អន្តរជាតិ
លោក ដូណាល់ ត្រាំ ចង់ឃើញការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប
× វាជារឿងមិនគួរឲ្យជឿ ដែលអនាគតប្រធានាធិបតីអាមេរិ ដូណាល់ ត្រាំ ថាលោក គាំទ្រការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប។ លោកពន្យល់ថា អង់គ្លេសនឹងកាន់តែប្រសើរជាងពេលនេះបើដើរចេញ ។ គំនិតនេះផ្ទុយទាំងស្រុងពីការពិត និងអ្វីដែលលោក បារ៉ាក់ អូបាម៉ា កំពុងធ្វើ។
«អង់គ្លេសនឹងខាតបង់ ពេលដើរចេញពីសហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុបនឹងចុះទន់ខ្សោយ ដូចគ្នា»។ នេះជាការលើកឡើងរបស់អ្នកគាំទ្របេក្ខភាពអង់គ្លេសក្នុងសហភាពអឺរ៉ុប ក្នុងនោះមានលោក បារ៉ាក់ អូបាម៉ាផង។
តែផ្ទុយស្រឡះ បេក្ខជនប្រធានាធិបតី និងអាចជាអនាគតប្រធានាធិបតីអាមេរិកផង លោក ដូណាល់ ត្រាំ នោះបានលើកឡើងថា «អង់គ្លេសនឹងប្រសើរឡើង កាលណាបើចាកចេញពីសហភាពអឺរ៉ុប»។ ជាការពិតលោក ក៏បានបញ្ជាក់ហើយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ម្សិលមិញទី ៥ ឧសភា បែបនេះ តែលោកព្យាយាមពន្យល់ថា លោកមិនមែនកំពុងជំរុញឲ្យប្រជាជនអង់គ្លេសបោះឆ្នោតគាំទ្រចាកចេញទី។ ព្រោះអ្វីគ្រប់យ៉ាងស្ថិតក្រោមការសម្រេចចិត្តរបស់ប្រជាជន។
លោកថា៖ «ខ្ញុំយល់ថា បញ្ហាជនអន្តោប្រវេសន៍ក្លាយជារឿងអាក្រក់បំផុតនៅអឺរ៉ុប។ ខ្ញុំអាចនិយាយថា ប្រជាជនអង់គ្លេសនឹងប្រសើរឡើង ដោយគ្មានបន្ទុករឿងជនអន្តោប្រវេសន៍ទាំងនោះ។ តែខ្ញុំមិនបានយកការលើកឡើងរបស់ខ្ញុំពេលនេះជាអនុសាសន៍សម្រាប់ប្រជាជនអង់គ្លេសឡើយ។ តែខ្ញុំចង់ឲ្យប្រជាជនសម្រេចចិត្តដោយខ្លួនឯង»។
ថ្វីបើលោកព្យាយាមពន្យល់បែបនេះក្តី ការលើកឡើងរបស់លោក ដូណាល់ ត្រាំ កន្លងមកបង្ហាញច្បាស់ថា លោកចង់ឃើញការដើរចេញពីរបស់អង់គ្លេសពីសហភាពអឺរ៉ុប។ និន្នាការរបស់លោក វាផ្ទុយស្រឡះពីគោលនយោបាយរដ្ឋបាលអាមេរិកបច្ចុប្បន្ន ហើយវានឹងធ្វើឲ្យបញ្ហាកើតឡើងច្រើនដែរ។
អ្នកវិភាគជាច្រើននាក់បានព្រមានជាស្រេចពីការដើរចេញរបស់អង់គ្លេសជាហូរហែរ ព្រោះការបោះឆ្នោតប្រជាមតិក្នុងចំណោមប្រជាជនអង់គ្លេសនឹងចាប់ផ្តើមនៅថ្ងៃ ២៣ មិថុនាខាងមុខនេះផង។ ការដើរចេញរបស់អង់គ្លេស ក្រៅពីខាតបង់ប្រយោជន៍ខ្លួនឯង សហភាពអឺរ៉ុបក៏នឹងកាន់តែបែកខ្ញែកគ្នា និងកាន់តែទន់ខ្សោយដូចគ្នា៕
Tag:
ដូណាល់ ត្រាំ
សហភាពអឺរ៉ុប
អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com