង្រឹងសមត្ថភាពរបស់សម្ព័ន្ធយោធាណាតូ ដែលអាមេរិកបង្កើតតាំងពីឆ្នាំ១៩៤៩៕
© រក្សាសិទ្ធិដោយ thmeythmey.com